(អង់ការា)៖ ពាក្យស្នើសុំរបស់ប្រទេសស៊ុយអែត ដើម្បីចូលរួមជាមួយអង្គការ NATO ត្រូវបានជាប់គាំងអស់រយៈពេលជាច្រើនខែមកហើយ ដោយសារមានការជំទាស់ប្រឆាំងពីប្រទេសតួកគីនិងហុងគ្រី ហើយនាពេលថ្មីៗនេះវាមានភាពកាន់តែស្មុគស្មាញ បន្ទាប់ពីប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បានភ្ជាប់វាទៅនឹងសំណើរបស់ទីក្រុងអង់ការ៉ា ក្នុងការទទួលបានយន្តហោះចម្បាំង F-16 របស់សហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣។

ស៊ុយអែត និងហ្វាំងឡង់ បានបោះបង់ចោលនយោបាយអព្យាក្រឹតភាពរបស់ខ្លួន ដែលមិនចូលបក្សសម្ព័ន្ធយោធាជាច្រើនទសវត្សរ៍ ហើយបានព្យាយាមចូលជាសមាជិកអង្គការយោធា ដែលដឹកនាំដោយសហរដ្ឋអាមេរិក បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ ២០២២។

សំណើរបស់ពួកគេបានទទួលការយល់ព្រមភ្លាមៗពីសមាជិកណាតូទាំងអស់ លើកលែងតែតួកគី និងហុងគ្រី ខណៈដែលការសម្រេចចិត្តនេះ ត្រូវធ្វើឡើងជាឯកច្ឆ័ន្ទ។ ប្រទេសទាំងពីរនៅទីបំផុតបានប្រែចិត្ត ហើយហ្វាំងឡង់ត្រូវបានទទួលស្គាល់ជាសមាជិកទី ៣១ របស់ណាតូក្នុងខែមេសា។ ចំណែកស៊ុយអែតវិញ ១៩ ខែបន្ទាប់ពីបានដាក់ពាក្យសុំចូលរួមជាសមាជិក នៅមិនទាន់បានទទួលការអនុម័តនៅឡើយទេ។

ទោះជាយ៉ាងណា កាលពីថ្ងៃអង្គារសប្តាហ៍នេះ គណៈកម្មាធិការកិច្ចការបរទេសរបស់សភាតួកគីបានអនុម័តវិធានការនេះ។

លោក Otko Jäkärüzer សមាជិកសភាមកពីបក្សប្រឆាំង និងជាគណៈកម្មាធិការកិច្ចការបរទេសរបស់សភាតួកគីបានប្រាប់ AFP ដូច្នេះថា «ពិធីសារ (ការចូលជាសមាជិករបស់ស៊ុយអែតក្នុង NATO) ត្រូវបានអនុម័តដោយគណៈកម្មាធិការ»។ ទោះជាយ៉ាងណាចំណាត់ការនេះ គ្រាន់តែជាការត្រួសត្រាយផ្លូវ សម្រាប់ការបោះឆ្នោតនៅក្នុងសភាពេញលេញ ដែលគណបក្សកាន់អំណាចរបស់ លោក Erdogan កំពុងគ្រប់គ្រងអាសនៈភាគច្រើន។

ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan ធ្លាប់ភ្ជាប់លក្ខខណ្ឌផ្តល់សច្ចាប័នលើសមាជិកភាពស៊ុយអែតក្នុងអង្គការ NATO ជាមួយនឹងការយល់ព្រមរបស់សភាអាមេរិក លើសំណើសុំទិញយន្តហោះ F-16 របស់ខ្លួន៕

រូបភាពពី AFP