(តៃប៉ិ)៖ មេដឹកនាំជួរមុខដែលអាចនឹងក្លាយជាប្រធានាធិបតីកោះតៃវ៉ាន់ នៅថ្ងៃអង្គារ (ទី២៦ ខែធ្នូ) នេះ បាន ចោទប្រកាន់គណបក្សប្រឆាំងដ៏សំខាន់របស់កោះនេះថា បានក្បត់ឧត្តមគតិប្រឆាំងកុម្មុយនិស្តរបស់បុព្វបុរសរបស់ខ្លួន និងគាំទ្រប្រទេសចិនដោយបើកចំហ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣។

អនុប្រធានកោះតៃវ៉ាន់ លោក Lai Ching-te ដែលជាបេក្ខជនប្រធានាធិបតី នៃគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP) ដែលកំពុងកាន់អំណាច បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ផ្ទាល់លើកទី២ ស្តីពីគោលនយោបាយមុនការបោះឆ្នោតថា គណបក្ស Kuomintang (KMT) ដែលធ្លាប់បានដឹកនាំការប្រយុទ្ធប្រឆាំងនឹងកុម្មុយនិស្តចិន បច្ចុប្បន្ននេះមេដឹកនាំបក្សរបស់ពួកគេ «មិន​ត្រឹម​តែ​មិន​ប្រឆាំង​នឹង​កុម្មុយនិស្ត​ទេ ប៉ុន្តែពួក​គេ​ជា​អ្នក​គាំទ្រ​កុម្មុយនិស្តថែមទៀតផង»

ការបោះឆ្នោតប្រធានាធិបតី និងសភាដែលគ្រោងធ្វើនៅថ្ងៃទី ១៣ ខែមករាខាងមុខនេះ កើតឡើងចំពេលនៃការកើនឡើងសម្ពាធផ្នែកយោធា និងនយោបាយពីប្រទេសចិន ដើម្បីអះអាងការទាមទារអធិបតេយ្យភាពរបស់ខ្លួនលើកោះតៃវ៉ាន់។ ចិន​បាន​ពណ៌ លោក Lai ថា​ជា​អ្នក​បំបែក​ខ្លួន​ដ៏​គ្រោះថ្នាក់ ហើយ​បាន​ពណ៌នា​ការបោះឆ្នោត​ថា​ជា​ជម្រើស​រវាង​សង្រ្គាម និង​សន្តិភាព។

លោក Lai បាននិយាយដោយឈរក្បែរបេក្ខជនប្រធានាធិបតីរបស់គណៈបក្ស Kuomintang (KMT) លោក Hou Yu-ih ថា «រាល់ពេលមានការបោះឆ្នោតនៅតៃវ៉ាន់ ប្រទេសចិននឹងធ្វើអន្តរាគមន៍ក្នុងក្តីសង្ឃឹមនៃការគាំទ្ររដ្ឋាភិបាលចិន»

ប្រទេសចិនបានពណ៌នាការបោះឆ្នោតកោះតៃវ៉ាន់ថា ជាបញ្ហាផ្ទៃក្នុងរបស់ខ្លួនហើយថា ការចោទប្រកាន់ជ្រៀតជ្រែកពីសំណាក់បក្ស DPP គឺដើម្បីទាក់ទាញចំណាប់អារម្ម៍រកសន្លឹកឆ្នោតជប៉ុណ្ណោះ។

ថ្លែងទៅកាន់អ្នកសារព័ត៌មានក្រោយព្រឹត្តិការណ៍នេះ លោក Hou បានបរិហារនូវអ្វីដែលលោក Lai និយាយថា ជាការបង្កាច់បង្ខូច និងការខិតខំប្រឹងប្រែងដើម្បីលាបពណ៌គណបក្សរបស់លោក។

គួរបញ្ជាក់ថា ជាប្រពៃណីបក្ស KMT ពេញចិត្តទំនាក់ទំនងជិតស្និទ្ធជាមួយប្រទេសចិន ប៉ុន្តែបដិសេធយ៉ាងដាច់អហង្ការថា មិនគាំទ្រទីក្រុងប៉េកាំងទេ។ ដូចគ្នានឹងគណបក្ស DPP ដែរ គណបក្ស KMT និយាយថា មានតែប្រជាជនតៃវ៉ាន់ទេដែលអាចសម្រេចចិត្តអនាគតរបស់ពួកគេ៕

រូបភាពពី Reuters