(ហ៊្សេរុយសាឡិម)៖ នាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu កាលពីយប់ថ្ងៃចន្ទសប្តាហ៍នេះ បានគូសបញ្ជាក់ជាថ្មី នូវបុរេលក្ខខណ្ឌសម្រាប់សន្តិភាព រវាងប្រទេសរបស់លោកនិងប៉ាឡេស្ទីន ដែលក្នុងនោះគឺរួមមាន ការកម្ទេចក្រុមហាម៉ាសឱ្យបានជាដាច់ខាត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី២៦ ខែធ្នូ ឆ្នាំ២០២៣។

ក្នុងអត្ថបទទស្សនៈមួយចេញផ្សាយដោយ កាសែតអាមេរិក Wall Street Journal លោក Netanyahu បានលើកឡើងដូច្នេះថា «ហាម៉ាសចាំបាច់ត្រូវតែកម្ទេចចោល តំបន់ហ្កាហ្សាត្រូវតែរំលាយអាវុធ ហើយសង្គមប៉ាឡេស្ទីន ត្រូវតែលាងជម្រះផ្នត់គំនិតជ្រុលនិយម។ ចំណុចទាំងនេះគឺជាបុរេលក្ខខណ្ឌទាំង៣ សម្រាប់ការឆ្ពោះទៅរកសន្តិភាព រវាងអ៉ីស្រាអែលនិងជនជាតិប៉ាឡេស្ទីននៅហ្កាហ្សា»

កាលពីថ្ងៃចន្ទ លោក Netanyahu ក៏បានចុះជួបកងទ័ពអ៉ីស្រាអែល នៅភាគខាងជើងតំបន់ហ្កាហ្សាផងដែរ។ ទន្ទឹមគ្នា លោកបានប្រាប់​ក្រុមសមាជិកសភានៃគណបក្ស Likud របស់លោកថា សង្រ្គាមនឹងនៅអូសបន្លាយយូរតទៀត ដោយមិនទាន់ចប់ឆាប់ៗឡើយ។ លោក Netanyahu បាននិយាយដូច្នេះថា «ពួកយើងមិនឈប់នោះទេ។ សង្រ្គាមនឹងបន្តរហូតដល់ទីបញ្ចប់។ យើងនឹងបង្កើនការប្រយុទ្ធថែមទៀត ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ»។

គួរបញ្ជាក់ថា ចំពោះមុខសង្រ្គាមដ៏បង្ហូរឈាមប្រឆាំងក្រុមហាម៉ាស ដែលជាការសងសឹកចំពោះការឆ្មក់វាយលុកទ្រង់ទ្រាយធំ របស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនមួយនេះ មកលើខ្លួនកាលពីថ្ងៃទី៧ ខែតុលា អ៉ីស្រាអែលកំពុងស្ថិតក្រោមសម្ពាធពីសំណាក់ ​សម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់ខ្លួនគឺសហរដ្ឋអាមេរិក ឱ្យបន្ធូរដៃប្រតិបត្តិការយោធានៅហ្កាហ្សា ដើម្បីកាត់បន្ថយចំនួនស្លាប់នៃជនស៉ីវិល។ បើតាមអាជ្ញាធរតំបន់ហ្កាហ្សា គិតមកទល់ពេលនេះ ជនជាតិប៉ាឡេស្ទីនសរុបជិត ២០,៧០០នាក់ហើយ ត្រូវបានសម្លាប់ក្នុងសង្រ្គាម​របស់អ៉ីស្រាអែល។ រីឯកងទ័ពអាមេរិក ក៏បានស្ថិតក្រោមគោលដៅវាយប្រហារ ពីក្រុមសកម្មប្រយុទ្ធដែលគាំទ្រដោយអ៉ីរ៉ង់ នៅប្រទេសអ៉ីរ៉ាក់ និងស៉ីរីផងដែរ សម្រាប់ការគាំទ្ររបស់ទីក្រុងវ៉ាស៉ីនតោនចំពោះអ៉ីស្រាអែល ក្នុងសង្រ្គាមប្រឆាំងហាម៉ាស នៅតំបន់ហ្កាហ្សាស្រ្ទីប (Gaza Strip)៕

រូបភាពពី Reuters