(មូស្គូ)៖ ប្រធានក្រុមហ៊ុនការពារជាតិ Rostec របស់រដ្ឋាភិបាលរុស្ស៉ី បានឱ្យដឹងនៅថ្ងៃពុធនេះថា ប្រទេសរុស្ស៉ីក្នុងនាពេលឆាប់ៗខាងមុខនេះ នឹងដាក់ពង្រាយប្រព័ន្ធកាំភ្លើងធំស៊េរីថ្មីបំផុតរបស់ខ្លួន ទៅកាន់កងកម្លាំងយោធភូមិភាគខាងជើង ដែលនៅជាប់ព្រំប្រទល់ប្រទេសហ្វាំងឡង់ ព្រមទាំងន័រវែស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី២៧ ខែធ្នូ ឆ្នាំ២០២៣។

ប្រធានក្រុមហ៊ុន Rostec លោក Sergei Chemezov បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ RIA ក្នុងបទសម្ភាសមួយថា ការធ្វើតេស្តលើ​ប្រព័ន្ធកាំភ្លើងធំអាចចល័តដោយខ្លួនឯងស៊េរីថ្មី ហៅថា Coalition-SV គឺបានបញ្ចប់ជាផ្លូវការហើយ ខណៈដំណើរការផលិតពួកវាក្នុង​លក្ខខណ្ឌទ្រង់ទ្រាយធំ ក៏បានចាប់ផ្តើមប្រព្រឹត្តទៅផងដែរ។ បើតាមលោក Chemezov ក្រុមដំបូងនៃប្រព័ន្ធកាំភ្លើងធំស៊េរីនេះ នឹងត្រូវប្រគល់​ឱ្យយោធា​មុនដំណាច់ឆ្នាំនេះ ហើយពួកវានឹងត្រូវដាក់ពង្រាយទៅកាន់ កងកម្លាំងយោធភូមិភាគខាងជើង ក្នុងពេលឆាប់ៗ។

គួរបញ្ជាក់ថា គិតចាប់តាំងពីការបំផ្ទុះសង្រ្គាមឈ្លានពាននៅអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២មក ទីក្រុងមូស្គូបានចោទប្រកាន់ចំពោះ ក្រុមលោកខាងលិចថា ពួកគេកំពុងតែធ្វើសង្រ្គាមប្រើតួអង្គជំនួសជាមួយរុស្ស៉ី ហើយបានព្រមានថា ទីក្រុងមូស្គូនឹងបង្កើនកងកម្លាំងរបស់ខ្លួន នៅតាមព្រំប្រទល់ភាគខាងលិចប្រទេសរុស្ស៉ី បន្ទាប់ពីហ្វាំឡង់បានចូលជាសមាជិករបស់អង្គការណាតូ ដែលដឹកនាំដោយសហរដ្ឋអាមេរិក។

ប្រព័ន្ធកាំភ្លើងធំ Coalition-SV អាចបាញ់បានចម្ងាយរហូតដល់៧០គីឡូម៉ែត្រ និងបំពាក់នូវកាណុងស៊េរីទំនើបថ្មីប្រភេទ 2A88 ដែល​ប្រើប្រាស់គ្រាប់ទំហំ១៥២មីលីម៉ែត្រ ហើយមានសមត្ថភាពបាញ់បានជាង១០គ្រាប់ ក្នុងពេលមួយនាទី។ មិនតែប៉ុណ្ណោះ ប្រព័ន្ធកាំភ្លើងធំនេះ ក៏រួមមានទាំង​ប្រព័ន្ធទំនើបៗផ្សេងទៀតផងដែរ ដូចជាសម្រាប់ដំណើរការ តម្រង់ក្បាលកាណុង និងជ្រើសរើសគោលដៅជាដើម៕

រូបភាពពី Reuters