(សេអ៊ូល)៖ នៅថ្ងៃពុធនេះ កូរ៉េខាងត្បូងបានប្រកាសឱ្យដឹងថា ក្នុងខែធ្នូនេះ ខ្លួនបានចុះហត្ថលេខាជាផ្លូវការ ជាមួយរដ្ឋាភិបាលអាមេរិក ដើម្បីទិញយន្តហោះចម្បាំង F-35A ចំនួន២០គ្រឿងបន្ថែមទៀត ចំពោះមុខកិច្ចប្រឹងប្រែងបង្កើនសមត្ថភាពយោធា ដើម្បីទប់ទល់នឹង​ការគំរាមកំហែងផ្នែកយោធា ពីសំណាក់ប្រទេសជិតខាងខ្លួន គឺកូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Xinhua នាថ្ងៃពុធ ទី២៧ ខែធ្នូ ឆ្នាំ២០២៣។

ទីភ្នាក់ងារទទួលបន្ទុកការទិញសព្វាវុធរបស់កូរ៉េខាងត្បូង ហៅកាត់ DAPA បាននិយាយថា ខ្លួនបានចុះហត្ថលេខាលើលិខិតទទួលយក (LOA) សម្រាប់ការទិញយន្តហោះចម្បាំងខាងលើ ដែលផលិតដោយក្រុមហ៊ុនអាមេរិក Lockheed Martin កាលពីថ្ងៃទី៨ ខែធ្នូនេះ ក្រោយការផ្តល់ភ្លើងបៃតងរបស់ទីក្រុងវ៉ាស៉ីនតោន ចំពោះការលក់ពួកវាកាលពីខែកញ្ញាកន្លងទៅ។ យន្តហោះ F-35A ទាំង២០គ្រឿងនោះ ត្រូវរំពឹងថានឹងចាប់ផ្តើមប្រគល់ឱ្យកូរ៉េខាងត្បូង នៅឆ្នាំ២០២៧។

បច្ចុប្បន្ន កងទ័ពអាកាសកូរ៉េខាងត្បូង មានយន្តហោះចម្បាំង F-35A ចំនួន៣៩គ្រឿង ក្រោយការទិញ៤០គ្រឿង កាលពីចន្លោះឆ្នាំ២០១៩ ដល់ឆ្នាំ២០២២។ យោធាកូរ៉េខាងត្បូង បានសម្រេចចិត្តដាក់ឱ្យ F-35A ១គ្រឿងចូលនិវត្តន៍ក្នុងខែនេះ ក្រោយវាបានរងការខូចខាត​ធ្ងន់ធ្ងរ ដោយសារការប៉ះទង្គិចជាមួយហ្វូងបក្សី កាលពីឆ្នាំមុន។

គួរបញ្ជាក់ថា យោងតាមរបាយការណ៍សៀវភៅសការពារជាតិឆ្នាំ២០២២ របស់កូរ៉េខាងត្បូង ដែលចេញផ្សាយក្នុងឆ្នាំ២០២៣នេះ ខាងទីក្រុងសេអ៊ូល សព្វថ្ងៃធ្វើប្រតិបត្តិការយន្តហោះចម្បាំងសរុប៤១០គ្រឿង ដែលរួមមានដូចជា F-35A, KF-16 និង F-15K ខណៈកូរ៉េខាងជើងមានប្រហែល៨១០គ្រឿង៕

រូបភាពពី Reuters