(តូក្យូ)៖ ទីភ្នាក់ងារអវកាសជប៉ុនបានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួននឹងព្យាយាមបាញ់បង្ហោះរ៉ុក្កែតអវកាសជំនាន់ថ្មីម្តងទៀត នៅខែកុម្ភៈ ឆ្នាំ២០២៤ ក្រោយទទួលបរាជ័យ២លើក នៅក្នុងឆ្នាំនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី២៨ ខែធ្នូ ឆ្នាំ២០២៣។

ទីភ្នាក់ងារអវកាសជប៉ុន JAXA បានឱ្យដឹងក្នុងសេចក្តីប្រកាសព័ត៌មានថា រ៉ុក្កែត H-3 ត្រូវបានកំណត់ពេលវេលាថា នឹងត្រូវបាញ់បង្ហោះនៅខ្ទង់ចន្លោះម៉ោង៩៖២២នាទីព្រឹក និងម៉ោង១៖០៦នាទីរសៀល ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ចេញពីកោះ Tanegashima ភាគខាងត្បូងប្រទេសជប៉ុន។ វានឹងក្លាយជាការព្យាយាមបាញ់បង្ហោះលើកទី៣ បន្ទាប់ពីរ៉ុក្កែតនេះត្រូវបានបង្ខំឱ្យកម្ទេចខ្លួនចោល កាលពី​ខែមីនា នៅពេលមជ្ឈមណ្ឌលគ្រប់គ្រងសន្មត់ថា បេសកកម្មវាមិនអាចទទួលជោគជ័យ។ រីឯការប៉ុនប៉ងលើកដំបូងបង្អស់ កាលពីខែកុម្ភៈ ដែលត្រូវបានពន្យារហួសពេលកំណត់ប៉ុន្មានឆ្នាំ ក៏បានបរាជ័យដូចគ្នាដែរ នៅពេលម៉ាស៉ីនប៊ូស្ទើរបស់វា បញ្ឆេះមិនឆេះ។ អភិវឌ្ឍឡើងដោយ​ក្រុមហ៊ុន Mitsubishi Heavy Industries រ៉ុក្កែត H3 ត្រូវជប៉ុនរំពឹងប្រើប្រាស់ជាចម្បង ជំនួសរ៉ុក្កែតស៊េរីចាស់ H-IIA ដែលបាន​ដំណើរការដំបូង តាំងតែពីឆ្នាំ២០០១។

គួរបញ្ជាក់ថា ក្នុងសប្តាហ៍នេះ ជប៉ុនទើបតែទទួលជោគជ័យ ក្នុងការនាំយកយានរ៉ូបូតអវកាស SLIM មានរហស្សនាមថា Moon Sniper ចូលទៅដល់គន្លងរបស់ព្រះចន្ទ ប៉ុន្តែប្រទេសអាស៉ីមួយនេះ បានជួបប្រទះភាពបរាជ័យជាបន្តបន្ទាប់ ពាក់ព័ន្ធខាងវិស័យអវកាស។ តួយ៉ាង កាលពីឆ្នាំមុន រ៉ុក្កែត Epsilon ដែលធ្លាប់ប្រើប្រាស់ដោយរហូនជាធម្មតា ស្រាប់តែត្រូវបង្ខំឱ្យបំផ្ទុះខ្លួនវាចោល ក្រោយប្រទះឃើញ​មានបញ្ហា។ ចំណែក កាលពីខែកក្កដា ឆ្នាំនេះវិញ ការធ្វើតេស្តម៉ាស៉ីនរ៉ុក្កែត Epsilon S ដែលជាស៊េរីថ្មីលើស៊េរី Epsilon បានបញ្ចប់ទៅ​ដោយការផ្ទុះយ៉ាងធំសម្បើមមួយ នៅរយៈពេល៥០វិនាទី ក្រោយការបញ្ឆេះម៉ាស៉ីនរ៉ុក្កែតនោះ៕

រូបភាពពី AFP