(ប៉េកាំង)៖ នៅថ្ងៃពុធនេះ រដ្ឋាភិបាលចិនបានព្រមានដាក់ទណ្ឌកម្មពាណិជ្ជកម្មបន្ថែមទៀតលើតៃវ៉ាន់ ប្រសិនបើគណបក្សកាន់អំណាចតៃវ៉ាន់ នៅតែបន្តចចេសប្រកាន់ខ្ជាប់គោលការណ៍ចង់បានឯករាជ្យផ្លូវការ សម្រាប់ដែនកោះមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី២៧ ខែធ្នូ ឆ្នាំ២០២៣។

ក្នុងខែធ្នូនេះ តៃវ៉ាន់បានចោទប្រកាន់ចិនពីការគាបសង្កត់សេដ្ឋកិច្ច និងពីការលូកលាន់កិច្ចការបោះឆ្នោត ក្រោយទីក្រុងប៉េកាំង បានប្រកាស​បិទបញ្ចប់នូវការកាត់បន្ថយពន្ធ សម្រាប់ផលិតផលគីមីមួយចំនួន ដែលនាំចេញទៅពីកោះតៃវ៉ាន់ ក្រោមហេតុផល ទីក្រុងតៃប៉ិ បានរំលោភបំពានកិច្ចព្រមព្រៀង​ពាណិជ្ជកម្មមួយរវាងភាគីទាំងពីរ ដែលត្រូវបានចុះហត្ថលេខាកាលពីឆ្នាំ២០១០។

លោក Chen Binhua អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់របស់ប្រទេសចិន បាននិយាយថា «ដើមចមនៃបញ្ហាពាក់ព័ន្ធកិច្ចព្រមព្រៀង​ឆ្នាំ២០១០ គឺការដែលគណបក្ស DPP ប្រកាន់គោលជំហរចង់បានឯករាជ្យផ្លូវការសម្រាប់កោះតៃវ៉ាន់។ ប្រសិនបើអាជ្ញាធរគណបក្ស DPP នៅតែតាំងចិត្តជម្នះធ្វើយ៉ាងដូច្នោះ ដោយបន្តប្រកាន់ខ្ជាប់ គោលជំហរឯករាជ្យតៃវ៉ាន់ ហើយមិនព្រមបង្ហាញការសោកស្តាយនិងកែប្រែកំហុស នោះយើងនឹងគាំទ្រឱ្យអាជ្ញាធរពាក់ព័ន្ធរបស់ចិន ចាត់វិធានការបន្ថែមទៀតដោយស្របតាមច្បាប់ និងបទបញ្ញត្តិផ្សេងៗ។

គួរបញ្ជាក់ថា ចិនមានការមិនពេញចិត្តនោះឡើយទាំងចំពោះបក្ស DPP និងចំពោះបេក្ខជនមេដឹកនាំតៃវ៉ាន់ថ្មីរបស់គណបក្សនេះ គឺមេដឹកនាំរងតៃវ៉ាន់បច្ចុប្បន្ន លោក Lai Ching-te ដែលកំពុងមានសំឡេងប្រជាប្រិយភាពនាំមុខគេ សម្រាប់ការបោះឆ្នោតនាដើមឆ្នាំក្រោយ។ តៃវ៉ាន់នឹងរៀបចំការបោះឆ្នោតជ្រើសរើសមេដឹកនាំ និងការបោះឆ្នោតសភាអាណត្តិថ្មី នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤៕

រូបភាពពី Reuters