(វ៉ាស៉ីនតោន)៖ ក្រុមអ្នកគាំទ្រប៉ាឡេស្ទីន បាននាំគ្នាតវ៉ាបិទផ្លូវកាលពីថ្ងៃពុធសប្តាហ៍នេះ នៅឯបវិវេណអាកាសយានដ្ឋានអន្តរជាតិក្នុងទីក្រុង Los Angeles និងអាកាសយានដ្ឋាន John F. Kennedy ក្នុងទីក្រុងញូវយ៉ក ដែលជាការធ្វើបាតុកម្មនៅតំបន់ធ្វើដំណើរដ៏មមាញឹកបំផុត របស់សហរដ្ឋអាមេរិក ហើយត្រូវ បញ្ចប់ទៅដោយការចាប់ខ្លួនមនុស្សជាច្រើននាក់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែធ្នូ ឆ្នាំ២០២៣។

នាយកដ្ឋានប៉ូលិសក្រុង Los Angeles បានឲ្យដឹងក្នុងសេក្តីថ្លែងការណ៍មួយថា បាតុករបានរុញមន្ត្រីប៉ូលិសម្នាក់បណ្តាលឲ្យដួល និងបានប្រើកំទេចកម្ទី សំណង់ ផ្លាកសញ្ញាតាមផ្លូវ មែកឈើ និងដុំឥដ្ឋ ដើម្បីបិទផ្លូវចូលក្នុងអាកាសយានដ្ឋាន។ មនុស្សចំនួន ៣៦នាក់ត្រូវបានចាប់បញ្ជូនទៅមន្ទីរឃុំឃាំង LAX។ ភាគច្រើននៃ ពួកគេគឺត្រូវចោទពីប្រកាន់ថាប្រើកម្លាំងលើមន្ត្រីប៉ូលិស។ បើតាមប៉ូលិសនៅអាកាសយានដ្ឋាន Los Angeles ច្រកចូលអាកាសយានដ្ឋានត្រូវបានបើកឡើងវិញ នៅ ៤៥នាទីក្រោយពីមានកុបកម្ម ហើយមិនបានប៉ះពាល់ដល់ជើងហោះហើរនោះទេ។

ចំណែក នាយកដ្ឋានប៉ូលិសក្រុងញូវយ៉ក ក៏បានឲ្យដឹងផងដែរថា មនុស្សចំនួន ២៦នាក់ត្រូវបានចាប់ខ្លួនពីគ្មានសណ្តាប់ធ្នាប់ និងបង្អាក់ដល់ការធ្វើចរាចរណ៍ អំឡុងពេលតវ៉ា នៅតាមបណ្តោយផ្លូវខាងក្នុងអាកាសយានដ្ឋាន John F. Kennedy។ អំឡុងពេលដែលមានការរំខាននេះ អាជ្ញាធរបានយករថយន្តក្រុង ដឹកអ្នកធ្វើដំណើរចេញពីការកកស្ទះចរាចរណ៍ និងជូនពួកគេចូលដល់ក្នុងព្រលានយន្តហោះដោយសុវត្ថិភាព។

គួរបញ្ជាក់ថា ការវ៉ានេះកើតមានឡើង បន្ទាប់ពីអង្គការសុខភាពពិភពលោក WHO បានរាយការណ៍ថា មនុស្សរាប់ពាន់នាក់កំពុងព្យាយាមរត់គេចពីការប្រយុទ្ធគ្នា ដែលបានផ្ទុះឡើងនៅដែនដីប៉ាឡេស្ទីន ចាប់តាំងពីក្រុមសកម្មប្រយុទ្ធហាម៉ាសវាយប្រហារចូលទឹកដីអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា សម្លាប់មនុស្ស ១,១៤០នាក់ ហើយការសងសឹករបស់អ៉ីស្រាអែល នៅតំបន់ហ្កាហ្សាបានសម្លាប់មនុស្សច្រើន ២១,០០០នាក់ និងរបួសជាង ៥៥,០០០នាក់៕

រូបភាពពី Reuters