(តេហេរ៉ង់)៖ ឆ្មាំបដិវត្តន៍អ៉ីរ៉ង់ កាលពីថ្ងៃពុធ ទី២៧ ខែធ្នូនេះ បាននិយាយថាការវាយប្រហាររបស់ក្រុមហាម៉ាសលើភាគខាងត្បូង អ៉ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលាកន្លងទៅនេះ គឺជាការសងសឹកឱ្យឧត្តមនីយ៍កំពូលម្នាក់របស់អ៉ីរ៉ង់ដែលត្រូវបានសហរដ្ឋអាមេរិកសម្លាប់កាលពីឆ្នាំ២០២០។ ប៉ុន្តែ ភ្លាមៗក្រុមហាម៉ាស បានចេញមុខច្រានចោលការលើកឡើងបែបនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ការវាយប្រហាររបស់ក្រុមហាម៉ាសកាលពីថ្ងៃទី៧ ខែតុលា លើភាគខាងត្បូងអ៉ីស្រាអែល បានសម្លាប់មនុស្សយ៉ាងហោច ១,១៤០នាក់ ក្នុងនោះភាគច្រើន ជាជនស៊ីវិល។ តែជាការសងសឹក អ៉ីស្រាអែលបានទម្លាក់គ្រាប់បែក និងបើកធ្វើសង្រ្គាមជើងគោកក្នុងតំបន់ហ្កាហ្សា ដោយសម្លាប់មនុស្សជាង ២១,១០០នាក់ ក្នុងនោះភាគច្រើនជាជនស៊ីវិល ខណៈសង្រ្គាមនៅតែបន្ត។ ជាការកត់សម្គាល់ទាញភ្ជាប់ការវាយប្រហាររបស់ហាម៉ាស អ្នកនាំពាក្យឆ្មាំបដិវត្តន៍អ៉ីរ៉ង់ លោក Ramezan Sharif បានគូសបញ្ជាក់ថា «ជាការពិតណាស់ ជាផ្នែកមួយជ័យជម្នះជាប្រវត្តិសាស្ត្រដ៏អស្ចារ្យ... វាក៏កើតឡើងដោយសារតែការកិច្ចប្រឹងប្រែងរបស់ លោក Qasem Soleimani ដែរ ហើយគេអាចចាត់ទុកបានថាប្រតិបត្តិការដ៏ជោគជ័យ (របស់ហាម៉ាស) គឺជាការសងសឹកប្រឆាំងនឹងទង្វើដ៏កំសាកនៃការលួច ធ្វើឃាតលោក Soleimani»។
ការកត់សម្គាល់របស់អ្នកនាំពាក្យឆ្មាំបដិវត្តន៍អ៉ីរ៉ង់រូបនេះត្រូវបានដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានអ៉ីរ៉ង់ Fars news agency។ ប៉ុន្តែ ក្រុមហាម៉ាសបានច្រានចោលចំពោះការលើកឡើងថាការវាយប្រហាររបស់ខ្លួនលើអ៉ីស្រាអែល គឺជាការសងសឹកឱ្យលោក Soleimani ជួសមុខឱ្យអ៉ីរ៉ង់។ «យើងបានប្រកាសជាច្រើនដងរួចហើយពីហេតុផល និងចេតនានៅក្រោយប្រតិបត្តិការ Al-Aqsa Flood របស់យើង ក្នុងនោះដូចជាគ្រោះថ្នាក់ដែលវិហារ Al-Aqsa កំពុងប្រឈម»។ នេះជាការបញ្ជាក់របស់ក្រុមហាម៉ាសក្នុងសេចក្ដីថ្លែងការណ៍មួយ។ Al-Aqsa គឺជាទីកន្លែងដ៏ពិសិដ្ឋមួយទាំងសម្រាប់ ជនជាតិប៉ាឡេស្ទីនកាន់ សាសនាអ៉ីស្លាម និងជនជាតិជី្វហ្វ។
គួរបញ្ជាក់ថា លោក Qasem Soleimani ដែលជាអតីតមេបញ្ជាការកងកម្លាំង Quds ទទួលបន្ទុកកិច្ចការសង្រ្គាមនៅក្រៅប្រទេស នៃឆ្មាំបដិវត្តន៍អ៉ីរ៉ង់ ត្រូវបាន សម្លាប់នៅក្នុងការវាយប្រហារដោយយន្ដហោះដ្រូនមួយរបស់សហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ នៅទីក្រុងបាកដាដ ប្រទេសអ៉ីរ៉ាក់ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២០។ អ៉ីរ៉ង់ដែលជាអ្នកគាំទ្រក្រុមហាម៉ាសទាំងហិរញ្ញវត្ថុ និងយោធា បានសាទរការវាយប្រហារលើអ៉ីស្រាអែល ថាជាជ័យជម្នះមួយ តែបានបដិសេធថាមិនមានជាប់ពាក់ព័ន្ធដោយផ្ទាល់ឡើយ៕
រូបភាពពី Reuters