(មូស្គូ)៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៉ី លោក Sergei Shoigu កាលពីថ្ងៃចន្ទ ទី២៥ ខែធ្នូនេះ បានអះអាងថាកងកម្លាំងរុស្ស៉ី បានវាយដណ្ដើមគ្រប់គ្រងទាំងស្រុង លើទីក្រុង Maryinka ដែលជាទីក្រុងមួយស្ថិតនៅភាគខាងកើតនៃប្រទេសអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការអះអាងរបស់លោក Sergei Shoigu ធ្វើឡើងដោយប្រាប់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីនដោយផ្ទាល់ ដែលជាជ័យជម្នះដ៏សំខាន់មួយ ចាប់តាំងពី កងកម្លាំងរុស្ស៉ីវាយដណ្ដើមបានទីក្រុង Bakhmut ពីអ៊ុយក្រែន កាលពីខែឧសភាកន្លងទៅ។ Maryinka ជាទីក្រុងមួយស្ថិតនៅក្នុងតំបន់ Donetsk ភាគខាងកើតប្រទេសអ៊ុយក្រែន។ លោក ពូទីន បាននិយាយថាការគ្រប់គ្រងទីក្រុង Maryinka ដែលធ្លាប់មានប្រជាជនរស់នៅ ១០,០០០នាក់ និងសព្វថ្ងៃ ត្រូវបានគេចាត់ទុកថាជាទីក្រុងខ្មោចទៅហើយនេះ នឹងអនុញ្ញាតឱ្យកងកម្លាំងរុស្ស៉ីវាយបណ្ដេញកងកម្លាំងសត្រូវចេញពីតំបន់ Donetsk។

គួរបញ្ជាក់ថា ជ័យជម្នះធំចុងក្រោយបំផុតរបស់រុស្ស៉ី គឺការវាយដណ្ដើមគ្រប់គ្រងទីក្រុង Bakhmut កាលពីខែឧសភាកន្លងទៅ ហើយអ៊ុយក្រែនបានបើក ប្រតិបត្តិការវាយបកកាលពីខែមិថុនា ដើម្បីដណ្ដើមទឹកដីរបស់ខ្លួនមកវិញនៅភាគខាងត្បូង និងភាគខាងកើតនៃប្រទេស ក្នុងនោះរួមមានទាំងទីក្រុង Bakhmut។ ប៉ុន្តែ ប្រតិបត្តិការវាយបកនេះបានប្រឈមមុខនឹងការទប់ទល់យ៉ាងខ្លាំងពីកងកម្លាំងរុស្ស៉ី ដោយកងកម្លាំងអ៊ុយក្រែនសម្រេចបានភាពជឿនលឿនទៅមុខ តិចតួចប៉ុណ្ណោះ។ អ៊ុយក្រែនក៏កំពុងប្រឈមមុខនឹងបញ្ហាធំផងដែរ នោះគឺជំនួយយោធាថ្មីពីសហរដ្ឋអាមេរិក និងពីសហភាពអឺរ៉ុប កំពុងជាប់គាំង ខណៈ មានការព្រមានថាលោក ពូទីន អាចនឹងឈ្នះនៅក្នុងសង្រ្គាមអ៊ុយក្រែន ប្រសិនបើលោកខាងលិចកាត់បន្ថយ ឬបញ្ឈប់ការគាំទ្រដល់ទីក្រុងកៀវ៕

រូបភាពពី Reuters