(វ៉ាស៊ីនតោន)៖ ២០២៣​ គឺជាឆ្នាំដ៏លំបាកមួយសម្រាប់ពិភពលោកទាំងមូល ដោយការបែកបាក់គ្នាកាន់តែមានលក្ខណៈស៊ីជម្រៅ រីឯសង្រ្គាមចាស់ថ្មី បាន និងកំពុងបន្ត និងផ្ទុះឡើង ហើយការប្រជែងដណ្ដើមឥទ្ធិពលគ្នា ក៏ដូចជាភូមិសាស្ត្រនយោបាយរវាងពួកកំពូលមហាអំណាច ក៏កាន់តែមានសភាព ស្រួចស្រាល់ រហូតទោះបីជាមេដឹកនាំរបស់ពួកគេបានជួបពិភាក្សាគ្នាក៏ដោយ ក៏កិច្ចពិភាក្សាទំាំងនោះសម្រេចបានភាពជឿនលឿនតិចតួចប៉ុណ្ណោះ។

ខាងក្រោមនេះជាព្រឹត្តិការណ៍ពិភពលោកសំខាន់ៗបំផុតទាំង១០ ដែលបានកើតឡើងក្នុងឆ្នាំ២០២៣ ហើយមានខ្លះអាចនឹងបន្តដល់ឆ្នាំ២០២៤៖

១០. ការដើរថយក្រោយនៃប្រជាធិបតេយ្យ៖ អង្គការ Freedom House បានប្រកាសថាឆ្នាំ២០២៣ គឺឆ្នាំទី១៧ជាប់ៗគ្នានៃការដើរថយក្រោយនៃ លទ្ធិប្រជាធិបតេយ្យ និងសេរីភាពនៅទូទាំងសកលលោក។ ជាភស្តុតាង រដ្ឋប្រហារបានក្លាយជា «ជំងឺឆ្លងមួយ» នៅក្នុងតំបន់អាហ្រិ្វក។ នៅខែកក្កដា ឆ្នាំ២០២៣ យោធានៃប្រទេសនីហ្សេបានធ្វើរដ្ឋប្រហារទម្លាក់លោកប្រធានាធិបតីស្របច្បាប់ លោក Mohamed Bazoum ចេញពីអំណាច។ រលងបាន ប៉ុន្មានខែ គឺនៅខែសីហា ឆ្នាំដដែល យោធានៃប្រទេសហ្កាបុង បានធ្វើរដ្ឋប្រហារដណ្ដើមអំណាចដឹកនាំប្រទេស។ នៅថៃវិញ គណបក្ស Move Forward Party ទទួលបានជ័យជម្នះជាមួយអាសនៈភាគច្រើននៅក្នុងការបោះឆ្នោតសកលកាលពីខែឧសភា ឆ្នាំ២០២៣ តែនៅទីបញ្ចប់ បែរក្លាយជា គណបក្សប្រឆាំងទៅវិញ។ នៅឥណ្ឌា ដែលជាប្រទេសប្រជាធិបតេយ្យធំជាងគេបំផុតនៅលោកពិភពលោក រដ្ឋាភិបាលនាយករដ្ឋមន្ត្រី លោក ម៉ូឌី បានបន្តប្រើច្បាប់ និងការសម្លុតគំរាមដើម្បីបំបិទមាត់ក្រុមអ្នករិះគន់ ក៏ដូចជារឹតត្បិតសេរីភាពបញ្ចេញមតិ។ នៅអឺរ៉ុប គណបក្សស្ដាំនិយមជ្រុលកាន់តែ មានប្រជាប្រិយភាពខ្លាំងឡើង ដោយអ្នកតាមដានខ្លះយល់ថាគោលនយោបាយរបស់ពួកគេគឺគំរាមកំហែងដល់ប្រជាធិបតេយ្យ និងសេរីភាព។ ចំណែក នៅសហរដ្ឋអាមេរិកឯណោះវិញ លោក ដូណាល់ ត្រាំ បានប្រកាសថាលោកនឹងមិនធ្វើជាជនផ្ដាច់ការទេ បើលោកជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក ម្ដងទៀតនៅខែវិច្ឆិកា ឆ្នាំ២០២៤ «លើកលែងតែនៅថ្ងៃមួយ»។ នេះមានន័យថាលោកអាចនឹងប្រើអំណាចប្រធានាធិបតី ដើម្បីកំណត់គោលដៅលើ សត្រូវនយោបាយរបស់លោក ហើយទាំងអស់នេះមិនមែនជារឿងល្អសម្រាប់ប្រជាធិបតេយ្យនោះទេ។

៩. ការរត់ប្រណាំងទីអវកាសកាន់តែឡើងកម្ដៅ៖ បច្ចុប្បន្ន មានប្រទេសចំនួន ៧៧ មានទីភ្នាក់ងារអវកាស ហើយក្នុងនោះមាន១៦ប្រទេស អាចបាញ់ បង្ហោះយានទៅកាន់ទីអវកាស តួយ៉ាងដូចជាឋានព្រះចន្ទដែលបណ្ដាប្រទេសភាគច្រើនចាប់អារម្មណ៍ខ្លាំងជាងគេ។ បេសកកម្មនៅឋានព្រះចន្ទរបស់រុស្ស៉ី បានទទួលបរាជ័យនៅក្នុងខែសីហា ឆ្នាំ២០២៣ ​នៅពេលយានចុះចតបានធ្លាក់លើផ្ទៃព្រះចន្ទ។ ប៉ុន្មានថ្ងៃក្រោយមក ឥណ្ឌាបានក្លាយជាប្រទេសទី៤ នៅលើពិភពលោកដែលទទួលជោគជ័យក្នុងការបាញ់បង្ហោះយានទៅឋានព្រះចន្ទ និងបានក្លាយជាប្រទេសដំបូងគេបំផុតដែលអាចបាញ់បង្ហោះយាន ទៅប៉ូលខាងត្បូងនៃឋានព្រះចន្ទ។ ២សប្ដាហ៍ក្រោយមកទៀត ឥណ្ឌា បានបាញ់បង្ហោះយានមួយផ្សេងទៀតទៅសិក្សាពីព្រះអាទិត្យ។ ចិន និងអាមេរិក ក៏មានមហិច្ឆតាលើកម្មវិធីឋានព្រះចន្ទដែរ ដោយក្នុងនោះអង្គការ NASA មានគោលដៅបញ្ជូនអវកាសយានិកទៅឋានព្រះចន្ទឡើងវិញនៅឆ្នាំ២០២៥។

៨. ឥណ្ឌាវ៉ាដាច់ចិនក្លាយជាប្រទេសមានប្រជាជនច្រើនជាងគេបំផុតនៅលើពិភពលោក៖ តាមការវាយតម្លៃរបស់អង្គការសហប្រជាជាតិ កាលពីខែមេសា ឆ្នាំ២០២៣ ឥណ្ឌាមានប្រជាជនសរុប ១.៤៣ពាន់លាននាក់ ធៀបទៅនឹងចិនមានប្រជាជនសរុប ១.៤២ពាន់លាននាក់ ហើយឥណ្ឌាក៏ត្រូវបានគេព្យាករ ដែរថានឹងបន្តកាន់តំណែងនេះរយៈពេល១០ឆ្នាំទៅមុខ ស្របពេលចំនួនប្រជាជនចិនកំពុងថយចុះ និងមានមនុស្សចាស់កាន់តែច្រើន។

៧. អាស៊ែបៃហ្សង់ ដណ្ដើមគ្រប់គ្រងបានតំបន់ Nagorno-Karabakh៖ អំឡុងឆ្នាំ១៩៩១ ពោលគឺក្រោយសូវៀតដួលរលំ តំបន់ Nagorno-Karabakh ដែលស្ថិតនៅលើទឹកដីអាស៊ែបៃហ្សង់ តែមានជនជាតិអាមេនីរស់នៅភាគច្រើន បានប្រកាសឯករាជ្យដែលបានបង្កទៅជាសង្រ្គាមរវាងអាស៊ែបៃហ្សង់ និងអាមេនី។ សង្រ្គាមនេះបានបញ្ចប់ក្នុងឆ្នាំ១៩៩៤ ដោយរុស្ស៉ីសម្របសម្រួលឱ្យមានបទឈប់បាញ់។ តែតំបន់ Nagorno-Karabakh នៅពេលនោះ បានក្លាយជាតំបន់មួយមានឯករាជ្យភាព ទោះបីជានៅលើក្រដាស តំបន់នេះត្រូវបានអន្តរជាតិទទួលស្គាល់ថាជាកម្មសិទ្ធិរបស់អាស៊ែបៃហ្សង់ក៏ដោយ។

នៅឆ្នាំ២០២០ សង្រ្គាមរវាងអាស៊ែបៃហ្សង់ និងអាមេនី ជុំវិញជម្លោះទឹកដី Nagorno-Karabakh បានផ្ទុះឡើងជាថ្មី និងអូសបន្លាយពេល ៦សប្ដាហ៍ ដោយអាស៊ែបៃហ្សង់ដណ្ដើមបានគ្រប់គ្រងទឹកដីនៃតំបន់នេះមួយផ្នែកធំ។ ចាប់តាំងពីនោះមក ភាពតានតឹងបានកើតឡើងជារឿយៗ ហើយរហូតដល់ ខែកញ្ញា ឆ្នាំ២០២៣ សង្រ្គាមបានផ្ទុះឡើងជាថ្មីម្ដងទៀត ហើយនៅលើកនេះដែរ អាស៊ែបៃហ្សង់បានអះអាងពីការគ្រប់គ្រងទាំងស្រុងលើតំបន់នេះ រីឯ ជនជាតិអាមេនីជិត ៨៥ភាគរយបានរត់ចាកចេញពីតំបន់ Nagorno-Karabakh ទៅកាន់ប្រទេសអាមេនី។

៦. សង្រ្គាមស៊ីវិលនៅស៊ូដង់ផ្ទុះឡើង៖ ឆ្នាំ២០២៣នេះគឺជាឆ្នាំមួយធ្លាប់ត្រូវបានគេសន្មត់ទុកថាអាចជាឆ្នាំដែលស៊ូដង់នឹងក្លាយជាប្រទេស ប្រជាធិបតេយ្យមួយ។ ប៉ុន្តែប្រជាជនស៊ូដង់ បែរជាត្រូវជួបប្រទះនឹងសង្រ្គាមស៊ីវិលទៅវិញ។ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ ទាហានប៉ារ៉ា RSF ដឹកនាំដោយឧត្តមសេនីយ៍ លោក Mohamed Hamdan Dagalo បានបើកការវាយប្រហារលើមូលដ្ឋានកងទ័ពស៊ូដង់របស់ឧត្តមសេនីយ៍ លោក Abdel Fattah al-Burhan។ សង្រ្គាមនៅស៊ូដង់បានសម្លាប់មនុស្សជាង ១០,០០០នាក់ និងមនុស្សជាង ៥.៦លាននាក់ បានភៀសខ្លួនចេញពីផ្ទះសម្បែង ឬចេញទៅប្រទេសក្បែងខាងដូចជា ឆាដ អេត្យូពី និងស៊ូដង់ខាងត្បូង។

៥. បញ្ញាសប្បនិម្មិត (AI)៖ ក្នុងឆ្នាំ២០២៣ កម្មវិធី ChatGPT ត្រូវបានដាក់ចេញដំណើរការជាផ្លូវការ និងទទួលបានការចាប់អារម្មណ៍ពីបណ្ដាក្រុមហ៊ុន និងរដ្ឋាភិបាលជាច្រើន។ ប៉ុន្តែ ព្រមពេលជាមួយគ្នា ChatGPT ឬបច្ចេកវិទ្យា AI ត្រូវបានក្រុមអ្នកជំនាញបង្ហាញទាំងពីចំណុចវិជ្ជមាន និងអវិជ្ជមាន នៅពេលអនាគត។ ចំណុចអវិជ្ជមានគឺពួកគេបារម្ភខ្លាចថា AI អាចជះផលអាក្រក់ដល់សង្គម និងមនុស្សជាតិ ជាពិសេសគឺដណ្ដើមការងារពីមនុស្ស។

៤. ភាពតានតឹងនៃទំនាក់ទំនងរវាងចិន និងសហរដ្ឋអាមេរិក៖ ចាប់ផ្ដើមឆ្នាំ២០២៣ ភាពតានតឹងរវាងចិន និងសហរដ្ឋអាមេរិកហាក់មានភាពធូរស្រាល ក្រោយលោក ចូ បៃដិន និងលោក ស៊ី ជីនពីង ជួបគ្នានៅកិច្ចប្រជុំកំពូល G20 នៅឯកោះបាលី ប្រទេសឥណ្ឌូណេស៊ី កាលពីខែវិច្ឆិកា ឆ្នាំ២០២២។ ប៉ុន្តែ នៅខែកុម្ភៈ ឆ្នាំ២០២៣ ភាពតានតឹងបានផ្ទុះឡើងខ្លាំងជាថ្មី ក្រោយយន្ដហោះចម្បាំងអាមេរិក បាញ់ទម្លាក់បាឡុងចិនមួយគ្រឿងក្នុងទឹកដីអាមេរិក ដែល មន្ទីរបញ្ចកោណចោទថាបាឡុងចារកម្ម។ តែចិនបដិសេធដោយអះអាងថាជាបាឡុងឧតុនិយមធម្មតាតែប៉ុណ្ណោះ។ ឧប្បត្តិហេតុនេះបាននាំទៅរក ការលុបចោលគម្រោងធ្វើដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ទៅកាន់ទីក្រុងប៉េកាំង ក្នុងខែកុម្ភៈ។

នៅខែមិថុនា ឆ្នាំ២០២៣ ទើបលោក Antony Blinken បំពេញទស្សកិច្ចទៅកាន់ទីក្រុងប៉េកាំង ដើម្បីជួបពិភាក្សាជាមួយថ្នាក់ដឹកនាំចិន ដែលក្រសួងការបរទេសអាមេរិកចាត់ទុកថាជាជំនួបប្រកបដោយលក្ខណៈស្ថាបនា។ ប៉ុន្តែ កិច្ចពិភាក្សាទាំងនេះមិនអាចរារាំងទីក្រុងវ៉ាស៊ីនតោន ពីការដាក់ទណ្ឌកម្ម និងការរឹតត្បិតបន្ថែមលើការធ្វើពាណិជ្ជកម្មជាមួយចិនបានឡើយ ហើយក៏មិនអាចបញ្ចុះបញ្ចូលឱ្យទីក្រុងប៉េកាំងបន្ធូរដៃ ក្នុងភាពតានតឹងជាមួយតៃវ៉ាន់ និងហ្វីលីពីនបាននោះដែរ។ រហូតដល់ខែវិច្ឆិកាកន្លងទៅនេះ លោក បៃដិន និងលោក ស៊ី ជីនពីង បានជួបគ្នាជាថ្មីនៅឯ កិច្ចប្រជុំកំពូល APEC ក្នុងទីក្រុង San Francisco។ ជំនួបនេះសម្រេចបានការឯកភាពគ្នាមួយចំនួនតូច តែមិនមែនជាកិច្ចព្រមព្រៀងធំដុំណាមួយទេ។

៣. ប្រតិបត្តិការវាយបករបស់អ៊ុយក្រែន សម្រេចបានលទ្ធផលតិចតួច តែលះបង់ច្រើន៖ ដំបូងឡើយ មានក្ដីសង្ឃឹមជាច្រើនក្នុងឆ្នាំ២០២៣នេះ ប្រតិបត្តិការវាយបកអ៊ុយក្រែនអាចនឹងទម្លុះខ្សែការពាររបស់កងទ័ពរុស្ស៉ី នៅសមរភូមិនៃតំបន់ភាគខាងកើតអ៊ុយក្រែន។ ប៉ុន្តែ ប្រតិបត្តិការវាយបកដែល បានធ្វើឡើងកាលពីខែមិថុនា សម្រេចបានលទ្ធផលតិចតួចប៉ុណ្ណោះ តែលះបង់ច្រើនទៅវិញ។ រីឯលោក ពូទីន និងក្រុមមន្ត្រីរុស្ស៉ីបាននិយាយម្ដងហើយ ម្ដងទៀតថាប្រតិបត្តិការវាយបករបស់អ៊ុយក្រែនបានទទួលបរាជ័យ។ បច្ចុប្បន្ន អ៊ុយក្រែនកំពុងជួបបញ្ហាធំដែរ នោះគឺជំនួយយោធាថ្មីកំពុងជាប់គាំងក្នុង សភាទាំង២របស់សហរដ្ឋអាមេរិក ដោយសារការជំទាស់ពីអ្នកតំណាងរាស្ត្រសាធារណរដ្ឋ ខណៈជំនួយយោធាថ្មីពីសហភាពអឺរ៉ុប ក៏កំពុងជាប់គាំដូចគ្នា ដោយសារតែការជំទាស់ពីហុងគ្រី។ ដូច្នេះថាតើលោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីនអាចនឹងយល់ព្រមបញ្ចប់សង្រ្គាម ឬក៏យ៉ាងណា វាកំពុងស្ថិតក្នុង ការជជែកវែកញែក។ ប៉ុន្តែ លោក ពូទីន អាចនឹងគិតថាពេលវេលាកំពុងឈរនៅខាងរូបលោក ជាពិសេសប្រសិនបើការបោះឆ្នោតរបស់សហរដ្ឋអាមេរិក នៅខែវិច្ឆិកា ឆ្នាំ២០២៤ ផលិតបានប្រធានាធិបតីអាមេរិកម្នាក់ដែលមានទំនោរប្រឆាំងនឹងការផ្ដល់ជំនួយយោធាសម្រាប់អ៊ុយក្រែន។

២. សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស៖ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ក្រុមហាម៉ាសប៉ាឡេស្ទីន ក្នុងតំបន់ហ្កាហ្សា បានបើកការវាយប្រហារ លើភាគខាងត្បូងរបស់អ៉ីស្រាអែល ដោយសម្លាប់មនុស្ស ១,១៣៩នាក់ ក្នុងនោះភាគច្រើនជាជនស៊ីវិល និងចាប់ខ្លួនមនុស្សជាច្រើននាក់ជាចំណាប់ខ្មាំង យកទៅកាន់តំបន់ហ្កាហ្សា។ ភ្លាមៗនោះដែរ អ៉ីស្រាអែលបានប្រកាសសង្រ្គាមជាមួយក្រុមហាម៉ាសដោយចាប់ផ្ដើមជាមួយការទម្លាក់គ្រាប់បែកលើតំបន់ ហ្កាហ្សាជាការសងសឹក មុននឹងបើកធ្វើសង្រ្គាមជើងគោកវាយលុកចូលតំបន់ហ្កាហ្សា។ តាមក្រសួងសុខាភិបាលហ្កាហ្សា គ្រប់គ្រងដោយក្រុមហាម៉ាស ការទម្លាក់គ្រាប់បែករបស់អ៉ីស្រាអែលចាប់តាំងពីថ្ងៃទី៧ ខែតុលាមក បានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ២០,៦៧៤នាក់ ភាគច្រើនជាជនស៊ីវិល ជាពិសេសស្ត្រី និងកុមារ។

១. ពិភពលោកកាន់តែឡើងកម្ដៅ៖ ឆ្នាំ២០២៣ គឺជាឆ្នាំជាប់កំណត់ត្រាក្ដៅបំផុត។ គ្រោះមហន្តរាយធម្មជាតិ បង្កឡើងដោយការប្រែប្រួលអាកាសធាតុ បានកើតឡើងនៅជុំវិញពិភពលោកជាពិសេសគ្រោះទឹកជំនន់។ ការប្រែប្រួលអាកាសធាតុ វាមិនមែនជាការគំរាមកំហែងនៅពេលអនាគតទៀតនោះទេ តែគឺជាការគំរាមកំហែងយ៉ាងពិតប្រាកដមួយសម្រាប់ពិភពលោកទាំងមូល ក្នុងពេលបច្ចុប្បន្នតែម្ដង៕