(ណៃពិដោ)៖ ស្ថានទូតចិនប្រចាំមីយ៉ាន់ម៉ា នៅថ្ងៃព្រហស្បតិ៍នេះថា បានប្រាប់ឱ្យពលរដ្ឋចិននាំគ្នាចាកចេញពី តំបន់មួយស្ថិតក្នុងរដ្ឋ Shan ភាគខាងជើងប្រទេសមីយ៉ាន់ម៉ា ដោយសារហានិភ័យផ្នែកសន្តិសុខ ខណៈដែលក្រុមចលនាប្រដាប់អាវុធជនជាតិភាគតិចមីយ៉ាន់ម៉ា កំពុងបន្ត​ការប្រយុទ្ធតស៊ូរបស់ពួកគេប្រឆាំងនឹងរដ្ឋាភិបាលយោធា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី២៨ ខែធ្នូ ឆ្នាំ២០២៣។

ការប្រយុទ្ធគ្នាបានផ្ទុះរាលដាលពាសពេញរដ្ឋ Shan របស់មីយ៉ាន់ម៉ា តាំងតែពីខែតុលា ឆ្នាំនេះ បន្ទាប់ពីសម្ព័ន្ធចលនាប្រដាប់អាវុធ រួមមាន Arakan Army (AA), Myanmar National Democratic Alliance Army (MNDAA) និង Ta'ang National Liberation Army (TNLA) បានពួតដៃគ្នាបើកយុទ្ធនាការវាយលុកប្រឆាំង កងកម្លាំងរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា។ មកទល់ឥឡូវ ពួកគេដណ្តើមកាន់កាប់បានក្រុងនិងច្រកព្រំដែនមួយចំនួន ដែលមានសារសំខាន់សម្រាប់ការធ្វើពាណិជ្ជកម្មជាមួយចិន ហើយក្រុមអ្នកវិភាគ​បានហៅវាថា ជាបញ្ហាប្រឈមធំបំផុតខាងផ្នែកយោធា សម្រាប់របបសឹកមីយ៉ាន់ម៉ា គិតចាប់តាំងពីរដ្ឋប្រហារយោធាឆ្នាំ២០២១មក។

ចលនា MNDAA បានប្តេជ្ញាវាយដណ្តើមមកវិញ នូវក្រុងឈ្មោះថា Laukkai ស្ថិតក្នុងតំបន់ ​Kokang ជាប់ព្រំប្រទល់នៃប្រទេសចិន ដែលគ្រប់គ្រងដោយកងជីវពល​គាំទ្ររបបយោធា និងជាកន្លែងសម្បូរទៅដោយសកម្មភាពល្បែងស៉ីសង អំពើពេស្យាចារ និងការឆបោកតាមអនឡាញ។

ស្ថានទូតចិនបាននិយាយក្នុងសេចក្តីថ្លែងការណ៍ដូច្នេះថា «ជម្លោះនៅក្រុង Laukkai និងតំបន់ Kokang ភាគខាងជើងមីយ៉ាន់ម៉ា នៅតែកំពុងបន្ត ហើយហានិភ័យសុវត្ថិភាពបានកើនឡើង សម្រាប់អ្នកដែលនៅទីនោះ។ ដូច្នេះ ស្ថានទូតមីយ៉ាន់ម៉ាសូមក្រើនរំលឹក​សាជាថ្មី ឱ្យពលរដ្ឋចិនទាំងអស់ នៅតំបន់ Kokang ជម្លៀសខ្លួនចេញពីទីនោះ ឱ្យបានឆាប់តាមតែអាចទៅរួច»

គួរបញ្ជាក់ថា ក្នុងខែធ្នូនេះ ទីក្រុងប៉េកាំងបានអះអាងថា ខ្លួនបានជួយសម្រុះសម្រួលឱ្យមានកិច្ចចរចា រវាងរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា និងក្រុមចលនាប្រដាប់អាវុធជនជាតិភាគតិច ទាំង៣ ហើយពួកគេបានឈានដល់ បទឈប់បាញ់បណ្តោះអាសន្នមួយ។ ទោះជាបែបនេះក្តី ការប៉ះទង្គិចគ្នាត្រូវគេសង្កេតឃើញថា បាននៅតែបន្តនៅតាមផ្នែកនៃរដ្ឋ Shan ហើយចលនា TNLA បានអះអាងថា ទើបតែដណ្តើមបាន​ក្រុង២ថែមទៀត ក្នុងពេលថ្មីៗកន្លងទៅនេះ៕

រូបភាពពី AFP