(វ៉ាស៊ីនតោន)៖ ក្រុមមន្ត្រីអាមេរិក នៅក្នុងទីក្រុង Denver នៃរដ្ឋ Colorado បានបើកការស៊ើបអង្កេត ក្រោមកិច្ចសហការជាមួយប៉ូលិស FBI លើ សេចក្ដីរាយការណ៍ពីការគំរាមកំហែងប្រឆាំងនឹងចៅក្រមតុលាការកំពូលប្រចាំរដ្ឋ Colorado តែមួយសប្ដាហ៍ប៉ុណ្ណោះបន្ទាប់ពីតុលាការនេះ ហាមមិនឱ្យលោក ដូណាល់ ត្រាំ ឈរឈ្មោះនៅក្នុងការបោះឆ្នោតបឋមរបស់គណបក្សសាធារណរដ្ឋនៅក្នុងរដ្ឋមួយនេះ។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៧ ខែធ្នូ ឆ្នាំ២០២៣។

នាយកដ្ឋានប៉ូលិសទីក្រុង Denver ក៏បានឱ្យដឹងកាលពីថ្ងៃអង្គារសប្ដាហ៍នេះដែរថាប៉ូលិសនឹងធ្វើការល្បាតបន្ថែម នៅជុំវិញផ្ទះរបស់ចៅក្រម នៃតុលាការកំពូលរដ្ឋ Colorado ដែលបានចេញសាលក្រមក្នុងសំឡេងគាំទ្រ៤ ទល់នឹង ៣សំឡេងជំទាស់ កាលពីថ្ងៃទី១៩ ខែធ្នូ ដោយសម្រេចថា លោក ដូណាល់ ត្រាំ មិនស័ក្តិសមកាន់តំណែងនៅសេតវិមាន និងមិនអាចឈរឈ្មោះនៅក្នុងការបោះឆ្នោតបឋមរបស់គណបក្សសាធារណរដ្ឋ ក្នុងរដ្ឋ Colorado ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤នោះទេ។ ការសម្រេចនេះដែរធ្វើឡើងដោយផ្អែកលើផ្នែកទី៣ នៃច្បាប់វិសោធនកម្មទី១៤ ដែលកំណត់ពីការហាមឃាត់អ្នកដែលចូលរួមក្នុងសកម្មភាពឧទ្ទាម ឬបះបោរមិនឱ្យកាន់តំណែងនៅសេតវិមាន។

លោក ដូណាល់ ត្រាំ ត្រូវបានគេចោទប្រកាន់ថាបានប្រព្រឹត្តល្មើសរដ្ឋធម្មនុញ្ញ ពាក់ព័ន្ធនឹងតួនាទីរបស់លោកអំឡុងការវាយប្រហារលើវិមាន Capitol ពីសំណាក់ក្រុមអ្នកគាំទ្ររបស់លោក កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ដែលត្រូវបានចាត់ទុកថាជាសកម្មភាពបះបោរ។

គួរបញ្ជាក់ថា ខាងប៉ូលិស FBI ក៏បានអះអាងដែរថាខ្លួនកំពុងជួយដល់អាជ្ញាធរក្នុងតំបន់ ដើម្បីស៊ើបអង្កេតលើសេចក្ដីរាយការណ៍ពីការគំរាមកំហែង ប្រឆាំងនឹងចៅក្រមតុលាការកំពូលប្រចាំរដ្ឋ Colorado។

រូបភាពពី Reuters