(បាងកក)៖ តុលាការកំពូលរបស់ថៃ កាលពីថ្ងៃអង្គារសប្ដាហ៍នេះ បានសម្រេចឱ្យអតីតនាយករដ្ឋមន្ត្រីដែលកំពុងរស់និរទេសខ្លួននៅក្រៅប្រទេស គឺលោកស្រី Yingluck Shinawatra រួចផុតពីការចោទប្រកាន់ពីការរំលោភអំណាច ពាក់ព័ន្ធនឹងការផ្ទេរមុខតំណែងអតីតអគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិម្នាក់ កាលពីឆ្នាំ២០១១ នៅចំពោះមុខពាក្យចចាមអារ៉ាមនៃលើកលែងទោសឱ្យអតីតនាយករដ្ឋមន្ត្រីថៃរូបនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន​ Bangkok Post។

ការសម្រេចខាងលើ ធ្វើឡើងក្រោយតុលាការកំពូលប្រកាសថាខ្លួនមិនបានរកឃើញភស្តុតាងពីបទល្មើសព្រហ្មទណ្ឌសមគំនិត កាលពីឆ្នាំ២០១១ ជុំវិញការ ចុះហត្ថលេខាលើបទបញ្ជាមួយដោយលោកស្រី Yingluck ក្នុងការផ្លាស់ប្ដូរតួនាទីអតីតអគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិ លោក Thawil Pliensri ទៅ កាន់តំណែងជាទីប្រឹក្សាម្នាក់របស់នាយករដ្ឋមន្ត្រីកាលពីខែកញ្ញា ឆ្នាំ២០១១នោះឡើយ។

បន្ថែមពីលើនេះ តុលាការកំពូលថៃ ក៏បានលុបចោលដីកាចាប់ខ្លួនលោកស្រី Yingluck ផងដែរ។ នៅក្នុងសាលក្រមសម្រេចរបស់ខ្លួន តុលាការកំពូលថៃ បាននិយាយថាលោកស្រី Yingluck មិនមានឆន្ទៈក្នុងការបង្កការខូចខាត ហើយការផ្ទេរតំណែងនោះគ្រាន់តែជានីតិវិធីធម្មតា ពោលគឺបានច្រានចោល ការប្រកាន់ដែលថាលោកស្រីតែងតាំងលោក Thawil ជាទីប្រឹក្សាម្នាក់ ដើម្បីបើកផ្លូវឱ្យលោក Priewpan Damapong ដែលជាសាច់ញាតិម្នាក់របស់លោកស្រី អាចកាន់តំណែងជាអគ្គស្នងការនគរបាលជាតិថៃ។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០១១ អំឡុងនៅកាន់តំណែងជានាយករដ្ឋមន្ត្រីថៃ លោកស្រី Yingluck បានផ្ទេរតួនាទីលោក Thawil ដែលនៅពេលនោះកាន់ តំណែងជាអគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិថៃ ឱ្យទៅកាន់តំណែងជាទីប្រឹក្សានាយករដ្ឋមន្ត្រីវិញ។ ព្រមពេលជាមួយគ្នា គណៈរដ្ឋមន្ត្រីថៃលោកស្រី Yingluck បានតែងតាំងអតីតអគ្គស្នងការនគរបាលជាតិថៃ លោក Wichean Potephosree ឱ្យទៅកាន់តំណែងជំនួសលោក Thawil។ បន្ទាប់មក ទើប លោកស្រី Yingluck បានតែងតាំងលោក Priewpan Damapong ឱ្យកាន់តំណែងជំនួសលោក Wichean៕