(មូស្គូ)៖ នៅថ្ងៃអង្គារនេះ ទីក្រុងមូស្គូបាននិយាយថា ការវាយប្រហារមួយរបស់អ៊ុយក្រែន មកលើកំពង់ផែទីក្រុង Feodosia នៃតំបន់គ្រីមៀ បានបណ្តាលឱ្យនាវាចម្បាំងធំ ១គ្រឿងរបស់រុស្ស៉ីរងការខូចខាត ហើយសម្លាប់មនុស្សម្នាក់ បន្ទាប់ពីទីក្រុងកៀវបានអះអាងថា កងកម្លាំងខ្លួនបាន «កម្ទេច» នាវាយោធាសំខាន់មួយគ្រឿងរបស់រុស្ស៉ីនៅគ្រីមៀ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី២៦ ខែធ្នូ ឆ្នាំ២០២៣។
ក្រសួងការពារជាតិរុស្ស៉ី បាននិយាយថា អ៊ុយក្រែនបានប្រើប្រាស់មីស៉ីលបាញ់ចេញពីផ្ទៃអាកាស ដើម្បីវាយប្រហារលើ Feodosia ហើយនាវាយោធាឈ្មោះ Novocherkassk បានរងការខូចខាតអំលុងការវាយឆ្មក់នោះ។ នាវាយោធាធំនេះ បានចូលបម្រើកងទ័ពជើងទឹករុស្ស៉ី តាំងតែពីចុងទសវត្សរ៍ឆ្នាំ១៩៨០ ហើយវាត្រូវបានរចនាឡើង សម្រាប់ប្រតិបត្តិការបញ្ជូនកងទ័ពនិងសព្វាវុធ រួមមានទាំងរថពាសដែកព្រមទាំងរថក្រោះ តាមសមុទ្រឡើងទៅកាន់ដីគោក។ អភិបាលតំបន់គ្រីមៀដែលតែងតាំងដោយរុស្ស៉ី បានអះអាងថា ការវាយប្រហាររបស់អ៊ុយក្រែន បានសម្លាប់មនុស្សម្នាក់ បង្កឱ្យរបួស២នាក់ និងបង្ខំឱ្យ៦នាក់ទៀតជម្លៀសខ្លួន ចេញពីលំនៅដ្ឋាន។
គួរបញ្ជាក់ថា ទោះបីប្រតិបត្តិការវាយបកទ្រង់ទ្រាយធំរបស់អ៊ុយក្រែន មិនទទួលបានលទ្ធផលធំដុំនៅលើសមរភូមិ ដូចទៅតាមការរំពឹងទុក ហើយយោធារុស្ស៉ីហាក់ចាប់ផ្តើមមានប្រៀបឡើងវិញ នៅកន្លែងមួយចំនួនក៏ដោយក្តី អ៊ុយក្រែនអាចធ្វើសកម្មភាពវាយប្រហារជាបន្តបន្ទាប់ លើតំបន់គ្រីមៀ ដែលជាទីស្នាក់ការកណ្តាលនៃកងនាវាសមុទ្រខ្មៅរបស់កងទ័ពជើងទឹករុស្ស៉ី ហើយបង្កឱ្យមានការខូចខាតខ្លាំងគួរសម។ នាថ្ងៃអង្គារនេះ កងទ័ពអាកាសអ៊ុយក្រែន បានអះអាងថា ក្រុមពីឡុតរបស់ខ្លួនបានវាយប្រហារលើទីក្រុងកំពង់ផែ Feodosia ដោយប្រើមីស៉ីលគ្រូស ហើយបានកម្ទេចនាវា Novocherkassk របស់រុស្ស៉ីតែម្តង។ កាលពីខែមេសា ឆ្នាំ២០២២ គឺត្រឹមប៉ុន្មានខែក្រោយសង្រ្គាមឈ្លានពានរបស់រុស្ស៉ីផ្ទុះឡើង អ៊ុយក្រែនបានបាញ់ពន្លិចនាវាចម្បាំងរុស្ស៉ី Moskva ដែលជានាវាល្បីប្រចាំអង្គភាពសមុទ្រខ្មៅរបស់រុស្ស៉ី៕
រូបភាពពី Reuters