(ប៉េកាំង)៖ ក្រសួងការពារជាតិចិននៅថ្ងៃព្រហស្បតិ៍នេះ បានចោទប្រកាន់រដ្ឋាភិបាលតៃវ៉ាន់ថា មានចេតនាបំផុសបំផុល អំពីការគំរាមកំហែងផ្នែកយោធាពីសំណាក់ចិន ដើម្បីទាក់ទាញរកសំឡេងឆ្នោត មុនការបោះឆ្នោតជ្រើសរើសមេដឹកនាំអាណត្តិថ្មី របស់ដែនកោះមួយនេះ ដែលនឹងប្រព្រឹត្តទៅក្នុងពេលជាង ២សប្តាហ៍ទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី២៨ ខែធ្នូ ឆ្នាំ២០២៣។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំង អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Wu Qian បាននិយាយថា រដ្ឋាភិបាលតៃវ៉ាន់ គឺជាមូលហេតុនៃការកើនឡើង នូវភាពតានតឹងរវាងភាគីទាំងពីរ។ លោក Wu បានលើកឡើងដូច្នេះថា «អាជ្ញាធរនៃគណបក្សកាន់អំណាច DPP កំពុងតែខំប្រឹងបំប៉ោងដោយចេតនា អំពីអ្វីដែលពួកគេហៅថា «ការគំរាមកំហែងយោធា» ពីចិន ហើយនិយាយបំផ្លើសកម្រិតនៃភាពតានតឹង។ នេះគឺជាការប៉ុនប៉ងស្វែងរកផលប្រយោជន៍ សម្រាប់ការបោះឆ្នោតសុទ្ធសាធ»។
កាលពីថ្ងៃអង្គារសប្តាហ៍នេះ ក្រសួងការពារជាតិតៃវ៉ាន់ បាននិយាយថា ខ្លួនមើលមិនឃើញសញ្ញាណាមួយ នៃការត្រៀមធ្វើសកម្មភាពយោធាទ្រង់ទ្រាយធំរបស់ចិន នៅមុនការបោះឆ្នោតនាខែក្រោយនោះទេ ប៉ុន្តែនឹងមិនធ្វេសប្រហែសឡើយ គឺនឹងបន្តការឃ្លាំមើលឱ្យដិតដល់លើចិន។ អំលុងពេលប្រមាណជាង ១ឆ្នាំកន្លះមកនេះ ចិនធ្លាប់បានធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ ចំនួន២លើក នៅក្បែរកោះតៃវ៉ាន់។ ក្នុងនោះមួយលើកធ្វើឡើង អំលុងទស្សនកិច្ចរបស់លោកស្រី Nancy Pelosi មកកាន់ទីក្រុងតៃប៉ិ កាលពីខែសីហា ឆ្នាំ២០២២ ខណៈកាលនោះ លោកស្រីគឺជាប្រធានសភាតំណាងរាស្រ្តអាមេរិក។ រីឯមួយលើកទៀតធ្វើឡើង អំលុងជំនួបនៅរដ្ឋ California នៃសហរដ្ឋអាមេរិក កាលពីខែមេសា ឆ្នាំនេះ រវាងមេដឹកនាំតៃវ៉ាន់ លោកស្រី Tsai Ing-wen ជាមួយលោក Kevin McCarthy ដែលពេលនោះ កាន់តំណែងជាប្រធានសភាតំណាងរាស្រ្តអាមេរិក បន្ទាប់ពីលោកស្រី Pelosi។
គួរបញ្ជាក់ថា តៃវ៉ាន់ត្រូវចិនចាត់ទុកជាផ្នែកមិនអាចកាត់ផ្តាច់បានដាច់ខាត នៃទឹកដីរបស់ខ្លួន។ ទីក្រុងប៉េកាំង មានការមិនពេញចិត្តនោះឡើយទាំងចំពោះបក្ស DPP និងចំពោះបេក្ខជនមេដឹកនាំតៃវ៉ាន់ថ្មីរបស់គណបក្សនេះ គឺមេដឹកនាំរងតៃវ៉ាន់បច្ចុប្បន្ន លោក Lai Ching-te ដែលកំពុងមានសំឡេងប្រជាប្រិយភាពនាំមុខគេ សម្រាប់ការបោះឆ្នោតនាដើមឆ្នាំក្រោយ។ តៃវ៉ាន់នឹងរៀបចំការបោះឆ្នោតជ្រើសរើសមេដឹកនាំ និងការបោះឆ្នោតសភាអាណត្តិថ្មី នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤៕
រូបភាពពី Reuters