(ហ្សឺណែវ)៖ ប្រធានអង្គការសុខភាពពិភពលោក (WHO) បាននិយាយនៅថ្ងៃអង្គារ (ទី២៦ ខែធ្នូ) ថា ពិ​ភពលោកត្រូវតែរៀបចំឱ្យបានត្រឹមត្រូវ សម្រាប់ជំងឺរាតត្បាតនាពេលអនាគត បន្ទាប់ពីបញ្ចប់រយៈពេលបីឆ្នាំនៃ «វិបត្តិដ៏ឈឺចាប់ និងការបាត់បង់ដោយសារជំងឺកូវីដ១៩»។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣។

ថ្លែងនៅក្នុងសារចុងឆ្នាំ អគ្គនាយកអង្គការសុខភាពពិភព (WHO) លោក Tedros Adhanom Ghebreyesus បាននិយាយថា ឆ្នាំ ២០២៣ គឺជាចំណុចរបត់មួយក្នុងការប្រយុទ្ធប្រឆាំង នឹងបញ្ហាប្រឈមផ្នែកសុខភាពសំខាន់ៗ ប៉ុន្តែក៏បាននាំមកនូវ «ទុក្ខវេទនាដ៏ធំធេងដែលមិនអាចជៀសវាងបាន» ផងដែរ។

លោក Tedros ក៏បានអំពាវនាវឱ្យបង្កើនកិច្ចខិតខំប្រឹងប្រែង ផ្តល់ជំនួយសម្រាប់តំបន់ហ្គាហ្សាស្ទ្រីប និងបានជំរុញឱ្យបណ្តាប្រទេសនានាចុះកិច្ចព្រមព្រៀងស្តីអំពីរោគរាតត្បាត ដើម្បីបំពេញចន្លោះប្រហោងដែលបានកើតឡើង ក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ១៩ កន្លងទៅ។

លោកបានកត់សម្គាល់នៅក្នុងសារវីដេអូមួយដូច្នេះថា «វាជាចំណុចរបត់មួយសម្រាប់ពិភពលោក បន្ទាប់ពីវិបត្តិរយៈពេលបីឆ្នាំ នៃការឈឺចាប់ និងការបាត់បង់សម្រាប់មនុស្សនៅគ្រប់ទីកន្លែង។ ខ្ញុំ​សប្បាយ​ចិត្ត​ដែល​បាន​ឃើញ​ជីវិត​បាន​វិល​មក​រក​ភាព​ប្រក្រតី​វិញ»

លោក Tedros ក៏បានកត់សម្គាល់ផងដែរថា ផលប៉ះពាល់សុខភាពនៃការប្រែប្រួលអាកាសធាតុ ត្រូវបានបង្ហាញយ៉ាងច្បាស់នៅក្នុងសន្និសីទ ស្តីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិ (COP28) ដែលជាសន្និសីទប្រចាំឆ្នាំចុងក្រោយបង្អស់របស់អង្គការសហប្រជាជាតិ ដែលបានធ្វើឡើងកាលពីប៉ុន្មានសប្តាហ៍មុន។

គួរបញ្ជាក់ថា អង្គការសុខភាពពិភពលោក បានប្រកាសបញ្ចប់ជំងឺកូវីដ១៩ ជាគ្រាអាសន្នសុខភាពសាធារណៈអន្តរជាតិក្នុងខែឧសភាកន្លងទៅ៕

រូបភាពពី AFP