(វ៉ាស៉ីនតោន)៖ នៅថ្ងៃអង្គារនេះ អ៉ីរ៉ាក់បានចេញមុខថ្កោលទោស ការវាយប្រហារតាមផ្លូវអាកាសរបស់សហរដ្ឋអាមេរិក មកលើទឹកដីរបស់ខ្លួន ថាជាទង្វើបច្ចាមិត្ត បន្ទាប់ពីមន្ទីរបញ្ចកោណបាននិយាយថា យោធាអាមេរិកបានកំណត់គោលដៅវាយប្រហារ លើមូលដ្ឋាន៣កន្លែងនៅប្រទេសអ៉ីរ៉ាក់ ក្រោយបានរងការវាយប្រហារមុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី២៦ ខែធ្នូ ឆ្នាំ២០២៣។

រដ្ឋាភិបាលទីក្រុងបាកដាដ បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ការវាយប្រហារតាមផ្លូវអាកាសរបស់ទីក្រុងវ៉ាស៉ីនតោន បានសម្លាប់ជីវិត​សមាជិកម្នាក់នៃកងកម្លាំងសន្តិសុខអ៉ីរ៉ាក់ ព្រមទាំងបានបង្កឱ្យមនុស្សចំនួន ១៨នាក់ផ្សេងទៀតទទួលរងរបួស ដែលរួមមានទាំងជនស៉ីវិលផងដែរ ខណៈសកម្មភាពនោះ គឺជាការវាយប្រហារមិនអាចទទួលយកបានដាច់ខាត មកលើអធិបតេយ្យរបស់ប្រទេសអ៉ីរ៉ាក់ ដែលធ្វើឱ្យខូចទំនាក់ទំនងទ្វេភាគី។

គួរបញ្ជាក់ថា បើតាមមន្ទីរបញ្ចកោណ ទីតាំងក្នុងប្រទេសអ៉ីរ៉ាក់ ដែលយោធាអាមេរិកបានវាយប្រហារ កាលពីថ្ងៃចន្ទសប្តាហ៍នេះ គឺជាមូលដ្ឋាន៣កន្លែង ដែលត្រូវបានប្រើប្រាស់​ដោយកងកម្លាំងគាំទ្រដោយអ៉ីរ៉ង់ ហើយវាធ្វើឡើងដើម្បីសងសឹកចំពោះ ការវាយប្រហារមួយ ដែលបានបណ្តាលឱ្យ​កងទ័ពអាមេរិក៣នាក់រងរបួសធ្ងន់។ កងកម្លាំងយោធាអាមេរិក ដែលឈរជើងនៅអ៉ីរ៉ាក់និងស៉ីរី បានបន្តស្ថិតក្រោមការវាយប្រហារយ៉ាងហោច​ជាង១០០លើក គិតចាប់តាំងពីសង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាសបានផ្ទុះឡើង កាលពីថ្ងៃទី៧ ខែតុលាមក៕

រូបភាពពី AFP