(វ៉ាស៊ីនតោន)៖ សេតវិមាន នៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានឱ្យដឹងថាប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងព្រះមហាក្សត្រនៃ ប្រទេសកាតា ព្រះអង្គ សៀស តាមីម ប៊ីន ហាម៉ាត់ អាល់ថានី (Sheikh Tamim bin Hamad Al Thani) បានពិភាក្សាគ្នាពីភាពចាំបាច់នៃការដោះលែង​ចំណាប់ខ្មាំងដែលកំពុងជាប់ឃុំ និងកិច្ចប្រឹងប្រែងដើម្បីបង្កើនលំហូរចូលជំនួយមនុស្សធម៌សម្រាប់ជនស៊ីវិលប៉ាឡេស្ទីនក្នុងតំបន់ហ្កាហ្សា។ នេះបើតាមការ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៧ ខែធ្នូ ឆ្នាំ២០២៣។

កាតា និងអេហ្ស៉ីប បានជួយសម្របសម្រួលឱ្យមានការផ្អាកបាញ់រយៈពេលខ្លីមួយរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស កាលពីចុងខែវិច្ឆិកាកន្លងទៅ។ ប៉ុន្តែ ការសម្របសម្រួលបច្ចុប្បន្ន មិនទាន់ទទួលបានលទ្ធផលនៅឡើយទេ ខណៈជនស៊ីវិលប៉ាឡេស្ទីនបន្តស្លាប់ជារៀងរាល់ថ្ងៃ។ បើតាមក្រសួងសុខាភិបាល ក្នុងតំបន់ហ្កាហ្សា ជនជាតិប៉ាឡេស្ទីនដែលត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៉ីស្រាអែលបានកើនដល់ ២០,៩១៥នាក់ហើយ ក្នុងនោះភាគច្រើន ជាជនស៊ីវិល គិតចាប់តាំងពីក្រុមហាម៉ាសវាយប្រហារលើភាគខាងត្បូងអ៉ីស្រាអែល ដោយសម្លាប់មនុស្ស១,១៣៩នាក់ ភាគច្រើនជាជនស៊ីវិល កាលពណពីថ្ងៃទី៧ ខែតុលាមក។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ សេតវិមានបាននិយាយថា «មេដឹកនាំនៃប្រទេសទាំង២ បានពិភាក្សាគ្នាពីកិច្ចប្រឹងប្រែងជាបន្ទាន់ ដើម្បីធានាឱ្យបាននូវ ការដោះលែងចំណាប់ខ្មាំងទាំងអស់ដែលកំពុងស្ថិតក្រោមការឃុំខ្លួនរបស់ក្រុមហាម៉ាស ក្នុងនោះរួមមានទាំងពលរដ្ឋអាមេរិក ព្រមទាំងការបង្កើនលំហូរ ជំនួយមនុស្សធម៌ផងដែរ»

គួរបញ្ជាក់ថា បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកាតា ព្រះមហាក្សត្រកាតា ទទួលបានការហៅទូរស័ព្ទពីលោក ចូ បៃដិន ដើម្បីពិភាក្សាពីការវិវឌ្ឍចុងក្រោយ និងកិច្ចសម្របសម្រួលរួមបច្ចុប្បន្ន សំដៅបន្ធូរបន្ថយជម្លោះ ដើម្បីបង្កើតលក្ខខណ្ឌឆ្ពោះទៅរកបទឈប់បាញ់អចិន្ត្រៃយ៍មួយ៕

រូបភាពពី Reuters