(មូស្គូ)៖ ឧបនាយករដ្ឋមន្រ្តីរុស្ស៉ី លោក Alexander Novak បាននិយាយកាលពីថ្ងៃពុធសប្តាហ៍នេះថា រុស្ស៉ីបានផ្លាស់ប្តូរទិសដៅនាំចេញប្រេងពីអឺរ៉ុប ទៅកាន់ ប្រទេសចិន និងឥណ្ឌាវិញ ដោយប្រហែលជាពីរឆ្នាំមកហើយចាប់តាំងពីខ្លួន រងទណ្ឌកម្មរបស់លោកខាងលិចជុំវិញសង្រ្គាមនៅអ៊ុយក្រែន។ នេះបើយោងតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែធ្នូ ឆ្នាំ២០២៣។

លោក Novak ដែលទទួលបន្ទុកគោលនយោបាយថាមពលរបស់រុស្ស៉ី បានប្រាប់បទសម្ភាសន៍តាមទូរទស្សន៍ថា «ពីមុនយើងបានផ្គត់ផ្គង់ប្រេងពី ៤០ទៅ ៤៥ភាគរយទៅកាន់អឺរ៉ុប ហើយឆ្នាំនេះតួលេខអាចនឹងមិនលើសពី ៤ទៅ ៥ភាគរយនៃការនាំចេញសរុបនោះទេ។ ដោយសារតែបាត់បង់ចំណែក ទីផ្សារជាច្រើននៅអឺរ៉ុប មូស្គូបានបង្វែរទៅរកអ្នកទិញផ្សេងទៀត»

លោក Novak បានបន្តថា «ចិនដែលជាផ្នែកមួយនៃទីផ្សារនាំចេញប្រេងរបស់រុស្ស៉ី បានរួមចំណែកពី ៤៥ទៅ ៥០ភាគរយ ខណៈឥណ្ឌាបានក្លាយជាដៃគូសំខាន់ របស់យើង ដោយក្នុងរយៈពេលពីរឆ្នាំការផ្គត់ផ្គង់ប្រេងដល់ឥណ្ឌា កើនឡើងប្រហែល ៤០ភាគរយ»

គួរបញ្ជាក់ថា ចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើង បណ្តាប្រទេសលោកខាងលិចបានដាក់ទណ្ឌកម្មយ៉ាងខ្លាំងក្លាលើរុស្ស៉ី ក្នុងនោះរួមមានទាំងទណ្ឌកម្ម របស់សហភាពអឺរ៉ុបលើការដឹកជញ្ជូនប្រេងតាមសមុទ្រផងដែរ។ ប៉ុន្តែបើតាមឧបនាយករដ្ឋមន្រ្តីរុស្ស៉ីរូបនេះ ឧស្សាហកម្មថាមពលរបស់រុស្ស៉ី បានដំណើរការទៅមុខ ដោយជោគជ័យ ទោះបីជាជាប់ទណ្ឌកម្មកាន់តែច្រើននៅឆ្នាំ២០២៣ក៏ដោយ៕

រូបភាពពី AFP