(ប៉េកាំង)៖ ឆ្នាំនេះគឺជាខួបលើកទី៤៥ នៃការអនុវត្តគោលនយោបាយកំណែទម្រង់ និងការបើកចំហររបស់ប្រទេសចិន។ក្នុងរយៈពេល៤៥ឆ្នាំកន្លងមកនេះ ប្រទេសចិនបានធ្វើកំណែទម្រង់យ៉ាងស៊ីជម្រៅ និងពីឬសគល់ក្នុងវិស័យសេដ្ឋកិច្ច នយោបាយ ជីវភាពរស់នៅរបស់ប្រជាជន និងការទូតជាដើម ហើយទទួលបានសមិទ្ធផលគ្រប់ជ្រុងជ្រោយ និងប្រកបដោយលក្ខណៈត្រួសត្រាយ។អាចនិយាយបានថា ចាប់តាំងពីបានអនុវត្តគោលនយោបាយកំណែទម្រង់ និងការបើកចំហរមក ប្រទេសចិនបានកើតមាន បម្រែបម្រួលដូចមេឃនិងដី ដែលមិនត្រឹមតែធ្វើឱ្យប្រជាជនចិន ទទួលបាននូវអត្ថប្រយោជន៍ជាក់ស្តែងប៉ុណ្ណោះទេ ថែមទាំងក៏បានផ្តល់នូវបទពិសោធន៍ជា ឯកសារយោងដល់ការអភិវឌ្ឍរបស់ប្រទេសដទៃទៀត ក៏ដូចជាផ្តល់ផលប្រយោជន៍ជាច្រើន ដល់សហគមន៍អន្តរជាតិផងដែរ។

ជាបឋម កំណែទម្រង់និងការបើកចំហរបានកសាងមូលដ្ឋានគ្រឹះ សម្រាប់ការងើបឡើងនៃសេដ្ឋកិច្ចរបស់ប្រទេសចិន។ តាមរយៈការនាំចូល នូវយន្តការសេដ្ឋកិច្ចទីផ្សារ ប្រទេសចិនបានក្លាយជាប្រទេសមួយ ដែលមានកម្លាំងសេដ្ឋកិច្ចជាក់ស្តែងយ៉ាងខ្លាំងក្លា ដោយជោគជ័យ។GDPរបស់ប្រទេសចិនបានកើនឡើងពី៣៦.៧៩ប៊ីលានយាន់ប្រាក់ចិន ក្នុងឆ្នាំ១៩៧៨ ដល់១១១.៩ទ្រីលានយាន់ប្រាកើចិន ក្នុងឆ្នាំ២០២៣ ដែលបានក្លាយជាអង្គភាពសេដ្ឋកិច្ចធំទីពីរលើពិភពលោក ហើយក៏បានបំពេញបន្ថែមនូវកម្លាំងចលករ ដល់កំណើនសេដ្ឋកិច្ចពិភពលោកផងដែរ។

ទីពីរ ក្នុងនាមជាប្រទេសដែលមានចំនួនប្រជាជនច្រើនជាងគេលើពិភពលោក ប្រទេសចិនបានចិញ្ចឹមចំនួនប្រជាជន ២២ភាគរយនៃចំនួនសរុបលើពិភពលោក តាមរយៈដីស្រែចំនួន៧ភាគរយ នៃពិភពលោកទាំងមូល។ ព្រមពេលជាមួយគ្នានេះ ប្រទេសចិនបានជួយជនក្រីក្រឱ្យបម្រះខ្លួន ចេញផុតពីភាពក្រីក្រ តាមរយៈវិធានការមួយចំនួន ដូចជាកាត់បន្ថយភាពក្រីក្រដោយចំគោលដៅ កាត់បន្ថយភាពក្រីក្រតាមរយៈឧស្សាហកម្ម និងកាត់បន្ថយភាពក្រីក្រ តាមរយៈការអប់រំជាដើម។ យោងតាមស្ថិតិឱ្យដឹងថា ចំនួនប្រជាជនក្រីក្ររបស់ប្រទេសចិន ត្រូវបានកាត់បន្ថយជិត៣០លាននាក់ ក្នុងឆ្នាំ២០២៣ ហើយអត្រានៃភាពក្រីក្រ បានធ្លាក់ចុះមកនៅត្រឹម១.៤ភាគរយ។ ប្រទេសចិនជាប្រទេស ដែលមានប្រជាជនចេញផុតពីភាពក្រីក្រច្រើនជាងគេ លើពិភពលោក ហើយក៏ជាប្រទេសដំបូងគេលើពិភពលោក ដែលសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ សហស្សវត្សរ៍របស់អង្គការសហប្រជាជាតិផងដែរ។ ប្រទេសចិនទទួលបានសមិទ្ធផលអភិវឌ្ឍន៍ និងកាត់បន្ថយភាពក្រីក្រ ដែលគួរឱ្យកត់សម្គាល់លើពិភពលោក ដោយបានរួមចំណែកតម្រិះប្រាជ្ញារបស់ប្រទេសចិន ដល់បុព្វហេតុកាត់បន្ថយភាពក្រីក្រពិភពលោក ក៏ដូចជាបានបង្កើតជាគំរូដល់ បណ្តាប្រទេសនានាលើពិភពលោក ជាពិសេសគឺប្រទេសកំពុងអភិវឌ្ឍន៍។

ទីបី កំណែទម្រង់និងការបើកចំហរក៏បានជំរុញកាងើបឡើង របស់ប្រទេសចិននៅលើឆាកអន្តរជាតិផងដែរ។ ប្រទេសចិនបានចូលរួមយ៉ាងសកម្ម ក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងជំរុញយ៉ាងសកម្មនូវពហុភាគីនិយម និងដំណើរធ្វើសកលភាវូបនីយកម្ម។ គំនិតផ្តួចផ្តើម "ខ្សែក្រវាត់និងផ្លូវ" ដែលលើកឡើងដោយប្រទេសចិន បានរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញការតភ្ជាប់គ្នានៅទ្វីបអឺរ៉ាស៊ី។ប្រទេសចិនបានរួមចំណែកយ៉ាងសំខាន់ ក្នុងការគាំពារសន្តិភាពនិងស្ថិរភាពពិភពលោក ក៏ដូចជាជំរុញការអភិវឌ្ឍរួម។

នាពេលបច្ចុប្បន្ន ប្រទេសចិនបានក្លាយជាដៃគូពាណិជ្ជកម្មដ៏សំខាន់ របស់ប្រទេសនិងតំបន់ចំនួនជាង១៤០។ អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិព្យាករណ៍ថា ឆ្នាំនេះ អត្រារួមចំណែកនៃសេដ្ឋកិច្ចចិន នៅតែនឹងលើសពី៣០ភាគរយដដែល។ យើងអាចឃើញថា ជានិច្ចកាលប្រទេសចិនតែងតែ ជាក្បាលម៉ាស៊ីនដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចពិភពលោក ដែលមានសារៈសំខាន់ជាពិសេស ខណៈពេលដែលការងើបឡើងវិញ នៃសេដ្ឋកិច្ចពិភពលោកមានភាពទន់ខ្សោយនៅឡើយ។

“ទ្វារសម្រាប់ការបើកចំហររបស់ប្រទេសចិននឹងមិនបិទឡើយ ហើយនឹងបើកចំហររឹតតែធំទៀត”។ កំណែទម្រង់និងការបើកចំហរ របស់ប្រទេសចិនមិនត្រឹមតែជំរុញការអភិវឌ្ឍរបស់ប្រទេសចិនប៉ុណ្ណោះទេ ថែមទាំងក៏មានអំណោយផលដល់ពិភពលោកផងដែរ៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន