(ប៉េកាំង)៖ “ឆ្លងតាមរយៈការគិតពិចារណាយ៉ាងមធ្យ័ត យើងនឹងបោះបង់ចោលផែនការបង្កើត រោងចក្រផលិតអាគុយនៅរដ្ឋ Oklahoma របស់អាមេរិក។” នាពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុន Panasonic របស់ជប៉ុនដែលជាពាណិជ្ជករផ្គត់ផ្គង់អាគុយឱ្យក្រុមហ៊ុន Tesla បានប្រកាសព័ត៌មានដូចខាងលើ។ វាមិនមែនមានតែករណីមួយនេះទេ។

នៅខែមករា ក្រុមហ៊ុន LG របស់កូរ៉េខាងត្បូងបាន “ទុកចោល”នូវផែនការសហការជាមួយក្រុមហ៊ុន GE បង្កើតរោងចក្រផលិតអាគុយនៅអាមេរិក នៅខែតុលា ក្រុមហ៊ុន HONDA របស់ជប៉ុនបានប្រកាសថាដកខ្លួនចេញពី ផែនការស្តីពីការសហការជាមួយក្រុមហ៊ុន GE ដើម្បីបង្កើតរោងចក្រផលិតរថយន្តអគ្គិសនីតម្លៃថោក រីឯក្រុមហ៊ុន Ford ក៏បានពន្យារពេលផែនការសហការជាមួយក្រុមហ៊ុនកូរ៉េ SK On ផលិតអាគុយនៅរដ្ឋ Kentucky របស់អាមេរិក ។ល។ តាំងពីចូលឆ្នាំនេះមក សហគ្រាសអន្តរជាតិដ៏ល្បីឈ្មោះជាច្រើន បាននាំគ្នាលុបចោលឬពន្យារពេលផែនការបង្កើតរោងចក្រនៅអាមេរិក ។ ក្នុងបរិបទដែលរដ្ឋាភិបាលអាមេរិកដាក់ចេញវិធានការ និងគោលនយោបាយផ្តល់ប្រាក់ឧបត្ថម្ភធនមួយចំនួន ដើម្បីទាក់ទាញសហគ្រាសទៅ វិនិយោគនិងបង្កើតរោងចក្រ ហេតុអ្វីបានជាពួកគេបែរជាផ្តល់ “ចម្លើយទីផ្សារ”ផ្ទុយគ្នា?

បើមើលពីដើមទុនផលិតកម្ម យោងតាមពាក្យសំដីរបស់ក្រុមហ៊ុន Panasonic បានឱ្យដឹងថា បច្ចុប្បន្ននេះ ដើមទុនសម្រាប់បង្កើតរោងចក្រនៅរដ្ឋ Kansas ខ្ពស់ជាងការប៉ាន់ប្រមាណ ដូច្នេះការបង្កើតរោងចក្រមួយទៀតនៅរដ្ឋ Oklahoma គឺពិបាកណាស់។ នៅពីក្រោយបញ្ហាលំបាកខាងដើមទុនរបស់សហគ្រាស បានបង្ហាញឱ្យឃើញនូវសភាពការណ៍បច្ចុប្បន្ន នៃខ្សែសង្វាក់ឧស្សាហកម្មរថយន្តអគ្គិសនីរបស់អាមេរិក។ អ្នកជំនាញពាក់ព័ន្ធបានលើកឡើងថា លើវិស័យជីកយកនិងកែច្នៃវត្ថុធាតុដើម សម្រាប់ផលិតអាគុយ អាមេរិកត្រូវតែពឹងផ្អែកទៅលើការនាំចូល ថែមទាំងថ្លៃដើមនៃកត្តាផលិតកម្មដូចជាថាមពល ដីធ្លីនិងកម្លាំងពលកម្មជាដើមមានតម្លៃខ្ពស់ ដែលបណ្តាលឱ្យសហគ្រាស ត្រូវចំណាយបន្ថែមទៅលើការវិនិយោគ។

បើមើលពីផលចំណេញខាងការវិនិយោគអាចឃើញថា បើសិនជាចង់ទទួលបានប្រាក់ចំណេញខ្ពស់ សហគ្រាសត្រូវមានទីផ្សារ ចំណាយយ៉ាងខ្លាំងក្លា។ ប៉ុន្តែនៅខែតុលា ឆ្នាំនេះ ក្រុមហ៊ុនPanasonic បានប្រកាសថា តម្រូវការរបស់ទ្វីបអាមេរិកខាងជើង ចំពោះរថយន្តអគ្គិសនីបច្ចេកវិទ្យាខ្ពស់បាននិងកំពុងបង្អង់ល្បឿន ព្រមទាំងបានបញ្ចុះការប៉ាន់ប្រមាណចំពោះប្រាក់ចំណេញ របស់ស្ថាប័នថាមពលផលិតអាគុយរថយន្តអគ្គិសនី ក្នុងឆ្នាំសារពើពន្ធ២០២៣ចំនួន១៥ភាគរយ។ ក្រៅពីនេះ ហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធរបស់អាមេរិក ក៏បានធ្វើឱ្យអ្នកប្រើប្រាស់ខកចិត្តផងដែរ។ នៅឆ្នាំ២០២២ អត្រាការសាកថ្មបានបរាជ័យរបស់ ម្ចាស់រថយន្តអគ្គិសនីរបស់អាមេរិកបានឡើងដល់១ភាគ៥។ សមត្ថភាពថ្មទាប តម្លៃអគ្គិសនីខ្ពស់ និងអស្ថិរភាពរបស់បណ្តាញអគ្គិសនី ។ល។ ប្រការទាំងនេះធ្វើឱ្យអ្នកប្រើប្រាស់ត្អូញត្អែរមិនចេះចប់ បានជានៅត្រីមាសទីបីឆ្នាំនេះ ក្នុងទីផ្សាររថយន្តអាមេរិក រថយន្តអគ្គិសនីមានត្រឹមតែ៧,៩ភាគរយតែប៉ុណ្ណោះ។

អ្វីដែលសំខាន់ជាងនេះទៅទៀត គឺនិយាយចំពោះសហគ្រាស ការធ្វើវិនិយោគគឺរំពឹងទុកចង់បានសេដ្ឋកិច្ចម៉ាក្រូ និងបរិយាកាសធ្វើអាជីវកម្មប្រកបដោយស្ថិរភាព និងមានអំណោយផលដល់ការអភិវឌ្ឍយូរអង្វែង ។ អ្នកជំនាញពាក់ព័ន្ធសម្គាល់ឃើញថា បន្ទុកបំណុលរបស់អាមេរិកបានបំបែកកំណត់ត្រាខ្ពស់ថ្មី អតិផរណានៅតែឋិតនៅកម្រិតខ្ពស់ អាជីវកម្មកមន្តសាលតែងតែកើតមានកូដកម្ម ប្រការទាំងនេះសុទ្ធតែធ្វើឱ្យសហគ្រាសមានការព្រួយបារម្ភ ចំពោះបរិយាកាសប្រកបអាជីវកម្មរបស់អាមេរិក។ រីឯភាពមិនប្រាកដប្រជាគ្រប់បែបយ៉ាងដូចជា គោលនយោបាយរូបិយវត្ថុអាមេរិកកែប្រែយ៉ាងខ្លាំង និងព្រឹតិ្តការណ៍នយោបាយ ដែលស្រាប់តែកើតឡើងជាដើម កាន់តែធ្វើឱ្យសហគ្រាសបាត់បង់ជំនឿចិត្ត។

ប្រព័ន្ធសារព័ត៌មានអាមេរិកបានផ្សាយដំណឹងថា នៅថ្ងៃបុណ្យណូអែលឆ្នាំនេះ តម្លៃកាដូបានឡើងថ្លៃជាបន្តបន្ទាប់ ជនជាតិអាមេរិកចំនួនលើសពី១ភាគ៣ សម្រេចចិត្តបោះបង់ចោលទំនៀមទំលាប់ជូនកាដូ។ ក្នុងប្រតិកម្មមួយចំនួននេះ តើទីផ្សារនឹងមានជម្រើសយ៉ាងណា? ចម្លើយគឺច្បាស់ណាស់៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន