(គូឡាឡាំពួ)៖ រដ្ឋ Johor និងរដ្ឋ Sabah គឺជារដ្ឋចុងក្រោយបង្អស់ក្នុងប្រទេសម៉ាឡេស៉ី ដែលរងគ្រោះដោយសារតែទឹកជំនន់ ដោយចំនួនសរុបកើន៦រដ្ឋ ហើយពលរដ្ឋដែលត្រូវជម្លៀសខ្លួនទៅកាន់ទីជម្រកបណ្តោះអាសន្ន ចេញពីរដ្ឋទាំង ៦កើនឡើងដល់ ២៨,៣១០នាក់ គិតត្រឹមព្រឹកថ្ងៃពុធ (ម៉ោងក្នុងតំបន់)។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៧ ខែធ្នូ ឆ្នាំ២០២៣។

ទីភ្នាក់ងារជាតិគ្រប់គ្រងគ្រោះមហន្តរាយរបស់ម៉ាឡេស៉ី (Nadma) បានឲ្យដឹងថា Kelantan គឺជារដ្ឋដែលមានអ្នកជម្លៀសខ្លួនច្រើនជាងគេគឺចំនួន ១៧,៤៦៦នាក់ ស្នាក់នៅក្នុងចំណោមមជ្ឈមណ្ឌលសង្រ្គោះបណ្តោះអាសន្នទាំង ៨៩កន្លែង។ រីឯអ្នកជម្លៀសខ្លួនមកពីរដ្ឋ Terengganu បានថយចុះនៅមកត្រឹមចំនួន ១០,១០៣នាក់។ ចំណែកអ្នកមកពីរដ្ឋ Pahang មានចំនួន ៤៨៥នាក់ ស្នាក់នៅក្នុងមជ្ឈមណ្ឌលសង្រ្គោះបណ្តោះអាសន្នចំនួន ៩កន្លែង។ រដ្ឋ Sabah មានចំនួន ១៦៩នាក់ ស្នាក់នៅមជ្ឈមណ្ឌលសង្គ្រោះបណ្តោះអាសន្នចំនួន ៣កន្លែង ខណៈអ្នកមកពីរដ្ឋ Johor មាន ៨៣នាក់ ស្នាក់នៅក្នុងមជ្ឈមណ្ឌលសង្គ្រោះបណ្តោះអាសន្នមួយកន្លែង។ ដោយឡែកមជ្ឈមណ្ឌលសង្គ្រោះបណ្តោះអាសន្នទាំង ៩ក្នុងរដ្ឋ Pahang នៅតែបើកទ្វារ ហើយមួយក្នុងចំណោមនោះដែលស្ថិតនៅតំបន់ Cameron Highlands បានបន្តផ្តល់កន្លែងស្នាក់សម្រាប់ជនរងគ្រោះ ៨៧នាក់ដែលត្រូវផ្លាស់ទីលំនៅព្រោះតែបំណាក់ដី។

គួរបញ្ជាក់ថា ភ្លៀងដែលកំពុងបន្តធ្លាក់ ក៏ត្រូវបានគេរំពឹងថានឹងកើតឡើងនៅទូទាំងរដ្ឋ Terengganu រដ្ឋ Pahang និងរដ្ឋ Johor របស់ម៉ាឡេស៉ី៕

រូបភាពពីគណនី Facebook របស់អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយម៉ាឡេស៉ី