(ហ្កាហ្សា)៖ ប្រមុខកងទ័ពអ៉ីស្រាអែល បាននិយាយថាសង្រ្គាមរបស់អ៉ីស្រាអែលដើម្បីកម្ទេចក្រុមហាម៉ាស នឹងអូសបន្លាយពេលច្រើនខែទៅមុខទៀត ចំពោះការភ័យខ្លាចកាន់តែខ្លាំងពីការរាលដាលសង្រ្គាមកាន់តែធំ ឬផ្ទុះទៅជាសង្រ្គាមនៅក្នុងតំបន់មជ្ឈិមបូព៌ាទាំងមូល។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៧ ខែធ្នូ ឆ្នាំ២០២៣។

នៅក្នុងសុន្ទរកថាមួយផ្សាយតាមកញ្ចក់ទូរទស្សន៍កាលពីថ្ងៃអង្គារសប្ដាហ៍នេះចេញពីតំបន់ព្រំដែនហ្កាហ្សា នាយអគ្គសេនាធិការកងទ័ពអ៉ីស្រាអែល លោក Herzi Halevi បានលើកឡើងថាដូច្នេះថា «សង្រ្គាមនឹងអូសបន្លាយពេលច្រើនខែទៅមុខ ហើយមិនមានដំណោះស្រាយវេទមន្ត ឬផ្លូវកាត់ ដើម្បីកម្ទេចក្រុមហាម៉ាសនោះទេ គឺមានតែការប្ដេជ្ញាចិត្ត និងតស៊ូប្រយុទ្ធតែប៉ុណ្ណោះ»។ លោក Halevi បន្ថែមថាយោធាអ៉ីស្រាអែល ក៏នឹងកំណត់គោលដៅលើមេដឹកនាំរបស់ក្រុមហាម៉ាសផងដែរ បើទោះជាត្រូវប្រើពេលច្រើនសប្ដាហ៍ ឬច្រើនខែក៏ដោយ។

គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារ យោធាអ៉ីស្រាអែលក៏បានប្រកាសផងដែរពីការពង្រីកសង្រ្គាមកម្ទេចក្រុមហាម៉ាស ទៅកាន់ភាគកណ្ដាលនៃតំបន់ហ្កាហ្សា ខណៈសង្រ្គាមកំពុងបន្តធ្វើឡើងនៅភាគខាងជើង និងភាគខាងត្បូង។ យោធាអ៉ីស្រាអែល បានប្រាប់ឱ្យប្រជាជនស៊ីវិលប៉ាឡេស្ទីន ចាកចេញពីតំបន់ វាយប្រយុទ្ធគ្នា តែក្រុមមន្ត្រី UN បានអះអាងថាប្រជាជនស៊ីវិលប៉ាឡេស្ទីន មិនមានកន្លែងសុវត្ថិភាពណាត្រូវទៅទៀតនោះទេ ស្របពេលការប្រយុទ្ធគ្នា រាលដាលពេញតំបន់ហ្កាហ្សា៕

រូបភាពពី Reuters