(កៀវ)៖ នៅថ្ងៃអង្គារនេះ កងទ័ពអាកាសអ៊ុយក្រែន បានអះអាងថា ខ្លួនបានកម្ទេចនាវាយោធារុស្ស៉ីមួយគ្រឿងនៅតំបន់គ្រីមៀ ដែលជាប់​សង្ស័យមានផ្ទុកយន្តហោះដ្រូន សម្រាប់ប្រើប្រាស់ក្នុងសង្រ្គាមរបស់ទីក្រុងមូស្គូ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី២៦ ខែធ្នូ ឆ្នាំ២០២៣។

យោធាអ៊ុយក្រែនបានប្រកាសនៅលើប្រព័ន្ធ Telegram ថា នាវាយោធារុស្ស៉ីឈ្មោះ Novocherkassk «ត្រូវបានកម្ទេច» ក្រោមស្នាដៃ របស់ក្រុមអាកាសយានិកទ័ពអាកាសអ៊ុយក្រែន ខណៈនាវានោះជាប់សង្ស័យមានដឹកយន្តហោះដ្រូន Shahed ជាយន្តហោះដ្រូនអត្តឃាត ដែលរុស្ស៉ីប្រើប្រាស់ជាប្រចាំ ក្នុងការវាយប្រហារតាមផ្លូវអាកាសប្រឆាំងអ៊ុយក្រែន។ ក្នុងសេចក្តីប្រកាសនោះ មិនបានបញ្ជាក់ពីទីតាំងឡើយ ប៉ុន្តែមេបញ្ជាការទ័ពអាកាសអ៊ុយក្រែនម្នាក់ បានបង្ហោះឃ្លីបវិដេអូមួយ បង្ហាញពីការផ្ទុះឆេះនៅមូលដ្ឋានទ័ពជើងទឹករុស្ស៉ី Feodosia ជាប់​សមុទ្រខ្មៅ ក្នុងតំបន់ឧបទ្វីបគ្រីមៀ ជាឧបទ្វីបដែលរុស្ស៉ីក្រសោបយកពីអ៊ុយក្រែន កាលពីឆ្នាំ២០១៤។

គួរបញ្ជាក់ថា អ៊ុយក្រែនបានធ្វើសកម្មភាពវាយប្រហារជារឿយៗ លើតំបន់គ្រីមៀ ជាពិសេសដោយកំណត់គោលដៅលើកងកម្លាំងរុស្ស៉ី ដែល​ឈរជើងនៅទីនោះ។ កាលពីខែមេសា ឆ្នាំ២០២២ គឺត្រឹមប៉ុន្មានខែក្រោយសង្រ្គាមឈ្លានពានរបស់រុស្ស៉ីផ្ទុះឡើង អ៊ុយក្រែនបានបាញ់ពន្លិច​នាវាចម្បាំងរុស្ស៉ី Moskva ដែលជានាវាល្បីប្រចាំអង្គភាពសមុទ្រខ្មៅរបស់រុស្ស៉ី៕

រូបភាពពី Reuters