(ប៉េកាំង)៖ អ្នកជំនាញជាន់ខ្ពស់ផ្នែកអាកាសធាតុមួយរូប បាននិយាយថា ចិនដែលបច្ចុប្បន្នកំពុងគ្របដណ្តប់ដោយ អាកាសធាតុដ៏ត្រជាក់បំផុត ចាប់តាំងពីដើមខែធ្នូមកនោះ ទំនងជាត្រូវទប់ទល់នឹងស្ថានភាពអាកាសធាតុក្តៅខ្លាំង នៅឆ្នាំ២០២៤ ដោយសារបាតុភូត El Nino។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៦ ខែធ្នូ ឆ្នាំ២០២៣។

ឆ្នាំ២០២៣នេះ ត្រូវបានគេមើលឃើញថា អាកាសធាតុក្តៅក្នុងប្រទេសចិនបានប្រែ មកជាត្រជាក់ខ្លាំងបំផុតនៅទូទាំងប្រទេស អស់រយៈពេលជិតពីរសប្តាហ៍មកនេះ។ ទូរទស្សន៍ CCTV បានដកស្រង់សម្តីរបស់ លោក ចូ ពីង (Zhou Bing) ប្រធានក្រុមអ្នកជំនាញ នៃមជ្ឈមណ្ឌលឧតុនិយមចិន ដែលបានគូសបញ្ជាក់ថា «២០២៤ ប្រហែលជាឆ្នាំដែលមានលក្ខណៈក្តៅខ្លាំង ហើយក៏អាចជាឆ្នាំដែលលក្ខខណ្ឌអាកាសធាតុ ប្រែជាក្តៅកាន់តែញឹកញាប់ និងមានឥទ្ធិពលជាងមុន»។

កាលពីរដូវក្តៅឆ្នាំ ២០២២ សីតុណ្ហភាពក្នុងទីក្រុងប៉េកាំង បានបំបែកកំណត់ត្រាក្តៅបំផុត ខណៈទីប្រជុំជនដាច់ស្រយាលមួយ នៅឯភាគពាយ័ព្យប្រទេសចិនមានសីតុណ្ហភាពរហូតដល់ ៥២អង្សាសេ រយៈពេល ១ថ្ងៃ។ ជាមួយគ្នានោះ ព្យុះទីហ្វុងក៏បាននាំមក នូវទឹកភ្លៀងដែលបំបែកកំណត់ត្រានៅភាគខាងជើងនៃប្រទេសចិនផងដែរ។

គួរបញ្ជាក់ថា El Nino សំដៅលើបាតុភូតអាកាសធាតុដែលកើតឡើងរៀងរាល់ ២ឆ្នាំទៅ ៧ឆ្នាំម្តង ដែលនាំឲ្យមានភ្លៀងធ្លាក់ខ្លាំង ព្យុះ ឬគ្រោះរាំងស្ងួតនៅតំបន់មួយចំនួននៃពិភពលោក។ សម្រាប់ឆ្នាំ ២០២៣នេះ បាតុភូត El Nino បានចាប់ផ្តើមនៅខែមិថុនា ហើយនាំមកនូវកំណត់ត្រាសីតុណ្ហភាពថ្មី នៅជុំវិញពិភពលោក។ អ្នកជំនាញអាកាសធាតុព្យាករថា បាតុភូត El Nino អាចនឹងថយចុះនៅចន្លោះខែមេសា និងមិថុនា ឆ្នាំ២០២៤ ប៉ុន្តែដោយសារតែឥទ្ធិពលនៃបាតុភូតនេះ ក្នុងរយៈពេលច្រើនខែ ដូចនេះអាចនឹងមានការបំបែកកំណត់ត្រាសីតុណ្ហភាពបន្ថែមទៀត សម្រាប់ឆ្នាំ២០២៤៕