(បាងកក)៖ អាជ្ញាធរថៃបានឱ្យដឹងនាថ្ងៃពុធនេះថា គ្រោះទឹកជំនន់នៅភាគខាងត្បូងប្រទេសថៃ បានផ្តាច់ជីវិតមនុស្សយ៉ាងហោចចំនួន៦នាក់ ខណៈប្រជាជនរាប់ម៉ឺននាក់ បាននិងកំពុងបន្តទទួលរងផលប៉ះពាល់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី២៧ ខែធ្នូ ឆ្នាំ២០២៣។

គ្រោះទឹកជំនន់ដែលបានចាប់ផ្តើម កាលពីថ្ងៃទី២២ ខែធ្នូ បានវាយលុកលើលំនៅដ្ឋានជាង៧០,០០០ខ្នង នៅតាមខេត្តផ្សេងៗ រួមមានដូចជា Satun, Songkhla, Pattani, Yala និង Narathiwat។ មនុស្ស៦នាក់ដែលស្លាប់ រួមមានទាំងស្រ្តីវ័យ៨៩ឆ្នាំម្នាក់ និងកូនក្មេងម្នាក់ គឺស្ថិតនៅខេត្ត Narathiwat។ ទន្ទឹមគ្នានេះ ក៏មានមនុស្សម្នាក់នៅបន្តបាត់ខ្លួន ផងដែរ។

គួរបញ្ជាក់ថា ប្រទេសថៃជាទូទៅតែងតែទទួលរងការជន់លិចជាប្រចាំ នៅអំលុងរដូវភ្លៀង ប៉ុន្តែបើតាមការយល់ឃើញរបស់អ្នកវិទ្យាសាស្រ្ត ការប្រែប្រួលអាកាសធាតុពិភពលោកដែលបង្កឡើងដោយមនុស្ស បាននិងកំពុងធ្វើឱ្យការធ្លាក់ភ្លៀងមានស្ថានភាពធ្ងន់ធ្ងរជាងធម្មតា៕

រូបភាពពី AFP