(វ៉ាស៉ីនតោន)៖ រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានឲ្យដឹងនៅថ្ងៃពុធសប្តាហ៍នេះថា សហរដ្ឋអាមេរិកនឹងផ្តល់ថវិកាចំនួន ២៥០លានដុល្លារ ដែលជាកញ្ចប់ជំនួយយោធាចុងក្រោយក្នុងឆ្នាំ២០២៣ ទៅឲ្យអ៊ុយក្រែន ដើម្បីតស៊ូប្រយុទ្ធក្នុងសង្រ្គាមជាមួយរុស្ស៉ី។ នេះបើយោងតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បត៍ ទី២៨ ខែធ្នូ ឆ្នាំ២០២៣។

លោកប្រធានាធិបតី ចូ បៃដិន បានស្នើឲ្យសភាផ្តល់ជំនួយចំនួន ៦១ពាន់លានដុល្លារបន្ថែមទៀតដល់អ៊ុយក្រែន ប៉ុន្តែមិនទាន់ទទួលបានការយល់ព្រមពី សមាជិកសភានៃគណបក្សសាធារណរដ្ឋនោះទេ ដោយសារតែមិនទាន់មានកិច្ចព្រមព្រៀងជាមួយគណបក្សប្រជាធិបតេយ្យ ស្ដីពីការរឹតបន្តឹងសន្តិសុខ នៅតាមព្រំដែនអាមេរិក-ម៉ិកស៉ិក។ លោក Blinken បាននិយាយថា កញ្ចប់ជំនួយយោធាចុងក្រោយនៃឆ្នាំនេះរួមមាន អាវុធការពារដែនអាកាស គ្រាប់រំសេវសម្រាប់ប្រព័ន្ធបាញ់រ៉ុក្កែត គ្រាប់កាំភ្លើងធំ អាវុធប្រឆាំងពាសដែក និងគ្រាប់កាំភ្លើងជាង ១៥លានគ្រាប់។

គួរបញ្ជាក់ថា ចាប់តាំងពីមានការឈ្លានពានរបស់រុស្ស៉ី ព្រឹទ្ធសភាអាមេរិកបានអនុម័តកញ្ចប់ជំនួនជាង ១១០ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន ប៉ុន្តែមិនមានការអនុម័តជំនួយថ្មីណាមួយទេ ចាប់តាំងពីគណបក្សសាធារណរដ្ឋ បានកាន់កាប់សភាតំណាងរាស្រ្តនៅក្នុងខែមករា ឆ្នាំ២០២៣។ ថ្មីៗនេះ សេតវិមានបានព្រមានថា បើគ្មានការអនុម័តជំនួយបន្ថែមនោះទេ ថវិកាសម្រាប់ជួយអ៊ុយក្រែនប្រយុទ្ធជាមួយរុស្ស៉ី នឹងអស់នៅចុងឆ្នាំនេះ៕

រូបភាពពី Reuters