(កៀវ)៖ អត្ថបទនៃសេចក្តីព្រាងច្បាប់មួយដែលបានបង្ហោះនៅលើគេហទំព័ររបស់សភាអ៊ុយក្រែន កាលពីថ្ងៃចន្ទសប្តាហ៍នេះ បានស្នើឲ្យបន្ថយអាយុ នៃអ្នកដែលអាចត្រូវបានកែន ឲ្យចូលរួមប្រយុទ្ធពី ២៧ឆ្នាំមកនៅត្រឹម ២៥ឆ្នាំវិញ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៦ ខែធ្នូ ឆ្នាំ២០២៣។

អត្ថបទនេះបានរៀបរាប់លម្អិតថា ពលរដ្ឋអ៊ុយក្រែនដែលតម្រូវឲ្យចុះឈ្មោះជាទាហាន អនុវត្តតែចំពោះអ្នកដែលមានអាយុ ២៥ឆ្នាំប៉ុណ្ណោះ។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានប្រាប់សន្និសីទប្រចាំកាលពីពេលថ្មីៗនេះថា យោធាបានស្នើឲ្យកែនកងទ័ពពីចំនួន ៤៥០,០០០នាក់ទៅ ៥០០,០០០នាក់បន្ថែម។ ប៉ុន្តែ វាជាបញ្ហា «រសើបខ្លាំង» ដែលយោធា និងរដ្ឋាភិបាលត្រូវពិភាក្សាគ្នាសិន មុននឹងសម្រេច ថាតើត្រូវបញ្ជូនទៅសភាឬយ៉ាងណា? ចំណែក លោក David Arakhamia ប្រធានសភាមកពីគណបក្សរបស់លោក ហ្សេលេនស្គី បាននិយាយថា រដ្ឋាភិបាលកំពុងធ្វើការលើសេចក្តីព្រាងច្បាប់នេះ តបតាមសំណើរបស់យោធា ប៉ុន្តែត្រូវការអំណះអំណាងបន្ថែមទៀត។

គួរបញ្ជាក់ថា ការផ្លាស់ប្តូរតួលេខនៃអាយុអ្នកដែលត្រូវជ្រើសរើស ឲ្យចូលបម្រើក្នុងជួរកងទ័ព ធ្វើឡើងខណៈសង្រ្គាមរវាងអ៊ុយក្រែន និងរុស្ស៉ី បានឈានចូលដល់ខែទី២២ និងមិនទាន់មានសញ្ញានៃការបិទបញ្ចប់នោះទេ៕

រូបភាពពី Reuters