(តៃប៉ិ)៖ ក្រសួងការពារជាតិតៃវ៉ាន់នាថ្ងៃអង្គារនេះ បាននិយាយថា តៃវ៉ាន់មើលមិនឃើញសញ្ញាណាមួយ នៃការត្រៀមធ្វើសកម្មភាពយោធាទ្រង់ទ្រាយធំរបស់ចិន នៅមុនការបោះឆ្នោតនាខែក្រោយនោះទេ ប៉ុន្តែមិនធ្វេសប្រហែសឡើយ គឺនឹងបន្តការឃ្លាំមើលឱ្យដិតដល់លើចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី២៦ ខែធ្នូ ឆ្នាំ២០២៣។
តៃវ៉ាន់នឹងរៀបចំការបោះឆ្នោតជ្រើសរើសមេដឹកនាំអាណត្តិថ្មី នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤។ ស្របពេលដែលការបោះឆ្នោតកំពុងខិតកាន់តែកៀក តៃវ៉ាន់បានបន្តរាយការណ៍អំពីវត្តមានយន្តហោះនិងនាវាចម្បាំងចិន នៅក្បែរៗដែនកោះខ្លួន ព្រមទាំងបាឡុងមួយចំនួនផងដែរ ប៉ុន្តែបាឡុងទាំងនោះ ត្រូវបានយោធាតៃវ៉ាន់អះអាងថា ទំនងជាបាឡុងសម្រាប់វិស័យឧតុនិយម ដែលត្រូវបានខ្យល់ខ្លាំងបក់ឱ្យរសាត់។
នៅថ្ងៃអង្គារនេះ លោក Sun Li-fang អ្នកនាំពាក្យក្រសួងការពារជាតិតៃវ៉ាន់ បានប្រាប់ក្រុមអ្នកសារព័ត៌មាន នៅទីក្រុងតៃប៉ិ ដូច្នេះថា «មកទល់ពេលនេះ ពួកយើងមិនឃើញមានសញ្ញាដែលឱ្យតំរុយថា ចិនកំពុងត្រៀមធ្វើសកម្មភាពទ្រង់ទ្រាយធំណាមួយឡើយ។ ប៉ុន្តែខណៈពុំមានអ្វីកើតឡើងនាពេលនេះ មិនមែនមានន័យថា វានឹងគ្មានដូចគ្នានៅថ្ងៃស្អែក ឬក៏ខានស្អែកនោះទេ។ ដូច្នេះហើយ យើងកំពុងបន្តតាមឃ្លាំមើលជាប់ជានិច្ច»។
គួរបញ្ជាក់ថា អំលុងពេលប្រមាណជាង១ឆ្នាំកន្លះមកនេះ ចិនធ្លាប់បានធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំចំនួន២លើក នៅក្បែរកោះតៃវ៉ាន់។ ក្នុងនោះមួយលើកធ្វើឡើង អំលុងទស្សនកិច្ចរបស់លោកស្រី Nancy Pelosi មកកាន់ទីក្រុងតៃប៉ិ កាលពីខែសីហា ឆ្នាំ២០២២ ខណៈកាលនោះ លោកស្រីគឺជាប្រធានសភាតំណាងរាស្រ្តអាមេរិក។ រីឯមួយលើកទៀតធ្វើឡើង អំលុងជំនួបនៅរដ្ឋ California នៃសហរដ្ឋអាមេរិក កាលពីខែមេសា ឆ្នាំនេះ រវាងមេដឹកនាំតៃវ៉ាន់ លោកស្រី Tsai Ing-wen ជាមួយលោក Kevin McCarthy ដែលពេលនោះ កាន់តំណែងជាប្រធានសភាតំណាងរាស្រ្តអាមេរិក បន្ទាប់ពីលោកស្រី Pelosi៕
រូបភាពពី AFP