(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន រំពឹងថានឹងបង្ហាញការឆ្លើយតបជាអន្តរជាតិយ៉ាងម៉ឺងម៉ាត់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទីរបស់យេម៉ែន លើការដឹកជញ្ជូននៅឯតំបន់សមុទ្រក្រហម តាមរយៈការបង្កើតកងកម្លាំងចម្រុះ ប៉ុន្តែមួយសប្តាហ៍ក្រោយការប្រកាសរបស់ខ្លួន មានសម្ព័ន្ធមិត្តខ្លះមិនចង់ពាក់ព័ន្ធជាសាធារណៈ ឬមិនចង់ចូលរួមតែម្តង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែធ្នូ ឆ្នាំ២០២៣។

សម្ព័ន្ធមិត្តចំនួនពីររបស់សហរដ្ឋអាមេរិក ដែលមាននៅក្នុងបញ្ជីចូលរួមធ្វើប្រតិបត្តិការ Prosperity Guardian គឺអេស្ប៉ាញ និងអ៉ីតាលី
បានចេញសេចក្តីថ្លែងការណ៍រៀងៗខ្លួន ដែលមើលទៅហាក់ដូចជាមិនចង់ពាក់ព័ន្ធនឹងកងកម្លាំងចម្រុះនេះ។ បើតាមមន្ទីរបញ្ចកោណ កងកម្លាំងចម្រុះនេះមានការចូលរួមពីគឺប្រទេសជាង ២០ ប៉ុន្តែរហូតមកដល់ពេលនេះ ជិតពាក់កណ្តាលនៃចំនួនប្រទេសទាំងនោះ មិនបានចេញមុខទទួលស្គាល់ការចូលរួមរបស់ខ្លួន ឬអនុញ្ញាតឲ្យសហរដ្ឋអាមេរិកធ្វើដូច្នេះទេ រាប់ចាប់តាំងពីការបញ្ជូននាវាចម្បាំង រហូតដល់ការបញ្ជូនមន្ត្រីបុគ្គលិក។

លោក David Hernandez សាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យ Complutense នៃទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ បានគូសបញ្ជាក់ថា «រដ្ឋាភិបាលអឺរ៉ុបមានការព្រួយបារម្ភយ៉ាងខ្លាំងថា ចំណាត់ការការគាំទ្ររបស់ពួកគេ នៅក្នុងកងកម្លាំងចម្រុះនេះ អាចបកមកប្រឆាំងពួកគេវិញ ហើយសាធារណជនអឺរ៉ុបកំពុងរិះគន់អ៉ីស្រាអែលកាន់តែខ្លាំង និងប្រយ័ត្នខ្លួនខ្លាចធ្លាក់ចូលទៅក្នុងជម្លោះ»

គួរបញ្ជាក់ថា ក្រុមហ៊ូទី គាំទ្រដោយអ៉ីរ៉ង់ បានបើកការវាយប្រហារដោយមីស៉ីល និងយន្តហោះដ្រូនលើកប៉ាល់ពាណិជ្ជកម្មជាច្រើនគ្រឿង ចាប់តាំងពីថ្ងៃទី១៩ ខែវិច្ឆិកាមក។ សមុទ្រក្រហមគឺជាច្រកចូលសម្រាប់កប៉ាល់ដឹកទំនិញ ដែលគ្រប់គ្រងប្រហែល ១២ភាគនៃពាណិជ្ជកម្មទូទាំងពិភពលោក ហើយមានសារៈសំខាន់សម្រាប់សកម្មភាពដឹកជញ្ជូនទំនិញរវាងតំបន់អាស៉ី និងអឺរ៉ុប។ ការវាយប្រហាររបស់ក្រុមហ៊ូទី ឲ្យកប៉ាល់ដឹកទំនិញមួយចំនួនបង្ខំចិត្តប្តូរទិសដៅទីកាន់ឆ្នេរភាគខាងលិចនៃតំបន់អាហ្រ្វិក ដោយបង្កើនពេលវេលា និងការចំណាយយ៉ាងច្រើន៕