(សេអ៊ូល)៖ ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា លោក Chang Ho-jin នឹងក្លាយជាទីប្រឹក្សាសន្តិសុខជាតិថ្មី របស់ប្រទេសអាស៉ីបូព៌ាមួយនេះ ខណៈលោកគឺជាអ្នកការទូតជើងចាស់ម្នាក់ ដែលមានបទពិសោធយ៉ាង​ទូលំទូលាយ ខាងកិច្ចការពាក់ព័ន្ធសហរដ្ឋអាមេរិក ហើយនិងកូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី២៨ ខែធ្នូ ឆ្នាំ២០២៣។

លោក Chang វ័យ៦២ឆ្នាំ នឹងត្រូវកាន់តំណែងជាទីប្រឹក្សាសន្តិសុខជាតិថ្មី បន្តពីលោក Cho Tae-yong ដែលកាលពីពេលថ្មីៗនេះ ទើបតែត្រូវ​បានផ្លាស់ឱ្យទៅកាន់តួនាទីជា ប្រមុខបណ្តាញចារកម្មថ្មីរបស់កូរ៉េខាងត្បូង។ ការតែងតាំងរូបលោកកើតមានឡើង ស្របពេលដែលទីក្រុងសេអ៊ូល កំពុងព្យាយាមឆ្លងកាត់ស្ថានភាពផ្នែកសន្តិសុខ ដែលកាន់តែស្មុគស្មាញខ្លាំងឡើងៗ នៅតំបន់អាស៉ីឦសាននិងកន្លែងផ្សេងទៀត ព្រមទាំងត្រៀមសម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក នាឆ្នាំក្រោយ។

ភាពតានតឹងជាមួយកូរ៉េខាងជើង បានកើនឡើងនៅក្នុងឆ្នាំនេះ បន្ទាប់ពីទីក្រុងព្យុងយ៉ាង បានបាញ់បង្ហោះផ្កាយរណបចារកម្មដំបូងបំផុត ហើយបានបាញ់តេស្តមីស៉ីលបាលិស្ទីគអន្តរទ្វីប (ICBM) សាជាថ្មី ខណៈទីក្រុងសេអ៊ូល បានពង្រឹងសម្ព័ន្ធភាពជាមួយសហរដ្ឋអាមេរិក និងបង្កើនទំនាក់ទំនងផ្នែកសន្តិសុខជាមួយជប៉ុន។

គួរបញ្ជាក់ថា ការតែងតាំងលោក Chang ស្ថិតក្នុងផ្នែកនៃការរុះរើមន្រ្តីថ្មីចុងក្រោយបំផុតរបស់លោក Yoon ដែលរួមមានទាំង ការផ្ទេរ​ប្រមុខគោលនយោបាយរបស់លោក គឺលោក Lee Kwan-sup ឱ្យទៅកាន់តំណែងជាប្រធានខុទ្ទកាល័យ ហើយលោក Sung Tae-yoon សេដ្ឋវិទូនៃសាកលវិទ្យាល័យ Yonsei University ត្រូវមកជំនួសតំណែងចាស់ របស់លោក Lee វិញ។ មិនតែប៉ុណ្ណោះ លោក Kim Hong-kyun ដែលជាអតីតអ្នកចរចាបញ្ហានុយក្លេអ៊ែរ ជំនាញខាងកិច្ចការកូរ៉េខាងជើង ក៏ត្រូវបានជ្រើសរើសឱ្យធ្វើជា​អនុរដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង ផងដែរ៕

រូបភាពពី Reuters