(វីយែន)៖ នៅថ្ងៃព្រហស្បតិ៍នេះ អ្នកការទូតជាន់ខ្ពស់ម្នាក់នៃប្រទេសរុស្ស៉ី បានលើកឡើងថា ហ្វាំងឡង់នឹងក្លាយជាប្រទេសដំបូងគេ ដែលត្រូវរងគ្រោះមិនខានឡើយ ក្នុងករណីដែលភាពតានតឹងរវាងរុស្ស៉ីនិងអង្គការណាតូ (NATO) កើនឡើងកម្តៅកាន់តែខ្លាំង ដ្បិតហ្វាំងឡើងស្ថិតនៅកៀកនឹងរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី២៨ ខែធ្នូ ឆ្នាំ២០២៣។
ហ្វាំងឡង់បានក្លាយជាសមាជិករបស់ NATO ក្នុងឆ្នាំនេះ បន្ទាប់ពីបានរក្សាជំហរអព្យាក្រឹតផ្នែកយោធា អស់រយៈពេលជាច្រើនទសវត្សរ៍។ ទង្វើនោះត្រូវរុស្ស៉ីមើលឃើញថា បានប្រែក្លាយទីក្រុងហែលស៉ិនគី ឱ្យទៅជាតួអង្គអមិត្តមួយ ចំពោះមុខក្រសែភ្នែករបស់ទីក្រុងមូស្គូ។ លោក Mikhail Ulyanov តំណាងអចិន្រ្តៃយ៍របស់រុស្ស៉ីប្រចាំអង្គការអន្តរជាតិ នៅទីក្រុងវីយែន បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ី RIA ថា «កន្លងមក ពួកគេ (ហ្វាំងឡង់) បានរស់នៅដោយភាពស្ងៀមស្ងាត់និងដោយសុខសន្តិភាព ប៉ុន្តែភ្លាមៗស្រាប់តែមកស្ថិតនៅចំណុចកណ្តាល នៃភាពតានតឹងរវាងរុស្ស៉ីនិង NATO ក្នុងនាមជាសមាជិកនៃបក្សសម្ព័ន្ធយោធាលោកខាងលិចនេះ។ យ៉ាងណាមិញ ដោយសារតែពួកគេនៅក្បែរខាងយើង នោះប្រសិនបើមានការកើនឡើងខ្លាំងនៃភាពតានតឹង គឺពួកគេផ្ទាល់នឹងត្រូវរងគ្រោះដំបូងបំផុត»។
គួរបញ្ជាក់ថា ក្នុងខែនេះ រុស្ស៉ីបានព្រមានហ្វាំងឡង់ ជុំវិញកិច្ចព្រមព្រៀងការពារជាតិថ្មីមួយ ដែលបើកសិទ្ធិទូលំទូលាយឱ្យសហរដ្ឋអាមេរិកធ្វើសកម្មភាព នៅក្នុងបរិវេណព្រំប្រទល់របស់ហ្វាំងឡង់ ក្បែរប្រទេសរុស្ស៉ី។ ទន្ទឹមគ្នា ទីក្រុងមូស្គូក៏គ្រោងដាក់ពង្រាយ ប្រព័ន្ធកាំភ្លើងធំស៊េរីចុងក្រោយបង្អស់របស់ខ្លួន ទៅកាន់ព្រំប្រទល់ភាគខាងលិចក្បែរហ្វាំងឡង់ផងដែរ៕
រូបភាពពី Reuters