(ញូវដែលី)៖ អាជ្ញាធរបាននិយាយថា មានហេតុការណ៍ផ្ទុះមួយកើតឡើង នៅក្បែរស្ថានទូតអ៉ីស្រាអែល នៅក្នុងទីក្រុងញូវដេលី របស់ប្រទេសឥណ្ឌា កាលពីថ្ងៃអង្គារសប្តាហ៍នេះ ប៉ុន្តែមិនបណ្តាលឲ្យប៉ះពាល់ដល់អាយុជីវិត ឬរបួសសមាជិកណាម្នាក់នោះទេ ហើយករណីនេះកំពុងស្ថិតក្រោមការស៉ើបអង្កេត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៧ ខែធ្នូ ឆ្នាំ២០២៣។

អ្នកនាំពាក្យស្ថានទូតអ៉ីសា្រអែល លោក Guy Nir បានប្រាប់ Reuters ថា នៅអំឡុងម៉ោង ៥ និង២០នាទីល្ងាចថ្ងៃអង្គារ (ម៉ោងក្នុងតំបន់) មានហេតុការផ្ទុះមួយនៅជិតបរិវេណស្ថានទូត ប៉ុន្តែតាមការស្រាវជ្រាវ ៣ម៉ោងក្រោយមក មិនទាន់រកឃើញ ព័ត៌មានអ្វីទេ។ ក្រុមមន្រ្តីក៏ចុះត្រួតពិនិត្យដល់ទីតាំងកើតហេតុ និងមិនទាន់បើកឡើងវិញ សម្រាប់សាធារណជនទូទៅនោះទេ ខណៈមិនមានព័ត៌មានអំពីអ្នករងរបួស។ នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយ ដោយការិយាល័យនាយករដ្ឋមន្រ្តី លោក ណេតាន់យ៉ាហ៊ូ ក្រុមប្រឹក្សាសន្តិសុខអ៉ីសា្រអែល បានដល់ពលរដ្ឋរបស់ខ្លួននៅក្នុងប្រទេសឥណ្ឌា ជាពិសេសនៅទីក្រុងញូវដែលី ឲ្យអនុវត្តការប្រុងប្រយ័ត្ន។

គួរបញ្ជាក់ថា កាលពីខែមករា ឆ្នាំ២០២១ ការបំផ្ទុះគ្រាប់បែកតូចមួយ ធ្លាប់កើតឡើងនៅក្បែរស្ថានទូតអ៉ីសា្រអែលក្នុងទីក្រុងញូវដែលី ដោយមិនបង្កផលប៉ះពាល់អ្វីនោះទេ។ កាលណោះ មន្រ្តីមួយរូបរបស់អ៉ីសា្រអែល បានចាត់ទុកឧប្បត្តិហេតុនោះ ជាអំពើភេរវកម្ម៕

រូបភាពពី Reuters