(ញូវដែលី)៖ កងទ័ពជើងទឹកឥណ្ឌា បានប្រកាសកាលពីយប់ថ្ងៃចន្ទសប្តាហ៍នេះថា ខ្លួននឹងដាក់ពង្រាយនាវាចម្បាំងបំពាក់មីស៉ីលប៉ុន្មានគ្រឿង ទៅកាន់តំបន់សមុទ្រអារ៉ាប់ បន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង ដែលមានទំនាក់ទំនងជាមួយអ៉ីស្រាអែល បានរងការវាយប្រហារនៅកៀក​ឆ្នេរសមុទ្ររបស់ឥណ្ឌា កាលពីចុងសប្តាហ៍កន្លងទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី២៦ ខែធ្នូ ឆ្នាំ២០២៣។

សេចក្តីថ្លែងការណ៍របស់កងទ័ពជើងទឹកឥណ្ឌា បានឱ្យដឹងថា កងទ័ពជើងទឹកឥណ្ឌា កំពុងស៉ើបអង្កេតស្ថានភាពជាក់លាក់ ជុំវិញករណីវាយប្រហារលើ កប៉ាល់ដឹកសារធាតុគីមីឈ្មោះ MV Chem Pluto ដែលបានចូលចតនៅកំពង់ផែទីក្រុង Mumbai កាលពីថ្ងៃចន្ទ ខណៈ​របាយការណ៍ដំបូងបានចង្អុលទៅកាន់ ការវាយប្រហារដោយយន្តហោះដ្រូន។ សេចក្តីថ្លែងការណ៍ដដែល បានបន្តយ៉ាងដូច្នេះថា «ដោយសារមានករណីវាយប្រហារជាបន្តបន្ទាប់ នៅម្តុំតំបន់សមុទ្រអារ៉ាប់ កងទ័ពជើងទឹកឥណ្ឌាបានសម្រេចចិត្ត ​ដាក់ពង្រាយនាវាបំពាក់មីស៉ីល INS Mormugao, INS Kochi និង INS Kolkata ទៅកន្លែងផ្សេងៗនៃតំបន់សមុទ្រនេះ ដើម្បីជាវិធានការទប់ស្កាត់»។

គួរបញ្ជាក់ថា កាលពីថ្ងៃដដែល អ្នកនាំពាក្យក្រសួងការបរទេសអ៉ីរ៉ង់ បានចេញមុខច្រានចោលការអះអាងរបស់សហរដ្ឋអាមេរិក ដែលចោទថា ទីក្រុងតេហេរ៉ង់ ជាអ្នកនៅពីក្រោយការវាយប្រហារលើកប៉ាល់ MV Chem Pluto ដោយថា វាជាការចោទប្រកាន់គ្មានមូលដ្ឋាន។ ការបដិសេធនេះធ្វើឡើង ក្រោយមន្ទីរបញ្ចកោណអាមេរិក បានអះអាងកាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ យន្តហោះដ្រូន១គ្រឿង ដែលបាញ់ចេញពីប្រទេសអ៉ីរ៉ង់ បានវាយប្រហារចំកប៉ាល់នោះ នៅមហាសមុទ្រឥណ្ឌា ត្រង់ចំណុចមានចម្ងាយប្រហែល ៣៧០គីឡូម៉ែត្រ​ពីឆ្នេរសមុទ្រឥណ្ឌា៕

រូបភាពពី Reuters