(កៀវ)៖ រដ្ឋមន្រ្តីមហាផ្ទៃអ៊ុយក្រែន លោក Ihor Klymenko បានឲ្យដឹងថា កងកម្លាំងរុស្ស៉ីបានបាញ់ផ្លោងមកលើស្ថានីយរថភ្លើង ក្នុងទីក្រុង Kherson ស្ថិតនៅភាគខាងត្បូងនៃប្រទេស កាលពីថ្ងៃអង្គារសប្តាហ៍នេះ អំឡុងរថភ្លើងមួយគ្រឿងកំពុងត្រៀមរៀបចំសម្រាប់ជម្លៀសអ្នកស្រុក ដោយបណ្តាលឲ្យ មន្រ្តីប៉ូលិសម្នាក់ស្លាប់ ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៧ ខែធ្នូ ឆ្នាំ២០២៣។

លោក Klymenko និយាយថា មានជនស៉ីវិលប្រហែល ១៤០នាក់បានស្ថិតនៅឯស្ថានីយរថភ្លើងនោះ ហើយភ្លាមៗប៉ូលិសបាននាំពួកគេចេញពីទីតាំង កើតហេតុ។ ប៉ុន្តែ ជាអកុសលមន្រ្តីប៉ូលិសម្នាក់ ត្រូវស្លាប់ក្រោមការបាញ់ផ្លោង។ លោក Klymenko បានបន្ថែមថា រថភ្លើងមួយខ្សែ និងស្ថានីយ បានរងនូវការខូចខាត តែស្ថានការណ៍អាចគ្រប់គ្រងបាន ហើយផ្លូវដែកមួយខ្សែទៀតបានត្រៀមរួចរាល់ដើម្បីបន្តដំណើរការ។

កាលពីព្រឹកថ្ងៃអង្គារសប្តាហ៍នេះ ប្រធានរដ្ឋបាលយោធាក្រុង Kherson លោក Roman Mrochko បាននិយាយថា ទីក្រុងនេះស្ថិតក្រោមការវាយប្រហារ របស់រុស្ស៉ី ក្នុងរយៈពេល ២៤ម៉ោងកន្លងមក ដោយបានធ្វើឲ្យមនុស្ស ៤នាក់រងរបួស។

គួរបញ្ជាក់ថា ទីក្រុង Kherson ត្រូវបានទាហានរុស្ស៉ីដណ្ដើមកាន់កាប់ភ្លាមៗ នៅចុងខែកុម្ភៈ ឆ្នាំ២០២២ បន្ទាប់ពីបើកការឈ្លានពានអ៊ុយក្រែន។ ក្រោម សម្ពាធពីកងទ័ពអ៊ុយក្រែន ទីបំផុតកងកម្លាំងរុស្ស៉ីបានដកថយទៅម្ខាងទៀតនៃទន្លេ Dnipro ដែលហូរកាត់តាមទីក្រុងនេះ។ ចាប់តាំងពីពេលនេះមក Kherson ស្ថិតក្រោមការទម្លាក់គ្រាប់បែករបស់រុស្ស៉ីជាប្រចាំ៕

រូបភាពពី Reuters