(ប៉េកាំង)៖ នារសៀលថ្ងៃទី ២៥ ខែធ្នូ លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូល នៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គលើកទី៤ តាមប្រព័ន្ធវីដេអូនៅទីស្តីការរដ្ឋ Zhongnanhai។ លោក Li Qiang និងមេដឹកនាំមីយ៉ាន់ម៉ាលោក Min Aung Hlaing បានធ្វើជាសហធិបតីនៃកិច្ចប្រជុំនេះ ដែលមានការចូលរួមពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា, លោក Sonxay នាយករដ្ឋមន្ត្រីឡាវ, លោក Saytha នាយករដ្ឋមន្ត្រីថៃ និងលោក Pham Minh Chinhនាយករដ្ឋមន្ត្រីវៀតណាម។

លោក Li Qiang បានលើកឡើងសំណើបួនចំណុច ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ៖ ទី១ ធ្វើឱ្យស៊ីជម្រៅនូវការអភិវឌ្ឍដោយរួមបញ្ចូលគ្នា ប្រកាន់ខ្ជាប់នូវការបើកចំហនិងកិច្ចសហប្រតិបត្តិការ រួមគ្នាគ្រោងផែនការ និងអនុវត្តឱ្យបានល្អ នូវគម្រោងតភ្ជាប់គ្នាជាយុទ្ធសាស្ត្រក្នុងតំបន់ឡានឆាង-មេគង្គ លើកកម្ពស់គុណភាព និងកម្រិតនៃគម្រោងសហប្រតិបត្តិការ លើវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្មឆ្លងដែន សមត្ថភាពផលិតកម្ម និងកសិកម្មជាដើម រក្សាសុវត្ថិភាពនិងស្ថិរភាព នៃខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ ព្រមនិងពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យផលិតកម្មឆ្លាតវៃ និងទិន្នន័យធំ។

ទី២ គឺជំរុញកិច្ចសហប្រតិបត្តិការបៃតង គោរពយ៉ាងពេញលេញនូវសិទ្ធិនិងផលប្រយោជន៍ ស្របច្បាប់របស់ប្រទេសទាំងអស់ក្នុងការអភិវឌ្ឍ និងប្រើប្រាស់ធនធានទឹកដោយសមហេតុផល និងគិតគូរដល់កង្វល់របស់គូភាគី ទៅវិញទៅមក។ ទី៣ គឺពង្រឹងអភិបាលកិច្ចសន្តិសុខ សម្របសម្រួលកិច្ចការសន្តិសុខប្រកបដោយភាពរួបរួម ភាពចម្រុះ កិច្ចសហប្រតិបត្តិការ និងនិរន្តរភាព ជំរុញបន្ថែមទៀតនូវ "ប្រតិបត្តិការឡានឆាង-មេគង្គប្រកបដោយសុវត្ថិភាព" ដើម្បីបង្រ្កាបយ៉ាងខ្លាំងក្លាចំពោះសកម្មភាពល្មើសច្បាប់ ដូចជាល្បែងស៊ីសងតាមអ៊ីនធឺណិត និងការឆបោកតាមប្រព័ន្ធទូរគមនាគមន៍ជាដើម។ ទី៤ គឺធ្វើឱ្យស៊ីជម្រៅនូវការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។

ប្រទេសចិនគាំទ្រដល់ការរៀបចំវេទិកាសហគ្រិនវ័យក្មេងនៃប្រទេសឡានឆាង-មេគង្គ ហើយមានឆន្ទៈក្នុងការធ្វើការជាមួយគ្រប់ភាគី ដើម្បីស្វែងរកចំណុចសំខាន់និងថ្មីនៃកិច្ចសហប្រតិបត្តិ ការលើវិស័យធនាគារគំនិតនិងតំបន់មូលដ្ឋាន៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន