(សេអ៊ូល)៖ នៅថ្ងៃពុធនេះ សមាជិកសរុបជាង១,០០០នាក់ នៃកងកម្លាំងយោធា ប៉ូលិស និងសេវាឆ្លើយតបបន្ទាន់របស់កូរ៉េខាងត្បូង បានចូលរួមសកម្មភាពហាត់សមការពារខ្លួនដ៏កម្រមួយ ដែលផ្តោតទៅលើសេណារីយ៉ូ នៃការឆ្មក់វាយប្រហារពីសំណាក់កូរ៉េខាងជើង មកលើរដ្ឋធានីសេអ៊ូល ដែលមានទីតាំងស្ថិតនៅមិនឆ្ងាយប៉ុន្មានពីព្រំប្រទល់កូរ៉េខាងជើង នោះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី២៧ ខែធ្នូ ឆ្នាំ២០២៣។

ការធ្វើលំហាត់ការពារខ្លួនខាងលើនេះកើតមាន ចំពេលដែលភាពតានតឹងបានកើនឡើង ក្រោយពីកូរ៉េខាងជើង បានបាញ់តេស្តមីស៉ីលបាលិស្ទីគអន្តរទ្វីប (ICBM) សាជាថ្មី និងបាញ់បង្ហោះផ្កាយរណបចារកម្មជាលើកដំបូង ហើយប្រទេសកូរ៉េទាំងពីរ បានចាប់អនុវត្តចំណាត់ការយោធាមួយចំនួន រៀងៗខ្លួនឡើងវិញ ដែលកន្លងមកត្រូវបានបន្ធូរបន្ថយ ក្រោមកិច្ចព្រមព្រៀងឆ្នាំ២០១៨។

អភិបាលក្រុងសេអ៊ូល លោក Oh Se-hoon បានលើកឡើងយ៉ាងដូច្នេះថា «មានមេរៀនធំមួយដែលយើងត្រូវតែស្វែងយល់ នៅពេលប្រព័ន្ធការពារដែនអាកាសទំនើបលំដាប់ថ្នាក់ពិភពលោករបស់អ៉ីស្រាអែល បានចាញ់ឥទ្ធិពល ក្រោមការឆ្មក់វាយប្រហារដ៏ភ្ញាក់ផ្អើលរបស់ក្រុមហាម៉ាស ដែលមានតែរ៉ុក្កែតធម្មតាៗ និងមធ្យោយបាយសាមញ្ញៗ»។ លោក Oh បានសង្កត់ធ្ងន់ថា សកម្មភាពឆ្មក់វាយប្រហារឆ្លងព្រំដែនរបស់ពួកហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា នៅពាសពេញក្រុងរបស់អ៉ីស្រាអែល ដែលបានសម្លាប់មនុស្សជាង១,១០០នាក់ បានបង្ហាញឱ្យឃើញថា ការមានប្រៀបខ្ពស់ខាងសមត្ថភាពយោធា មិនសូវជាមានសារសំខាន់ប៉ុន្មាននោះទេ ប្រសិនបើសត្រូវអាចបើកការឆ្មក់វាយប្រហារដោយជោគជ័យ។

គួរបញ្ជាក់ថា បើតាមលោក Oh ទីក្រុងសេអ៊ូលស្ថិតនៅចម្ងាយត្រឹម៣៨គីឡូម៉ែត្រប៉ុណ្ណោះ ពីព្រំប្រទល់ជាមួយកូរ៉េខាងជើង ជាហេតុនាំឱ្យ​ទីក្រុងនេះងាយនឹងរងគ្រោះ ក្រោមការវាយប្រហារណា ដែលអាចកើតមានឡើងគ្រប់ពេលវេលា។ សេអ៊ូលដែលជាមជ្ឈមណ្ឌលរដ្ឋាភិបាល ធុរកិច្ច និងហិរញ្ញវត្ថុរបស់ប្រទេសកូរ៉េខាងត្បូង គឺមានមនុស្សរស់នៅ៩.៤លាននាក់ ហើយមានប្រមាណ១.៤លាននាក់ផ្សេងទៀត ដែលត្រូវទៅបំពេញការងារ ក៏ដូចជាសិក្សានៅទីនោះ ជារៀងរាល់ថ្ងៃ៕

រូបភាពពី Reuters