(ប៉េកាំង)៖ ១០ឆ្នាំកន្លងមកដោយរាប់ចាប់ផ្តើមពីការចេញ ដំណើររបស់ប្រាជ្ញាចិនស្តីពីកិច្ចកសាងសហគមន៍ជោគ វាសនារួមនៃមនុស្សជាតិដែលបានរំលេច នៅក្នុងប្រសាសន៍របស់លោក Xi Jinping ប្រធានរដ្ឋចិន កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៣ បាននិងកំពុងបោះជំហានយ៉ាងស្វាហាប់ជ្រាតចូលទៅក្នុងស្មារតីថ្នាក់ដឹកនាំ ប្រទេសនៅក្នុងពិភពលោកសម្រាប់ ជាគតិនៅក្នុងការចូលរួមស្វែងរកដំណោះស្រាយ បញ្ហាសកលជូនដល់ពិភពលោក។

ប្រាជ្ញាចិននេះបានលេចចេញក្នុងពេលវេលាដ៏សមស្របបំផុតមួយ ដោយបានជួយទប់ស្កាល់នូវរាល់ហានិភ័យនានាដែលពិភពលោក មានការព្រួយបារម្មណ៍ពីការធ្លាក់ចូលឡើងវិញ ទៅក្នុងសង្គ្រាមត្រជាក់ ឬលទ្ធភាពទៅក្នុងយន្តការឯកតោភាគីនិយម ឬការវិលត្រឡប់មកវិញនូវទម្រង់អាណានិគមនិយម ឬអាណាព្យាបាលនិយម។

១០ឆ្នាំកន្លងមកនេះ ប្រាជ្ញាចិនស្តីពីកិច្ចកសាងសហគមន៍ជោគវាសនារួម នៃមនុស្សជាតិបានដាស់តឿនមនុស្សជាតិ ឱ្យដើរចាកចេញកាន់តែឆ្ងាយពីស្មារតី សង្រ្គាមត្រជាក់នៅគ្រប់សញ្ញាណទាំងអស់ ហើយជំរុញឲ្យមានទស្សនវិស័យថ្មីមួយ នៃសន្តិសុខដែលមានលក្ខណៈរួមគ្នា ពេញលេញ សហប្រតិបត្តិការគ្នា និងប្រកបដោយចីរភាព។ ប្រាជ្ញាចិននេះបានបញ្ជាក់ច្បាស់ថា គ្មានប្រទេសណាមួយអាចរក្សាបាន នូវសន្តិសុខដោយខ្លួនឯងដាច់ខាតនោះទេ ហើយក៏គ្មានប្រទេសណាមួយអាចបង្កើតបាន នូវស្ថិរភាពផ្ទាល់ខ្លួន ដោយបង្កើតជាអស្ថិរភាពនៅក្នុងប្រទេសដទៃនោះដែរ។ ក្នុងន័យនេះ ប្រទេសចិនតែងជំរុញកិច្ចសហប្រតិបត្តិការ អន្តរជាតិនៅក្នុងវិស័យសង្គមកិច្ច និងសេដ្ឋកិច្ច ហើយប្រាជ្ញាចិននេះកំពុងក្លាយជាវិធានការរួមគ្នាមួយ ដើម្បីដោះស្រាយនូវការគម្រាម កំហែងសន្តិសុខ ទាំងបែបប្រពៃណី និងមិនប្រពៃណីនានា ដើម្បីទប់ស្កាត់ជម្លោះកុំឲ្យកើតឡើង ចាប់តាំងពីពេលដែលវាចាប់ផ្តើមដំបូង។

ជាក់ស្តែង ភាគីចិនបាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះសភាពការណ៍ជុំវិញប្រទេសស៊ីរីនាពេលបច្ចុប្បន្ន ដើម្បីកាត់បន្ថយហានិភ័យគ្រោះថ្នាក់ក្នុងតំបន់ ហើយភាគីចិនតែងអំពាវនាវឱ្យដោយជំរុញឱ្យសហគមន៍អន្តរជាតិ ពិសេសមហាអំណាចគួរដើរតួនាទីស្ថាបនា ក្នុងការទប់ស្កាត់មានការប៉ះទង្គិចកើតឡើង ហើយលើកទឹកចិត្តដល់គ្រប់ភាគី ពាក់ព័ន្ធរក្សាភាពស្ងប់ស្ងាត់និងការអត់ធ្មត់ ជៀសវាងចាត់សកម្មភាពណាមួយដែលមានលទ្ធភាព ដែលនឹងធ្វើឱ្យសភាពការណ៍កាន់តែតានតឹង។

១០ឆ្នាំកន្លងមកនេះ ប្រាជ្ញាចិនស្តីពីកិច្ចកសាងសហគមន៍ជោគវាសនារួម នៃមនុស្សជាតិបានដាស់តឿនដល់បណ្តាប្រទេសទាំងអស់រួមគ្នា បង្កើតឲ្យមានជាបរិយាកាសប្រកបដោយសុវត្ថិភាពដែលមានលក្ខណៈ ស្មើភាពគ្នា យុត្តិធម៌ មានកិច្ចខិតខំប្រឹងប្រែងរួមគ្នា និងផលប្រយោជន៍រួម។ នៅក្នុងយុគនៃសកលភាវូបនីយកម្មសេដ្ឋកិច្ច សន្តិសុខរបស់ប្រទេសទាំងអស់ត្រូវបានផ្សារភ្ជាប់គ្នា ហើយសន្តិសុខរបស់បណ្តាប្រទេសទាំងនោះនឹង មានផលប៉ះពាល់លើគ្នាទៅវិញទៅមក។ ក្នុងន័យនេះប្រាជ្ញាចិន ដែលបានប្រតិបត្តិក្នុងរយៈពេល១ទសវត្សរ៍មកនេះ បានជំរុញឱ្យមនុស្សជាតិរួមគ្នាបន្តគ្នា បង្កើនកម្លាំងដល់គំនិតផ្តួចផ្តើមជាសកលទាំង៤ (គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកល និងគំនិតផ្តួចផ្តើមអរិយធម៌សកល) ដែលបានផ្តួចផ្តើមដោយប្រទេសចិន និងប្រតិបត្តិរួមគ្នាដោយប្រទេសទាំងអស់ ដើម្បីប្រកៀកស្មាគ្នាបង្កើនកម្លាំងសេដ្ឋកិច្ចសកល។

ជាក់ស្តែង សម្រាប់វិនិយោគិនបរទេស ការវិនិយោគនៅប្រទេសចិន គឺមានន័យថាឱកាសវិនិយោគ។ ក្រៅពីទីផ្សារទ្រង់ទ្រាយធំសម្បើម ហេដ្ឋារចនាសម្ព័ន្ធដ៏ល្អពេញលេញ ខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ប្រកបដោយស្ថេរភាព ការអភិវឌ្ឍប្រកបដោយភាពបើកទូលាយ និងច្នៃប្រឌិតថ្មី ការកែលម្អជាបន្តបន្ទាប់នៃបរិយាកាសធ្វើពាណិជ្ជកម្ម ព្រមនិងធនធានមនុស្សយ៉ាងគ្រប់គ្រាន់។ល។ ទាំងអស់នេះ បានផ្តល់ការធានាដល់ការផលិតនិងធ្វើពាណិជ្ជកម្មសម្រាប់សហគ្រាសបរទេស ព្រមទាំងបាននាំមកនូវផលប្រយោជន៍យ៉ាងច្រើនដល់ពួកគេ។ ក្នុងបរិបទពហុប៉ូលនៃពិភពលោក សកលភាវូបនីយកម្មសេដ្ឋកិច្ច ព័ត៌មានវិទ្យា ភាវូបនីយកម្មសង្គម និងពិភពលោកដែលមានវប្បធម៌ចម្រុះ ដែលកំពុងកើនឡើងជាលំដាប់នេះ និន្នាការឆ្ពោះទៅរកការអភិវឌ្ឍសន្តិភាព កាន់តែមានភាពរឹងមាំ ហើយកំណែទម្រង់ និងនវានុវត្តន៍កំពុងតែទទួលបានសន្ទុះយ៉ាងខ្លាំងក្លា។​ ១០ឆ្នាំកន្លងមកនេះ ប្រាជ្ញាចិនស្តីពីកិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ បានដាស់តឿនមនុស្សជាតិចូលរួមកាន់តែ ទូលំទូលាយនៅក្នុងរង្វង់នៃកិច្ចសហប្រតិបត្តិការលើអរិយធម៌អេកូឡូស៊ី ដើម្បីសម្រេចឲ្យបាននូវគោលដៅដែលបានកំណត់ ដោយរបៀបវារៈឆ្នាំ២០៣០ក្នុងការអភិវឌ្ឍប្រកបដោយចីរភាព។ ក្នុងន័យនេះ ប្រទេសចិនកំពុងបង្កើនល្បឿនយ៉ាងក្លៀវក្លា និងយ៉ាងម៉ឺងម៉ាត់តាមមាគ៌ាធ្វើទំនើបកម្មតាមបែបផែនចិន ដែលអរិយធម៌ចិនឲ្យតម្លៃទៅលើភាពសុខដុមរមនា រវាងមនុស្សនិងធម្មជាតិ ហើយប្រទេសចិនតែងបានពួតដៃជាមួយ បណ្តាប្រទេសរួមគ្នាកសាង«ខ្សែក្រវាត់និងផ្លូវ» ដើម្បីបន្តលើកកម្ពស់កម្រិតសហប្រតិបត្តិការ ផ្នែកអភិវឌ្ឍន៍បៃតង ពង្រីកទំហំសហប្រតិបត្តិការផ្នែកអភិវឌ្ឍន៍បៃតង ជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិស្តីពីការឆ្លើយតបនឹង ការប្រែប្រួលអាកាសធាតុ ដើម្បីការពារភពផែនដីដែលជាផ្ទះរួមរបស់មនុស្សជាតិ ជាក់ស្តែងគិតត្រឹមខែវិច្ឆិកាឆ្នាំ២០២៣ ចិននិងប្រទេសរួមគ្នាកសាង «ខ្សែក្រវាត់និងផ្លូវ» ចំនួន៣៩ បានចុះហត្ថលេខាលើឯកសាសហប្រតិបត្តិការត្បូង-ត្បូងស្តីពីការប្រែប្រួលអាកាតុចំនួន៤៨ច្បាប់ ព្រមទាំងបានរួមគ្នាអនុវត្តគម្រោងកាត់បន្ថយ ពន្យារការប្រែប្រួលអាកាសធាតុចំនួនប្រហែល ៧០គម្រោងជាមួយប្រទេសរួមគ្នាកសាង «ខ្សែក្រវាត់និងផ្លូវ» ចំនួនជាង៣០ និងបានរួមគ្នាកសាងតំបន់គំរូស្តីពីកាបូនទាប។ លើសពីនេះទៅទៀត នៅរដ្ឋធានីប៉ារីស កាលពីខែវិច្ឆិកា ឆ្នាំ២០១៥ ក្នុងរយៈពេលជាង៣០ម៉ោង លោក Xi Jinping ប្រធានរដ្ឋចិនបានផ្លាស់ប្តូរមតិយោបល់យ៉ាងស៊ីជម្រៅ ជាមួយអ្នកយោបាយបរទេសសំខាន់ៗជាច្រើនរូប ទើបសមាជិកទាំងអស់នៃអង្គមហាសន្និបាត ស្តីពីបម្រែបម្រួលអាកាសធាតុ បានយល់ស្របគ្នាថា បើគ្មានការគំាទ្រដ៏មានប្រសិទ្ធភាពពីលោក Xi Jinping ប្រធានរដ្ឋចិន មហាសន្និបាតនេះមិនជាអាចឈាន ដល់កិច្ចព្រមព្រៀងរួមបានឡើយ។

ជារួម ស្របពេលដែលប្រាជ្ញាចិនស្តីពីកិច្ចកសាងសហគមន៍ជោគវាសនារួម នៃមនុស្សជាតិឈានជើងចូលក្នុងទសវត្សរ៍ថ្មីមួយ មនុស្សជាតិទាំងអស់គ្នាយល់កាន់តែស៊ីជម្រៅពីប្រាជ្ញាចិន ដែលមានសុបិនរួមគ្នា ដើម្បីកសាងភាពជាដៃគូដែលផ្តល់ កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងសម្រេចសេចក្តីប្រាថ្នារួមនៃការអភិវឌ្ឍ សន្តិភាព វិបុលភាព សមភាព និងភាពយុត្តិធម៌រីកដុះដាលនៅទូទាំងពិភពលោក៕

ដោយបណ្ឌិត ជា មុនីឫទ្ធិ
សមាជិកគណៈប្រតិបត្តិសមាគមមិត្តភាពកម្ពុជា-ចិន