(មូស្គូ)៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយនៅថ្ងៃពុធសប្តាហ៍នេះថា វិធានការរបស់ជប៉ុនក្នុងការផ្គត់ផ្គង់អ៊ុយក្រែន ជាមួយនឹងប្រព័ន្ធការពារដែនអាកាស Patriot នឹងមាន «ផលវិបាកយ៉ាងធ្ងន់ធ្ងរ» សម្រាប់ទំនាក់ទំនងរុស្ស៊ី-ជប៉ុន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣។

ទំនាក់ទំនងរវាងទីក្រុងម៉ូស្គូ និងទីក្រុងតូក្យូ ដែលមានភាពលំបាករួចទៅហើយនោះ បានធ្លាក់ចុះដុនដាបកាន់តែខ្លាំងឡើង ចាប់តាំងពីរុស្ស៉ី បានបញ្ជូនទាហានរាប់ម៉ឺននាក់ ទៅឈ្លានពានប្រទេសអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ ២០២២។ ប្រទេសជប៉ុនបានចូលរួមជាមួយសម្ព័ន្ធមិត្តលោកខាងលិច ក្នុងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងទូលំទូលាយលើប្រទេសរុស្ស៊ី។

កាលពីសប្តាហ៍មុន ប្រទេសជប៉ុនបាននិយាយថា ខ្លួននឹងរៀបចំបញ្ជូនកាំជ្រួចការពារដែនអាកាស Patriot ទៅកាន់សហរដ្ឋអាមេរិក បន្ទាប់ពីបានកែប្រែគោលការណ៍ណែនាំ នៃការនាំចេញអាវុធរបស់ខ្លួន ដែលជាការរុះរើដ៏សំខាន់លើកដំបូងរបស់ទីក្រុងតូក្យូ ចំពោះការរឹតបន្តឹងការនាំចេញបែបនេះក្នុងរយៈពេលប្រាំបួនឆ្នាំ។

ទោះបីជាច្បាប់គ្រប់គ្រងការនាំចេញអាវុធថ្មីនេះរបស់ជប៉ុននៅតែរារាំង មិនអនុញ្ញាតឱ្យមានបញ្ជូនអាវុធទៅកាន់ប្រទេសដែលមានសង្រ្គាមក៏ដោយ ប៉ុន្តែវាអាចផ្តល់ផលប្រយោជន៍ដោយប្រយោលដល់អ៊ុយក្រែន ក្នុងសង្គ្រាមរបស់ខ្លួនជាមួយរុស្ស៊ី ដោយផ្តល់ឱ្យសហរដ្ឋអាមេរិកនូវសមត្ថភាពបន្ថែម ក្នុងការផ្តល់ជំនួយយោធាដល់ទីក្រុងគៀវ។

លោកស្រី Zakharova បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ដូច្នេះថា «ភាគីជប៉ុនបានបាត់បង់ការគ្រប់គ្រងអាវុធ ហើយឥឡូវនេះទីក្រុងវ៉ាស៊ីនតោនអាចធ្វើអ្វីៗគ្រប់យ៉ាងដែលខ្លួនចង់បាន ជាមួយនឹងអាវុធទាំងនេះ»។ អ្នកនាំពាក្យរូបនេះបានបន្ថែមថា ស្ថានភាពបែបនេះនឹង «ត្រូវបានបកស្រាយថាជាទង្វើអរិភាពច្បាស់លាស់ប្រឆាំងនឹងរុស្ស៊ី ហើយនឹងមានផលវិបាកធ្ងន់ធ្ងរ សម្រាប់ប្រទេសជប៉ុនក្នុងទំនាក់ទំនងទ្វេភាគី»។

គួរបញ្ជាក់ថា កាលពីដើមខែនេះ ប្រទេសជប៉ុន និងកូរ៉េខាងត្បូងបានបញ្ជូនយន្តហោះទៅត្រួតពិនិត្យ ការហោះហើររួមគ្នារបស់យន្តហោះទម្លាក់គ្រាប់បែក និងយន្តហោះចម្បាំងចិន និងរុស្ស៊ី នៅជិតទឹកដីរបស់ពួកគេ។ រុស្ស៊ី និងជប៉ុន មិនទាន់បញ្ចប់សន្ធិសញ្ញាបញ្ចប់សង្គ្រាមក្នុងសង្គ្រាមលោកលើកទី២ ជាផ្លូវការនៅឡើយទេ ដោយសារជម្លោះទឹកដីដ៏រ៉ាំរ៉ៃ ពាក់ព័ន្ធនឹងខ្សែសង្វាក់នៃប្រជុំកោះប៉ាស៊ីហ្វិក ដែលត្រូវបានគេស្គាល់នៅក្នុងប្រទេសជប៉ុនថា ជាដែនដីភាគខាងជើង និងនៅក្នុងប្រទេសរុស្ស៊ីថា ជាប្រជុំកោះ Kuril ភាគខាងត្បូង។ សូម្បីតែមុនពេលមានជម្លោះអ៊ុយក្រែនក៏ដោយ ទីក្រុងតូក្យូ បានត្អូញត្អែរអំពីការបង្កើនការដាក់ពង្រាយយោធារបស់រុស្ស៊ី នៅលើកោះដែលសហភាពសូវៀតដណ្តើមបានពីប្រទេសជប៉ុន នៅចុងបញ្ចប់នៃសង្គ្រាមលោកលើកទីពីរ៕