(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង កាលពីថ្ងៃអង្គារ ទី២៦ ខែធ្នូនេះបានសន្យាយ៉ាងម៉ឺងម៉ាត់ថានឹងរារាំងមិនឱ្យនរណាបំបែកតៃវ៉ាន់ ចេញពី ចិនជាដាច់ខាត ដោយប្រើគ្រប់មធ្យោបាយទាំងអស់ ខណៈសល់ជាង ២សប្ដាហ៍ទៀត កោះតៃវ៉ាន់នឹងរៀបចំការបោះឆ្នោតសកលជ្រើសរើសមេដឹកនាំថ្មី របស់ខ្លួន។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយចិន Xinhua ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

​តាមប្រព័ន្ធផ្សព្វផ្សាយចិន Xinhua លោក ស៊ី ជីនពីង ធ្វើការកត់សម្គាល់ខាងលើប្រាប់ទៅកាន់មន្ត្រីកំពូលៗនៃគណបក្សកុម្មុយនិស្តចិន។ លោក ស៊ី ជីនពីង បានគូសបញ្ជាក់ដូច្នេះថា «មាតុភូមិរបស់យើងត្រូវតែបង្រួបបង្រួមគ្នា ហើយការបង្រួបបង្រួមនេះគឺជារឿងចៀសមិនរួច»។ លោកបានសង្កត់ធ្ងន់ទៀតថា ចិនត្រូវតែធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅរវាងភាគីទាំង២ លើកកម្ពស់ការអភិវឌ្ឍដោយសន្តិវិធីនៅទូទាំងតំបន់ច្រកសមុទ្រតៃវ៉ាន់ និងសន្យាយ៉ាងម៉ឺងម៉ាត់ រារាំងមិនឱ្យនរណាបំបែកតៃវ៉ាន់ចេញពីចិនជាដាច់ខាត។ ប៉ុន្តែ លោក ស៊ី ជីនពីង មិនបានលើកឡើងពីការប្រើប្រាស់កម្លាំងយោធាប្រឆាំងនឹងតៃវ៉ាន់ ឬក៏ការបោះឆ្នោតសកលរបស់តៃវ៉ាន់ នោះទេ។

គួរបញ្ជាក់ថា តៃវ៉ាន់ នឹងត្រូវរៀបចំការបោះឆ្នោតសកលដើម្បីជ្រើសរើសមេដឹកនាំថ្មីរបស់ខ្លួន នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ ខណៈមេដឹកនាំសព្វថ្ងៃ គឺលោកស្រី សៃ អ៉ីងវិន ត្រូវផុតអាណត្តិ៕

រូបភាពពី Reuters