(វ៉ាស៊ីនតោន)៖ ឆ្នាំ២០២៣នេះ គឺជាឆ្នាំមួយដែលបុគ្គលល្បីៗជាច្រើនបានទទួលមរណភាព។ ខាងក្រោមនេះគឺជាបុគ្គលល្បីៗទំាង១១រូប ដែលបាន ចាកចេញពីពិភពផែនដី។

១. ព្រះមហាក្សត្រនៃប្រទេសកូវ៉ែត ព្រះអង្គ សៀស ណាវ៉ាហ្វ អាល់អះម៉ាត់ អាល់ជូប៊ឺ អាល់សាបាស (Sheikh Nawaf al-Ahmad al-Jaber al-Sabah) បានចូលទិវង្គត កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ ក្នុងព្រះជន្ម ៨៦ព្រះវស្សា។

២. លោក Henry Kissinger បានទទួលមរណភាព នៅថ្ងៃពុធ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងអាយុ១០០ឆ្នាំ នៅឯគេហដ្ឋានរបស់លោក ក្នុងរដ្ឋ Connecticut សហរដ្ឋអាមេរិក។ លោក Kissinger ជាអតីតរដ្ឋមន្ត្រីការបរទេស និងជាទីប្រឹក្សាសន្តិសុខជាតិអាមេរិក ព្រមទាំងជាជ័យលាភីពានរង្វាន់ ណូបែលសន្តិភាពម្នាក់ដ៏ចម្រូងចម្រាសផងដែរ ដោយសារតែតួនាទីរបស់លោកក្នុងសង្រ្គាមវៀតណាម។

៣. លោក Li Keqiang ​អតីតនាយករដ្ឋមន្រ្តីចិន បានទទួលមរណភាព ដោយសារជំងឺគាំងបេះដូងភ្លាមៗ នៅទីក្រុងសៀងហៃ ក្នុងវ័យ៦៨ឆ្នាំ នាម៉ោង០០៖១០នាទីយប់​ឈានចូលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣។

៤. លោកស្រី Rosalynn Carter អតីតជំទាវទីមួយរបស់សហរដ្ឋអាមេរិក និងជាភរិយាអតីតប្រធានាធិបតីអាមេរិក លោក Jimmy Carter បានទទួល មរណភាព កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងអាយុ ៩៦ឆ្នាំ។

៥. លោក Silvio Berlusconi អតីតនាយករដ្ឋមន្ត្រីអ៉ីតាលី បានទទួលមរណភាពដោយសារជំងឺក្នុងអាយុ ៨៦ឆ្នាំ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣។

៦. លោក Bobby Charlton ជាវីរបុរសបាល់ទាត់ជម្រើសជាតិអង់គ្លេស និងក្លឹបបិសាចក្រហម Manchester United បានទទួលមរណភាព ក្នុងវ័យ ៨៦ឆ្នាំ ក្រោយដួលសន្លប់នៅឯផ្ទះមើលថែទាំមនុស្សចាស់មួយកន្លែងស្ថិតក្នុងតំបន់ Cheshire ប្រទេសអង់គ្លេស។ លោកត្រូវបានប្រកាសថាបានទទួលមរណភាព នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣។

៧. លោក Yevgeny Prigozhin ថៅកែទាហានស៊ីឈ្នួលរុស្ស៉ី Wagner បានស្លាប់នៅអាយុ ៦២ឆ្នាំ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះឯកជនមួយគ្រឿង នៅភាគខាងជើងទីក្រុងមូស្គូ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣។ ហេតុការណ៍ធ្លាក់យន្ដហោះនេះដែរកើតមានឡើង តែជាង២ខែប៉ុណ្ណោះ បន្ទាប់ពី លោក Prigozhin ដឹកនាំការបះបោររយៈពេលខ្លីមួយប្រឆាំងនឹងមេដឹកនាំយោធារុស្ស៉ីកាលពីខែមិថុនា ឆ្នាំដដែល។

៨. លោក Bray Wyatt ជាជើងឯក ៣សម័យកាល ខ្សែវាត់កីឡាកាសអាមេរិក WWE world champion បានស្លាប់ នៅអាយុ៣៦ឆ្នាំ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ដោយមិនមានការបញ្ជាក់ពីមូលហេតុស្លាប់ទេ។

៩៖ អ្នកនាង CoCo Lee ជាតារាចម្រៀងមានដើមកំណើតហុងកុង និងជាម្ចាស់បទចម្រៀង Before I Fall in Love បានទទួលមរណភាពដោយការបញ្ចប់ ជីវិតខ្លួនឯង នៅអាយុ ៤៨ឆ្នាំ កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣។

១០. លោកស្រី Gao Yaojie បានទទួលមរណភាពកាលពីថ្ងៃ១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងអាយុ៩៥ឆ្នាំ នៅសង្កាត់ Manhattan ទីក្រុង New York សហរដ្ឋអាមេរិក។ លោកស្រីជាវេជ្ជបណ្ឌិតចិនម្នាក់ដែលបានទម្លាយការឆ្លងជំងឺអេដស៍ នៅតាមទីជនបទក្នុងប្រទេសចិនដំបូងគេបំផុត នៅអំឡុងទសវត្សរ៍ ឆ្នាំ១៩៩០។

១១. លោក Lee Sun-kyun ជាតារាសម្ដែងកូរ៉េខាងត្បូង ក្នុងខែ្សភាពយន្ដមានចំណងជើង Parasite ជាភាពយន្ដមួយដែលទទួលបានជ័យលាភីពានរង្វាន់ Oscar កាលពីឆ្នាំ២០២០ បានទទួលមរណភាព ក្នុងអាយុ៤៨ឆ្នាំ នៅថ្ងៃពុធ ទី២៧ ខែធ្នូ ឆ្នាំ២០២៣។ លោកត្រូវបានគេប្រទះឃើញស្លាប់ ក្នុងរថយន្ដមួយ គ្រឿង ចតនៅឯចំណតមួយក្នុងសង្កាត់ Seongbuk នៃទីក្រុងសេអ៊ូល។ ជំហានបឋម ប៉ូលិសសន្និដ្ឋានតារារូបនេះធ្វើអត្តឃាត៕