(គែរ)៖ កងទ័ពអ៊ីស្រាអែលនៅថ្ងៃពុធ ទី២៧ ធ្នូនេះ បានបើកការវាយប្រហារតាមផ្លូវគោក សមុទ្រ និងផ្លូវអាកាសនៅកណ្តាលតំបន់ហ្គាហ្សា ដោយអាជ្ញាធរប៉ាឡេស្ទីនរាយការណ៍ថា មានអ្នកស្លាប់ និងរបួសរាប់សិបនាក់ទៀត ក្នុងជម្លោះរយៈពេល ១១ សប្តាហ៍កន្លងមកនេះ បន្ទាប់ពីមេយោធាអ៊ីស្រាអែលបាននិយាយថា សង្រ្គាមប្រឆាំងនឹងក្រុមហាម៉ាស នឹងអូសបន្លាយជាច្រើនខែទៅមុខទៀត។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣។

អគ្គសេនាធិការអ៊ីស្រាអែល លោក Herzi Halevi បាននិយាយថា ទោះបីជាមានការអំពាវនាវកាន់តែខ្លាំងឡើងពីសហគមន៍អន្តរជាតិ សម្រាប់បទឈប់បាញ់ក៏ដោយ ក៏អ៊ីស្រាអែលនៅតែប្តេជ្ញាចិត្តក្នុងកម្ចាត់ចោលក្រុមហាម៉ាសឱ្យខានតែបាន ដោយលើកឡើងថាការប្រយុទ្ធនឹងអូសបន្លាយជាច្រើនខែទៀត ហើយក៏មិនមាន «ដំណោះស្រាយវេទមន្ត» ឬ «ផ្លូវកាត់» ដែរ។

ក្រសួងសុខាភិបាលរបស់ហ្គាហ្សាបាននិយាយថា ជនជាតិប៉ាឡេស្ទីន ១៩៥នាក់ទៀតត្រូវបានសម្លាប់ និង៣២៥នាក់រងរបួសក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ដែលនាំឱ្យចំនួនអ្នកស្លាប់ដោយសារការវាយប្រហាររបស់អ៊ីស្រាអែលចាប់តាំងពីថ្ងៃទី៧ ខែតុលា កើនដល់ចំនួន ២១,១១០ នាក់ និងរងរបួសជាង ៥៥,២៤៣ នាក់។

អ៊ីស្រាអែលកំពុងពង្រីកការវាយលុកតាមផ្លូវគោក ទៅលើជំរុំជនភៀសខ្លួនប៉ាឡេស្ទីននៅភាគកណ្តាលហ្គាហ្សាស្ទ្រីប ខណៈដែលមានការព្រមានថា សង្រ្គាមជាមួយក្រុមហាម៉ាសនឹងបន្តអូសបន្លាយជាច្រើនខែទៅមុខ។

អង្គការសហប្រជាជាតិបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង បន្ទាប់ពីមានសេចក្តីរាយការណ៍ថា ការវាយឆ្មក់របស់អ៊ីស្រាអែលនៅក្នុងជំរុំ Bureij, Nuseirat និង Maghazi នាំទៅដល់ការសម្លាប់មនុស្សរាប់សិបនាក់ ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ។ ការ​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំង​ក៏​បន្ត​កើតមាន ទៅភាគ​ខាង​ត្បូង​នៃ​ទីក្រុង Khan Yunis ផងដែរ៕

រូបភាពពី Reuters