(ម៉ានីល)៖ អ្នកនាំពាក្យយោធាហ្វីលីពីន លោក Medel Aguilar បាននិយាយនៅថ្ងៃអង្គារនេះថា ហ្វីលីពីនមិនមែនកំពុងបង្កជម្លោះ នៅឯតំបន់សមុទ្រចិនខាងត្បូងនោះទេ ដោយនេះជាការឆ្លើយតបទៅនឹងការចោទប្រកាន់របស់ចិន ដែលថាទីក្រុងម៉ានីល កំពុងរំលោភបំពានទឹកដីរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៦ ខែធ្នូ ឆ្នាំ២០២៣។

លោក Aguilar បានប្រាប់ទូរទស្សន៍រដ្ឋ យ៉ាងដូច្នេះថា «ហ្វីលីពីនមិនមែនកំពុងបង្កជម្លោះទេ យើងធ្វើតាមច្បាប់អន្តរជាតិ ហើយគ្រាន់តែអនុវត្តច្បាប់ក្នុងស្រុករបស់យើង មានន័យថានៅក្នុងដែនកំណត់នៃដែនទឹករបស់យើង និងតំបន់សេដ្ឋកិច្ចផ្តាច់មុខ ដែលយើងមានអធិបតេយ្យ»។ លោក Aguilar បាននិយាយថា ហ្វីលីពីនមិនប្រព្រឹត្តសកម្មភាពដែលអាចធ្វើឲ្យកប៉ាល់ និងអ្នកធ្វើដំណើរក្នុងសមុទ្រមានគ្រោះថ្នាក់នោះទេ ហើយមានតែចិនទេដែលបានធ្វើសមយុទ្ធដ៏គ្រោះថ្នាក់ ដោយជួនកាលបណ្តាលឲ្យមានការប៉ះទង្គិចគ្នានៅសមុទ្រ។

ការអត្ថាធិប្បាយនេះ ធ្វើឡើងមួយថ្ងៃបន្ទាប់ពីកាសែតរដ្ឋចិន People's Daily បានសរសេរថា ហ្វីលីពីនពឹងផ្អែកលើ ការគាំទ្ររបស់សម្ព័ន្ធមិត្ត ដើម្បីបន្តបង្ករឿងជាមួយចិន ដែលបានធ្វើប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។ នៅថ្ងៃអង្គារនេះដែរ ក្រសួងការបរទេសចិនប្រចាំនៅទីក្រុងម៉ានីល ក៏បានចោទប្រកាន់ហ្វីលីពីនថា កំពុងបង្កឲ្យមានភាពតានតឹងថែមទៀត តាមរយៈការបន្តផ្គត់ផ្គង់ទៅកាន់នាវាកងទ័ពជើងទឹករបស់ខ្លួន ដែលកំពុងឈរជើងលើខ្មោចកប៉ាល់នៅចំណុចថ្មប៉ប្រេះទឹក Second Thomas Shoal។

គួរបញ្ជាក់ថា ភាពតានតឹងរវាងទីក្រុងម៉ានីល និងទីក្រុងប៉េកាំង កាន់តែកើនឡើងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដោយភាគីទាំងពីរបានចោទប្រកាន់គ្នាទៅវិញទៅមក ជុំវិញការប្រឈមមុខដាក់គ្នានៅដែនសមុទ្រជាបន្តបន្ទាប់៕

រូបភាពពី Reuters