(បេរូត)៖ ក្រុម Hezbollah បានឱ្យដឹងនៅថ្ងៃពុធនេះថា ការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែល នៅក្រុងភាគខាងត្បូងលីបង់ ដែលជាប់ព្រំប្រទល់ បានផ្តាច់ជីវិតអ្នកប្រយុទ្ធខ្លួនម្នាក់ ខណៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋលីបង់ បានរាយការណ៍ថា មនុស្ស២នាក់ទៀត ដែលត្រូវជា​សាច់ញាតិនិងគ្រួសារ​របស់ជនរូបនោះ ក៏បានបាត់បង់ជីវិតផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី២៧ ខែធ្នូ ឆ្នាំ២០២៣។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋលីបង់ National News Agency បានរាយការណ៍ថា ក្រុមយន្តហោះចម្បាំងអ៉ីស្រាអែល បានវាយប្រហារចំលើ​កណ្តាលក្រុង Bint Jbeil ដែលមានចម្ងាយប្រមាណ២គីឡូម៉ែត្រ ពីតំបន់ព្រំប្រទល់លីបង់-អ៉ីស្រាអែល ហើយបានបណ្តាលឱ្យបុរសម្នាក់ រួមជាមួយបងប្អូនប្រុសនិងប្រពន្ធរបស់ជនរូបនោះស្លាប់ ខណៈសមាជិកគ្រួសារម្នាក់ទៀត បានរងរបួស។ ក្រោយមក ក្រុម Hezbollah បានប្រកាសថា បុរសខាងលើគឺជាអ្នកប្រយុទ្ធរបស់ខ្លួន។

គួរបញ្ជាក់ថា ព្រំប្រទល់រវាងប្រទេសទាំងពីរ បានមើលឃើញការវាយប្រហារដាក់គ្នាកើនឡើង ជាចម្បងគឺរវាងយោធាអ៉ីស្រាអែល និងក្រុម Hezbollah ដែលជាសម្ព័ន្ធមិត្តរបស់ក្រុមហាម៉ាសប៉ាឡេស្ទីន គិតចាប់តាំងពីសង្រ្គាមអ៉ីស្រាអែល-ហាម៉ាស បានផ្ទុះឡើងនៅតំបន់ Gaza កាលពីថ្ងៃទី៧ ខែតុលា។ យោតតាមតួលេខរបស់ AFP គិតចាប់តាំងពីអរិភាពចាប់ផ្តើមមក មនុស្សសរុបជាង១៥០នាក់ បានស្លាប់នៅខាងលីបង់ ដែលភាគច្រើនជាអ្នកប្រយុទ្ធរបស់ក្រុម Hezbollah ប៉ុន្តែក៏មានជនស៉ីវិលជាង ១០នាក់ផងដែរ ក្នុងនោះមាន៣នាក់ជា​អ្នកកាសែត។ រីឯនៅខាងអ៉ីស្រាអែល គឺជនស៉ីវិលយ៉ាងហោច៤នាក់ និងទាហាន៩នាក់ បានស្លាប់៕

រូបភាពពី AFP