(​វ៉ាស៊ីនតោន)៖ តុលាការកំពូលប្រចាំរដ្ឋ Michigan សហរដ្ឋអាមេរិក នៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) បានច្រានចោលពាក្យបណ្ដឹងទាមទារឱ្យដកលោក ដូណាល់ ត្រាំ ចេញពីការឈរឈ្មោះនៅក្នុងការបោះឆ្នោតបឋមរបស់គណបក្សសាធារណរដ្ឋ ក្នុងរដ្ឋ Michigan ដែលគ្រោងនឹងប្រព្រឹត្តទៅនៅដើមឆ្នាំក្រោយ ពាក់ព័ន្ធនឹងតួនាទីក្នុងការវាយប្រហារលើវិមាន Capitol ពីសំណាក់អ្នកគាំទ្ររបស់លោក កាលពីឆ្នាំ២០២១។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែធ្នូ ឆ្នាំ២០២៣។

ការសម្រេចចិត្តរបស់តុលាការកំពូលប្រចាំរដ្ឋ Michigan គឺជាជោគជ័យមួយសម្រាប់លោក ដូណាល់ ត្រាំ ហើយផ្ទុយទៅនឹងសាលក្រមសម្រេចរបស់តុលាការកំពូល ប្រចាំរដ្ឋ Colorado កាលពីថ្ងៃពុធសប្ដាហ៍មុន ដែលសម្រេចថាលោក ដូណាល់ ត្រាំ មិនស័ក្តិសមកាន់តំណែងនៅសេតវិមាន និងរារាំងរូបលោកមិនឱ្យឈរឈ្មោះ នៅក្នុងការបោះឆ្នោតបឋមរបស់គណបក្សសាធារណរដ្ឋ ក្នុងរដ្ឋ Colorado ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤នោះទេ។

ការសម្រេចរបស់តុលាការរដ្ឋ Colorado ធ្វើឡើងដោយផ្អែកលើផ្នែកទី៣ នៃច្បាប់វិសោធនកម្មទី១៤ ដែលកំណត់ពីការហាមឃាត់អ្នកដែលចូលរួមក្នុងសកម្មភាពឧទ្ទាម ឬការបះបោរ មិនឱ្យកាន់តំណែងនៅសេតវិមាន។ លោក ដូណាល់ ត្រាំ ត្រូវបានគេចោទប្រកាន់ថាបានប្រព្រឹត្តល្មើសរដ្ឋធម្មនុញ្ញ ពាក់ព័ន្ធនឹងតួនាទីរបស់លោកអំឡុង ការវាយប្រហារលើវិមាន Capitol ពីសំណាក់ក្រុមអ្នកគាំទ្ររបស់លោក កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ដែលត្រូវបានចាត់ទុកថាជាសកម្មភាពបះបោរ។

តុលាការកំពូលប្រចាំរដ្ឋ Colorado បានសម្រេចចិត្តពន្យារពេលការចូលជាធរមាននៃសាលសម្រេចរបស់ខ្លួន រហូតដល់ថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ ដើម្បីបើកផ្លូវ សម្រាប់ការប្ដឹងជំទាស់ទៅតុលាការកំពូលអាមេរិក ដែលជាអ្នកសម្រេចចុងក្រោយ។

គួរបញ្ជាក់ថា តុលាការកំពូលប្រចាំរដ្ឋ Michigan មិនបានធ្វើសេចក្ដីសម្រេចថាតើលោក ដូណាល់ ត្រាំ បានចូលរួម ឬជាប់ពាក់ព័ន្ធក្នុងសកម្មភាពបះបោរ ដែរឬក៏យ៉ាងណា នោះទេ ដោយសម្រេចតម្កល់ទុកជាបានការនូវសាលក្រមរបស់តុលាការជាន់ទាប ដែលធ្វើសេចក្ដីសន្និដ្ឋានថាសំណុំរឿងរបស់លោក ត្រាំ ជាបញ្ហានយោបាយដែល មិនគួរត្រូវបានយកមកធ្វើការសម្រេចនៅក្នុងតុលាការឡើយ។ ការបោះឆ្នោតបឋមរបស់គណបក្សសាធារណរដ្ឋ ឬការបោះឆ្នោតជ្រើសរើសបេក្ខជនប្រធានាធិបតីម្នាក់ តំណាងឱ្យបក្ស នៅក្នុងរដ្ឋ Michigan គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤៕

រូបភាពពី Reuters