(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានស្នើឱ្យមាន «បទឈប់បាញ់យូរអង្វែង» នៅក្នុងសង្រ្គាមហ្កាហ្សា អំឡុងកិច្ចសន្ទនាតាម ទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃទី២៧ ខែធ្នូ ខណៈប្រជាជនស៊ីវិលប៉ាឡេស្ទីនកំពុងរងទុក្ខវេទនា កាន់តែខ្លាំងឡើង។ នេះបើតាមការិយាល័យរបស់លោក Macron ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែធ្នូ ឆ្នាំ២០២៣។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ការិយាល័យវិមានប្រធានាធិបតីបារាំង បាននិយាយដែរថានៅប៉ុន្មានថ្ងៃខាងមុខនេះ បារាំងនឹងធ្វើកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសហ្ស៊កដានី ដើម្បីដឹកនាំប្រតិបត្តិការមនុស្សធម៌មួយក្នុងតំបន់ហ្កាហ្សា។ ដោយឡែក ក្នុងជំនួបតាមទូរស័ព្ទ លោក Macron ដែលជា សម្ព័ន្ធមិត្តម្នាក់របស់លោក Netanyahu ចាប់តាំងពីការចាប់ផ្ដើមនៃសង្រ្គាមដែលផ្ទុះឡើង ក្រោយការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា របស់ហាម៉ាស លើភាគខាងត្បូងអ៉ីស្រាអែល បានប្រាប់នាយករដ្ឋមន្ត្រីអ៉ីស្រាអែលរូបនេះពីក្ដីព្រួយបារម្ភយ៉ាងធំរបស់លោកចំពោះការបាត់បង់អាយុជីវិតជនស៊ីវិល និងភាពអាសន្នមនុស្សធម៌ ក្នុងតំបន់ហ្កាហ្សា។

លោក Macron លើកឡើងផងដែរពីសារៈសំខាន់នៃការចាត់វិធានការនានា ដើម្បីបញ្ចប់អំពើហិង្សាប្រព្រឹត្តដោយនិគមជនអ៉ីស្រាអែលប្រឆាំងនឹងប្រជាជន ស៊ីវិលប៉ាឡេស្ទីន ក្នុងតំបន់ West Bank និងទប់ស្កាត់ការសង់នៅដ្ឋានខុសច្បាប់បន្ថែមនៅពេលអនាគត។ ប៉ុន្តែ ការិយាល័យរបស់លោក Netanyahu មិនបាននិយាយអ្វីឡើយពាក់ព័ន្ធនឹងការស្នើរបស់លោក Macron ដោយគ្រាន់តែដឹងថា ក្នុងកិច្ចសន្ទនានោះ លោក Netanyahu បានអរគុណដល់ លោកប្រធានាធិបតីបារាំង សម្រាប់ការចូលរួមរបស់បារាំង ក្នុងការការពារសេរីភាពនៃការធ្វើនាវាចរ និងឆន្ទៈចង់ជួយស្ដារសន្តិសុខឡើងវិញនៅតាមតំបន់ ព្រំដែនរវាងអ៉ីស្រាអែល និងលីបង់។

គួរបញ្ជាក់ថា ការវាយប្រហាររបស់ក្រុមហាម៉ាសលើភាគខាងត្បូងអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា បានសម្លាប់មនុស្ស ១,១៤០នាក់ ក្នុងនោះភាគច្រើន ជាជនស៊ីវិល និងចាប់ខ្លួនមនុស្សជាង ២៥០នាក់ជាចំណាប់ខ្មាំងចូលទៅក្នុងទឹកដីហ្កាហ្សា ហើយក្នុងចំណោមអ្នកទាំងនេះ នៅសល់ ១២៩នាក់ទៀត កំពុងជាប់ឃុំនៅហ្កាហ្សា។ ប៉ុន្តែ ព្រមពេលជាមួយគ្នា ការសងសឹករបស់អ៉ីស្រាអែលក៏បានសម្លាប់មនុស្ស ២១,១១០នាក់ផងដែរក្នុងតំបន់ហ្កាហ្សា ក្នុងនោះ ភាគច្រើនជាជនស៊ីវិល។

អ៉ីស្រាអែល បាន និងកំពុងពង្រីកការវាយលុករបស់ខ្លួន ហើយលោក Netanyahu បានប្ដេជ្ញាថានឹងមិនបញ្ឈប់សង្រ្គាមទេ រហូតទាល់តែក្រុមហាម៉ាស ត្រូវបានកម្ទេច បើទោះជាកំពុងរងសម្ពាធ និងការអំពាវនាវពីអន្តរជាតិឱ្យមានបទឈប់បាញ់ ខណៈចំនួនអ្នកស្លាប់ក្នុងចំណោមជនស៊ីវិលប៉ាឡេស្ទីន បន្តកើនឡើងរៀងរាល់ថ្ងៃក៏ដោយ៕

រូបភាពពី AFP