(មូស្គូ)៖ មេដឹកនាំក្រុមប្រឆាំងនៅក្នុងប្រទេសរុស្ស៉ី និងជាអ្នកហ៊ានចេញមុខរិះគន់ឥតសំច្ចៃមាត់លើលោក ពូទីន គឺលោក Alexei Navalny ត្រូវបានបញ្ជាក់ថា នៅរស់រានមានជីវិត និងត្រូវបានផ្ទេរទៅឃុំខ្លួនក្នុងពន្ធនាគារមួយស្ថិតនៅតំបន់ស៊ីបេរី។ នេះបើតាមអ្នកនាំពាក្យម្នាក់របស់លោក Navalny ដកស្រង់ចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៦ ខែធ្នូ ឆ្នាំ២០២៣។

អ្នកនាំពាក្យរបស់លោក Navalny លោកស្រី Kira Yarmysh បានបញ្ជាក់កាលពីថ្ងៃចន្ទ ទី២៥ ខែធ្នូដូច្នេះថា «យើងបានរកឃើញលោក Alexei Navalny នៅភាគខាងជើងនៃប្រទេសរុស្ស៉ី»។ ក្រុមការងាររបស់លោក Navalny បានបាត់ការទាក់ទងជាមួយរូបលោក ចាប់តាំងពីថ្ងៃទី៦ ខែធ្នូ បន្ទាប់ពីមានដំណឹងថា មេដឹកនាំក្រុមប្រឆាំងរុស្ស៉ីរូបនេះត្រូវបានផ្ទេរចេញពីពន្ធនាគារ Melekhovo ដែលលោកធ្លាប់ជាប់ឃុំស្ថិតនៅចម្ងាយ២៣៥គីឡូម៉ែត្រភាគខាងកើតទីក្រុងមូស្គូ។

បើតាមលោកស្រី Yarmysh ក្រុមមេធាវីរបស់លោក Navalny បានជួបរូបលោកហើយកាលពីថ្ងៃចន្ទ និងបញ្ជាក់ថាលោក Navalny មានសុខភាពល្អធម្មតា។ លោកស្រីបន្ថែមថាលោក Navalny បច្ចុប្បន្ន កំពុងជាប់ឃុំក្នុងពន្ធនាគារ IK-3 ក្នុងទីក្រុង Kharp នៃតំបន់ស្វយ័ត Yamal-Nenets ក្នុងតំបន់ស៊ីបេរី ស្ថិតនៅ ចម្ងាយប្រហែល ១,៩០០គីឡូម៉ែត្រពីភាគឦសានទីក្រុងមូស្គូ។

គួរបញ្ជាក់ថា ពន្ធនាគារ IK-3 ឬមានរហស្សនាមថា «ចចកតំបន់ប៉ូល ឬ Polar Wolf» ត្រូវបានគេចាត់ទុកថាជាពន្ធនាគារដ៏តឹងរ៉ឹងបំផុតមួយក្នុងប្រទេសរុស្ស៉ី ដោយភាគច្រើននៃអ្នកជាប់ឃុំគឺជាអ្នកទោសត្រូវបានកាត់ទោសពីបទឧក្រិដ្ឋធ្ងន់ធ្ងរបំផុត។ ចំណែក សហរដ្ឋអាមេរិកក៏បានសម្ដែងការព្រួយបារម្ភផងដែរចំពោះ សុខមាលភាពរបស់លោក Navalny ផងដែរ៕

រូបភាពពី Reuters