(ហាណូយ)៖ ប៉ូលិសនៅក្នុងប្រទេសវៀតណាម បានចាប់ខ្លួនមន្រ្តីជាន់ខ្ពស់ថ្នាក់ខេត្តមួយរូប កាលពីថ្ងៃចន្ទសប្តាហ៍នេះ នៅក្នុងករណីស៉ើបអង្កេត ពាក់ព័ន្ធនឹងការបូមខ្សាច់ ដោយខុសច្បាប់។ នេះបើតាមរដ្ឋាភិបាលវៀតណាម ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៦ ខែធ្នូ ឆ្នាំ២០២៣។

ក្រសួងសន្តិសុខសាធារណរបស់វៀតណាម បានឲ្យដឹងនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា លោក Nguyen Thanh Binh ជាប្រធានគណៈកម្មាធិការប្រជាជននៃខេត្ត An Giang ស្ថិតនៅលើតំបន់ដីសណ្តទន្លេមេគង្គ និងជាចំណុចក្តៅសម្រាប់អាជីវកម្មបូមខ្សាច់ ត្រូវបានចាប់ខ្លួនដោយសង្ស័យពីបទរំលោភអំណាច។ តាមសេចក្ដីថ្លែងការណ៍នេះដដែល លោក Binh មានអាយុ៥៩ឆ្នាំ បានរំលោភអំណាច តាមរយៈការធ្វើអន្តរាគមន៍ជួយសម្រួលឲ្យក្រុមហ៊ុន Trung Hau 68 អាចធ្វើអាជីវកម្មបូមខ្សាច់លើសចំណុះក្នុងខេត្ត An Giang ជាថ្នូរនឹងលុយ ដាក់ចូលហោប៉ៅយ៉ាងច្រើន។ ប៉ូលិសវៀតណាម ក៏បានឲ្យដឹងផងដែរថា កន្លងមកក្រុមហ៊ុន Trung Hau 68 បានបូមខ្សាច់ជាង ៤.៧លានម៉ែត្រគូប ទោះបីជាមានអាជ្ញាប័ណ្ណដើម្បីបូមយកត្រឹមតែ ១ភាគ ៣ក៏ដោយ។

គួរបញ្ជាក់ថា ការបូមខ្សាច់ សម្រាប់បម្រើឲ្យការសាងសង់ កំពុងរីកដុះដាលនៅក្នុងប្រទេសវៀតណាម នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែល ជំរុញឲ្យមានការព្រមានយ៉ាងខ្លាំងអំពីផលប៉ះពាល់ចំពោះបរិស្ថាន ដោយសារតែការបូមលើសតម្រូវការ។ បើតាមប៉ូលិសវៀតណាម តាំងពីថ្ងៃអាទិត្យ និងថ្ងៃចន្ទមក ការិយាល័យក៏ដូចជាលំនៅដ្ឋានរបស់មន្ត្រីដែលកាន់តំណែងខ្ពស់បំផុតនៅក្នុងខេត្ត ចាប់តាំងពីខែឧសភា ឆ្នាំ ២០១៩ ត្រូវបានឆែកឆេរ៕

រូបភាពពីប្រព័ន្ធផ្សព្វផ្សាយវៀតណាម