(មូស្គូ)៖ សង្គ្រាមអ៊ុយក្រែននឹងឈានចូលដល់ឆ្នាំថ្មីនាវេលាប៉ុន្មានថ្ងៃខាងមុខទៀតនេះ។ ក្នុងពេល ដែលឆ្នាំថ្មីជិតឈានមកដល់, រុស្ស៊ីបានប្រកាសជោគជ័យ លើការដណ្តើមយកទីក្រុងគន្លឹះ Mariinka, ចំណែកអ៊ុយក្រែនប្រកាសការវាយបំផ្លាញកប៉ាល់ចម្បាំងដឹកជញ្ជួនដ៏ធំមួយរបស់រុស្ស៊ីក្នុងតំបន់គ្រីមៀរ។ រុស្ស៊ីនិងអ៊ុយក្រែន បានត្រៀមការនាំសង្គ្រាមដែលអូសបន្លាយដ៏យូរមកនេះ ចូលទៅកាន់ឆ្នាំថ្មីខាងមុខនេះទៀត។

ខណៈឆ្នាំសកលថ្មីជិតឈានមកដល់, រុស្ស៊ីបានប្រកាសការដណ្តើមយកទីក្រុងគន្លឹះ Mariinka នាភាគខាងកើតអ៊ុយក្រែន ចំណែកអ៊ុយក្រែនបានប្រកាស ជោគជ័យការវាយប្រហារដាក់លើកំពង់ផែសមុទ្ទខ្មៅក្នុងតំបន់គ្រីមៀរដែលរុស្ស៊ីបានគ្រប់គ្រង។ ដំណឹងប្រកាសជោគជ័យទាំងសងខាងនេះ គឺជាដំណឹងមួយ កើតឡើង នៅមុនតែប៉ុន្មានថ្ងៃ ដែលឆ្នាំ២០២៣នឹងត្រូវបិទបញ្ចប់ ឈានចូលឆ្នាំថ្មី២០២៤។ ការវាយប្រហារជាមួយការបង្ហាញនូវជោគជ័យដាក់គ្នា ទៅវិញទៅមកនេះ បានកើតឡើងនៅក្នុងសប្តាហ៍ទី៤ខែធ្នូដែលជាសប្តាហ៍ចុងក្រោយនៃដំណាច់ឆ្នាំ២០២៣។

* ក្រុងគន្លឹះMariinka ដែលការពារ៩ឆ្នាំដោយអ៊ុយក្រែនបានធ្លាក់ចូលក្នុងការកាន់កាប់របស់រុស្ស៊ី
ក្រុង Mariinka ដែលធ្លាប់ជាជំរករបស់មនុស្សរស់នៅប្រមាណ១ម៉ឺននាក់ បានក្លាយជាគោលដៅនៃទីក្រុងវាយដណ្តើមយករបស់រុស្ស៊ី ចាប់តាំងពីមាន សង្គ្រាមថ្ងៃទី២៤ កុម្ភៈ ឆ្នាំ២០២២ បានផ្ទុះឡើយ។ ទីក្រុងនេះត្រូវបានអ៊ុយក្រែនគ្រប់គ្រង និងប្រើប្រាស់ជាតំបន់យុទ្ធសាស្ត្រចាប់តាំងពីឆ្នាំ២០១៤នោះមក បើទោះបីជាតំបន់ភាគខាងកើតខ្លះត្រូវបានរុស្ស៊ីចូលគ្រប់គ្រងខ្លះ រួមទាំងតំបន់គ្រីមៀរនោះទៀតក៏ដោយ។ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu បានរាយការណ៍ជុំវិញជ័យជំនះលើក្រុង Mariinka ប្រាប់មេដឹកនាំរុស្ស៊ី លោក វ្លាឌីមៀរ ពូទីនថា «ប្រមាណ៩ឆ្នាំមកនេះ, កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានពង្រឹងក្រុងនោះជាទីតាំងដ៏រឹងមាំ ដែលមានភ្ជាប់នឹងផ្លូវនៅក្រោមដីផងដែរ»។

លោកបន្តថា «ផ្លូវនីមួយៗក្នុងក្រុងនោះបានរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធការពាររឹងមាំដើម្បីការពារការវាយលុករបស់សត្រូវទាំងតាមផ្លូវអាកាស, ពីការបាញ់ ផ្លោងកាំភ្លើងធំ និងមានប្រព័ន្ធទំនាក់ទំនងនៅក្រោមដីថែមទៀត»។ ប៉ុន្តែទីបំផុតទីតាំងដ៏រឹងមាំនេះ ត្រូវបានធ្លាក់ចូលក្នុងរង្វង់ការកាន់កាប់របស់រុស្ស៊ី ទាំងស្រុងនៅថ្ងៃដែលពិភពលោកប្រារព្ធបុណ្យគ្រីស្មាស់។ ទីក្រុងគន្លឹះនេះ ចាប់តាំងពីខែវិច្ឆិកាឆ្នាំ២០២២ បានរងការបំផ្លាញស្ទើរអស់ទាំងស្រុងទៅហើយ និងទីក្រុងដែលធ្លាប់មានមនុស្សរស់នៅប្រមាណ១ម៉ឺននាក់មកនោះ ក៏ក្លាយជាទីក្រុងខ្មោចដោយមិនមានប្រជាជនស៊ីវិលបន្តរស់នៅទៀតឡើយ។

នៅក្នុងខែធ្នូឆ្នាំ២០២៣ រុស្ស៊ី បានវាយសង្ខើញបង្ខំចូលកាន់កាប់ក្នុងក្រុងនេះស្ទើរអស់ទាំងស្រុង និងរហូតដល់ថ្ងៃទី២៥ធ្នូឆ្នាំ២០២៣ រុស្ស៊ីបានប្រកាស ជ័យជំនះក្នុងការគ្រប់គ្រងក្រុងនេះបានទាំងមូល។ កងកម្លាំងយោធាអ៊ុយក្រែនក្នុងពេលដែលមានការប្រកាសរបស់រុស្ស៊ីចូលកាន់កាប់ទីក្រុងនេះ កាលពីថ្ងៃទី២៥ធ្នូនោះ បានប្រញាប់ថ្លែងបដិសេធអំពីការបាត់បង់ទីក្រុងនោះ ប៉ុន្តែមួយថ្ងៃក្រោយមក, អគ្គមេបញ្ជាការកងទ័ពអ៊ុយក្រែនលោកឧត្តមសេនីយ៍ Valerii Zaluzhnyi បានថ្លែងទទួលស្គាល់ថាក្រុង Mariinka ដែលបានការពាររយៈពេល៩ឆ្នាំរួចមកនោះ ពិតជាបាត់បង់ចូលក្នុងកណ្តាប់ដៃទាហានរុស្ស៊ី ប្រាកដមែន។

លោកឧត្តមសេនីយ៍ Valerii Zaluzhnyi បានថ្លែងថាជីវិតរបស់ទាហានអ៊ុយក្រែន គឺមានសារៈសំខាន់ជាងអ្វីទាំងអស់នាពេលនេះ។ លោកឧត្តមសេនីយ៍ Valerii Zaluzhnyi បានបញ្ជាក់បន្តថាកងកម្លាំងអ៊ុយក្រែន ត្រូវបានចាកចេញពីក្នុងក្រុងនេះ ទៅកាន់តំបន់នៃទីជាយក្រុងវិញ។ Mariinka ដែលជាច្រកទ្វារ សំខាន់មួយក្នុងដំណើរឆ្ពោះទៅកាន់ Donetsk ទោះជាយ៉ាងណាក៏ដោយ បានក្លាយជាក្រុងដែលសេសសល់តែគំនរផេះផង់តែប៉ុណ្ណោះសម្រាប់រុស្ស៊ី ចូលកាន់កាប់នាពេលនេះ។ មេដឹកនាំរុស្ស៊ី លោក វ្លាឌីមៀរ ពូទីនបានសាទរចំពោះការវាយដណ្តើមយកក្រុង Mariinka និង ចាត់ទុកថាវាជា «ជោគជ័យ»។ លោកបាននិយាយថាពេលនេះ កងទ័ពអ៊ុយក្រែន ត្រូវបានវាយរុញច្រានឱ្យចេញឆ្ងាយពីតំបន់ Donetsk ដែលធ្លាប់ជាកន្លែងអ៊ុយក្រែនប្រើប្រាស់ជាទៀងទាត់ ក្នុងការបាញ់ផ្លោងដាក់មកលើទាហានរុស្ស៊ីចេញមកពីក្រុង Mariinka នោះ។

លោក ពូទីនបានថ្លែងទៀតថា ការដណ្តើមបានយកក្រុងគន្លឹះនេះ គឺជាឱកាសមួយសម្រាប់ឱ្យកងកម្លាំងរុស្ស៊ីធ្វើដំណើរនៃប្រតិបត្តិការរបស់ខ្លួនចូលយ៉ាងជ្រៅ ទៅក្នុងខេត្តដូណេតស៍។ ការបាត់បង់ក្រុងគន្លឹះនេះ បានទន្ទឹមនឹងភាពត្អូញត្អែររបស់ទាហានអ៊ុយក្រែនជុំវិញការខ្វះគ្រាប់រំសេវក្នុងការធ្វើសង្គ្រាមប្រឆាំងនឹង រុស្ស៊ី គ្រាដែលសំណើជំនួយយោធាច្រើនសិបពាន់លាន ដុល្លារទាំងកញ្ចប់ជំនួយយោធាពីសហរដ្ឋអាមេរិកនិងកញ្ចប់ជំនួយពីសហភាពអឺរ៉ុប ត្រូវបានរាំងស្ទះ ដោយសារការកើតទំនាស់មិនឯកភាពផ្ទៃក្នុងនៅសហរដ្ឋអាមេរិកនិងនៅក្នុងប្លុកអឺរ៉ុប។ កងកម្លាំងរុស្ស៊ី ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ត្រូវគេឃើញបានបង្កើន ការវាយប្រហាររបស់ខ្លួនចូលទៅក្នុងតំបន់សំខាន់ៗមួយចំនួនលើសមរភូមិដែលមានប្រវែងជាង១ពាន់២០០គីឡូម៉ែត្រ ។ ជាមួយនឹងការបាត់បង់ក្រុង Mariinka នោះ, ក្រុងគន្លឹះមួយទៀតដែលស្ថិតនៅក្បែរនោះដែរ គឺក្រុង Avdiivka ក៏កំពុងស្ថិតក្រោមរង្វង់ការឡោមព័ទ្ធរបស់ទាហានរុស្ស៊ីថែមទៀត។

កងកម្លាំងអ៊ុយក្រែនខណៈដែលប្រឈមនឹងការខ្វះខាតគ្រាប់រំសេវ ក៏មានការប្រឈមនឹងបញ្ហាជ្រើសរើសរកកម្លាំងទ័ពថ្មីជាបន្ថែមទៀតដើម្បីបន្តការធ្វើ សង្គ្រាម។ កាលពីសប្តាហ៍មុន ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយថា កងកម្លាំងយោធាអ៊ុយក្រែនបានស្នើរកការបន្ថែម ចំនួនទ័ព និងលោកគ្រោងនឹងរើសមនុស្សបន្ថែមចំនួន៥០ម៉ឺននាក់ដើម្បីការចូលបំរើទ័ព ប៉ុន្តែ អគ្គមេបញ្ជាការកងទ័ពអ៊ុយក្រែន លោកឧត្តមសេនីយ៍ Valerii Zaluzhnyi បានបដិសេធ កាលពីថ្ងៃអង្គារនូវអ្វីដែលនិយាយថា ក្រុមយោធាអ៊ុយក្រែន បានចេញសំណើសម្រាប់ការស្វែងរកចំនួនទាហានថ្មីនោះ។ លោក ឧត្តមសេនីយ៍ Valerii Zaluzhnyi ថែមទាំងបាននិយាយទៀតថាលោកមិនពេញចិត្តនឹងកិច្ចការរបស់មន្ត្រីអ៊ុយក្រែនផ្នែកខាងរើសកងទ័ពនោះឡើយ។

ពាក្យសម្តីមិនស្របគ្នារវាងប្រធានាធិបតីអ៊ុយក្រែននិងអគ្គមេបញ្ជាការកងទ័ពអ៊ុយក្រែន ត្រូវគេកត់សម្គាល់ថាបានកើតឡើងដែលនាំឱ្យមានការសង្ស័យ ជុំវិញភាពមិនរលូននៃ ដំណើរការរវាងអ្នកដឹកនាំកាន់អំណាចនិងអ្នកបញ្ជាកងកម្លាំងផ្ទាល់នៅលើសមរភូមិ។ ប៉ុន្តែក្នុងការឆ្លើយតបនឹងសំណួរអ្នកកាសែត ដែលចង់ដឹងអំពីបញ្ហានេះ, លោក ហ្សេឡិនស្គី បានថ្លែងបង្ហាញកន្លងមកនេះថា លោកនៅតែបន្តធ្វើកិច្ចការល្អជាមួយនឹងអគ្គមេបញ្ជាការកងទ័ពអ៊ុយក្រែន នោះជាដដែលទេ។

* អ៊ុយក្រែនប្រកាសជោគជ័យវាយប្រហារដាក់លើកំពង់ផែនៅតំបន់គ្រីមៀរ
ខណៈដែលក្រុង Mariinka បានធ្លាក់ចូលក្នុងកណ្តាប់ដៃរបស់រុស្សី, អ៊ុយក្រែនបានប្រកាសនៅ ថ្ងៃទី២៦ធ្នូថា គេមានជោគជ័យក្នុងការវាយប្រហារ តាមផ្លូវអាកាសដាក់លើកំពង់ផែហ្វ៊ីដូស្យា Feodosiya ក្នុងតំបន់គ្រីមៀរ។ កងកម្លាំងអាកាសរបស់អ៊ុយក្រែនបានវាយប្រហារដាក់លើកំពង់ផែ Feodosiya កាលពីថ្ងៃអង្គារ៍ទី២៦ធ្នូ ដោយបណ្តាលឱ្យខូចខាតកប៉ាល់ចម្បាំងមួយរបស់រុស្ស៊ី។ អ៊ុយក្រែនបានអះអាងថាគេបានបំផ្លាញកប៉ាល់ចម្បាំងដ៏ធំរបស់រុស្ស៊ីនោះ ប៉ុន្តែ ក្រសួងការពារជាតិរុស្ស៊ីបានថ្លែងថាកប៉ាល់ឈ្មោះ ណូ វ៉ូឈើកកាស Novocherkkassk ដែល រងការវាយប្រហារនោះគ្រាន់តែបានរងនឹងការខូចខាត តែប៉ុណ្ណោះ។ កប៉ាល់ចម្បាំងដ៏ធំនេះ ត្រូវបានយន្តហោះចម្បាំងអ៊ុយក្រែន បានវាយប្រហារដោយការប្រើអាវុធ Guided Missile។

កប៉ាល់ណូ វ៉ូឈើកកាស Novocherkkassk គឺជាកប៉ាល់ប្រើប្រាស់សម្រាប់ដឹកជញ្ជួនកងទ័ព និងដឹកអាវុធយុទ្ធភណ្ឌនានារបស់រុស្ស៊ីដើម្បីបំរើក្នុងការប្រយុទ្ធ នឹងអ៊ុយក្រែន។ មនុស្សម្នាក់បានស្លាប់ និងច្រើននាក់រងរបួសនៅក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ុយ ក្រែនក្នុងពេលនោះ។ អគារចំនួន៦ បានរងការខូចខាត និងពលរដ្ឋមួយចំនួនត្រូវបានគេជម្លៀសចូលក្នុងទីកន្លែងការពារដើម្បីសុវត្ថិភាព។ នៅក្នុងសេចក្តីរាយការណ៍ចុងក្រោយ ២៤ម៉ោងនេះ ថែមទៀត រុស្ស៊ីបានបាញ់មីស៊ីលដាក់លើស្ថានីយរថភ្លើងក្រុង Kherson របស់អ៊ុយក្រែនដោយបានធ្វើឱ្យប៉ូលីសម្នាក់ស្លាប់ និងបួននាក់បានរងរបួស។

ការបាញ់ប្រហារនេះ បានទន្ទឹមនឹងរថភ្លើងមួយគ្រឿងកំពុងតែធ្វើការដឹក ជម្លៀសមនុស្ស១៤០នាក់ក្នុងការចាកចេញពីក្រុង Kherson។ រុស្ស៊ីវេលា ២៤ម៉ោង ចុងក្រោយនេះទៀត នៅបានបង្ហោះដ្រូនអត្តឃាតចំនួន ១៩គ្រឿងដាក់មក លើបណ្តាក្រុងអ៊ុយក្រែនទាំងកណ្តាលយប់ថែមទៀត ប៉ុន្តែត្រូវប្រព័ន្ធការពារ អាកាសអ៊ុយក្រែនបានបាញ់ទម្លាក់អស់ចំនួន១៣គ្រឿង។

សង្គ្រាមក្នុងអ៊ុយក្រែន បានអូសបន្លាយរយៈពេល៦៧២ថ្ងៃហើយគិតត្រឹមថ្ងៃទី២៧ធ្នូឆ្នាំ ២០២៣។ ការព្យាករណ៍មុននេះរំពឹងថាសង្គ្រាមនឹងអាចចប់ សព្វគ្រប់ ក្នុងឆ្នាំ២០២៣នេះ ប៉ុន្តែ មិនបានកើតឡើងឡើយ។ សង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន នឹងបន្តចូលក្នុងឆ្នាំ២០២៤ថែមទៀត និងគេមិនដឹងថាតើ សង្គ្រាមនឹងបញ្ចប់ដោយវិធីណានិងនៅពេលណាមួយឡើយ៕

រូបភាពពី Reuters